Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​រាយការណ៍​ពិសេស​ UN ៖ ទំនាក់​ទំនង​ឥណ្ឌា​​និង​អ៊ីស្រាអែល​ថ្មីៗ​នេះ​​ នាំដល់​បំពានច្បាប់​អន្តរ​ជាតិ​

បានផុស

នៅ

នៅ​ក្នុង​បទសម្ភាសន៍ជា​មួយកាសែត​ឥណ្ឌា​ The Hindu អ្នករាយការណ៍ពិសេស​របស់អង្គការសហប្រជាជាតិ​ (UN) ស្តីពីតំបន់​ប៉ាឡេស្ទីន​ លោក​ស្រី ​Francesca Albanese បាន​រិះ​គន់​​ចំពោះ​ទំ​នាក់​ទំនង​របស់​ឥណ្ឌា​ជា​មួយអ៊ីស្រាអែល​នា​ពេល​ថ្មីៗ ដោយ​អះអាងថា ទីក្រុងញូវដេលីអាច​រំលោភ​លើ​កាតព្វកិច្ច​របស់ខ្លួនក្រោមច្បាប់អន្តរជាតិ​។

យោងតាម​សារព័ត៌មាន​ឥណ្ឌា Outlook ផ្សាយ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ ដោយ​មាន​​ការរកឃើញ​មួយ​ភ្ជាប់​ទៅនឹងតុលាការយុត្តិធម៌​អន្តរជាតិ (ICJ)​ លោកស្រី Albanese និយាយថា៖ « ICJ បាន​ដាក់កាតព្វកិច្ចលើរដ្ឋ​នានាមិន​ត្រូវជួញដូរ ផ្ទេរ ទិញអាវុធពី​រដ្ឋ​ដែលត្រូវបាន​ចោទប្រកាន់​ពី​បទ​កាន់កាប់ខុសច្បាប់​នោះ​ទេ​»។

លោក​ស្រី ​Francesca Albanese ។ រូបភាព៖ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Albanese បង្ហាញពីការរកឃើញនៃរបាយការណ៍របស់​ខ្លួនមានចំណងជើងថា «ការធ្វើទារុណកម្ម និង​អំពើ​ប្រល័យពូជសាសន៍» ដែល​បានដាក់ជូនក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ​និង​រក​ឃើញ​ថា អ៊ីស្រាអែលបាន​ធ្វើទារុណកម្មជាប្រព័ន្ធប្រឆាំង​នឹងប្រជា​ជនប៉ាឡេស្ទីនចាប់តាំងពីខែតុលា ឆ្នាំ២០២៣។

របាយការណ៍នោះ​ពិពណ៌នាពីកន្លែងឃុំឃាំង និងលក្ខខណ្ឌនានានៅ​ក្នុងតំបន់ហ្គាហ្សាថា ជាជំរំធ្វើទារុណកម្មដ៏​ធំសម្បើម ដោយកត់ត្រាការ​ចាប់ខ្លួន​មនុស្ស​ជាង ១៨ ៥០០នាក់ កុមារ ១ ៥០០នាក់ និងបាត់ខ្លួនដោយបង្ខំជាង ៤ ០០០នាក់។

ចំពោះប្រទេសឥណ្ឌា លោក​ស្រី​បន្ថែមថា៖ « ពេលដែល​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​​ ណេតាន់យ៉ាហ៊ូ ត្រូវបានចោទប្រកាន់ពីបទ​ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ​​ប្រទេស​ឥណ្ឌា​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ ក៏កំពុង​រំលោភលើកាតព្វកិច្ចរបស់ខ្លួន​ក្រោមច្បាប់អន្តរជាតិ ថែម​ទាំងអាច​ប្រឈមមុខនឹងការទទួលខុសត្រូវទៀតផង»។

លោកស្រី Albanese ​អះអាងថា ទំនាក់​ទំនង​​នយោបាយនិងការពារជាតិជាបន្តបន្ទាប់​របស់ឥណ្ឌាជាមួយអ៊ីស្រាអែល​ កំពុង​មានហានិភ័យ បង្កឱ្យមានប្រព័ន្ធ​អំពើហិង្សាកាន់តែទូលំទូលាយនិង​នាំ​ឱ្យ​រិចរិលនៃ​សណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ​។​

លោក​ស្រី​បន្ត​ថា៖ « ពីរថ្ងៃមុនសង្គ្រាមបច្ចុប្បន្ន[អ៊ីស្រាអែល] ជាមួយអ៊ីរ៉ង់ នាយករដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ Modi បាន​ទៅទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីស្រាអែល​បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រពិសេស ហើយថា​អ៊ីស្រាអែលជាមាតុភូមិសម្រាប់ជនជាតិ Jews ដើម​កំណើតឥណ្ឌា​ទៀត​ផង»។

លោក​ស្រីបន្ថែម​ថា៖ « ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ ប្រទេសទាំងពីរ​មានការទទួលខុសត្រូវក្នុងប្រព័ន្ធ​អន្តរ​ជាតិ។ វា​ហាក់​ដូចជាខ្ញុំថា បច្ចុប្បន្ន ឥណ្ឌានិងអ៊ីស្រាអែលកំពុង​រួមចំណែក​នាំ​ឱ្យ​មាន​​ការពុកផុយ​នៃប្រព័ន្ធអន្តរជាតិ​ដែលបុព្វបុរស​របស់​យើង​បាន​កសាង​ឡើង​យ៉ាងលំបាកមក​អ៊ីចឹង​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម