Connect with us

ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញ ចេញ​បដិសេធចោល​ទាំងស្រុង​អំពីកិច្ចសហប្រតិបត្តិការជាមួយអាមេរិក​ក្នុងសង្គ្រាមអ៊ីរ៉ង់

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares នៅ​ថ្ងៃពុធទី៤ខែមីនា បានបដិសេធយ៉ាងដាច់អហង្ការ ថា ទីក្រុងម៉ាឌ្រីដបានយល់ព្រម​ចំពោះ​កិច្ច​សហការជាមួយយោធាអាមេរិកទាក់ទងនឹង​ជម្លោះ​​​សង្គ្រាម​នៅ​អ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម។ នេះបើយោងតាមរបាយការណ៍ពី thehill បានចុះផ្សាយ។

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ពីសេតវិមាន លោក Albares បានប្រាប់វិទ្យុ Cadena SER ថា «ជំហររបស់រដ្ឋាភិបាលអេស្ប៉ាញលើសង្គ្រាមនៅមជ្ឈិមបូព៌ា ការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ និងការប្រើប្រាស់មូលដ្ឋាន​ទ័ព​​​របស់យើងមិនបានផ្លាស់ប្តូរអ្វីទាំងអស់។ ខ្ញុំពិតជាមិនដឹងថា សេចក្តីថ្លែងការណ៍របស់សេតវិមានចេញមកពី​ប្រភព​ណា​នោះ​ទេ ឬអាចសំដៅទៅលើអ្វី​នោះ​ឡើយ»។

​​មុន​កា​រអះអា​ង​របស់ភាគី​​​អេស្ប៉ាញ១​ថ្ងៃមុន លោកត្រាំ បានគំរាមថា អាមេរិក​នឹង «កាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់» ជាមួយ​អេស្ប៉ាញ​ បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញបានបដិសេធមិនអនុញ្ញាតឲ្យយន្តហោះអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក និងអាកាសដែលដំណើរការដោយភាគីទាំងពីរនៅភាគខាងត្បូងនៃប្រទេស ដើម្បីបម្រើយុទ្ធនាការប្រឆាំងនឹងទីក្រុងតេហេរ៉ង់។

ដោយឡែក នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានបញ្ជាក់ជាថ្មីនូវជំហររបស់ទីក្រុងម៉ាឌ្រីដប្រឆាំងនឹងសង្គ្រាម ដោយធ្វើការព្រមានថា ជម្លោះបច្ចុប្បន្នប្រឈមនឹងហានិភ័យនៃការបង្កគ្រោះមហន្តរាយទ្រង់ទ្រាយធំទូទាំងពិភពលោក។ លោកបានអំពាវនាវឲ្យមហាអំណាចដែលពាក់ព័ន្ធនឹងជម្លោះនេះ ត្រូវតែបញ្ឈប់​អំពើ​អរិភាពជាបន្ទាន់ ហើយជ្រើសរើសការសន្ទនា និងការទូត។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ផ្ទុយគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ាឌ្រីដបានបញ្ចាក់ឲ្យដឹង​ថា ការមិនចុះសម្រុងគ្នានៅតែមានទាក់ទងនឹងការប្រើប្រាស់មូលដ្ឋានយោធា និងវិធីសាស្រ្តចំពោះជម្លោះនៅមជ្ឈិមបូព៌ា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម