ប្រធានាធិបតី តួកមេនីស្ថាន បង្ហាញរូបសំណាកឆ្កែសំណព្វ ស្រោបមាស២៤ការ៉ាត់ (មានវីដេអូ) – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី តួកមេនីស្ថាន បង្ហាញរូបសំណាកឆ្កែសំណព្វ ស្រោបមាស២៤ការ៉ាត់ (មានវីដេអូ)

Published

on

ប្រធានាធិបតីប្រទេសតួកមេនីស្ថានបានសម្តែងការគោរពចំពោះពូជឆ្កែសំណព្វរបស់គាត់និងបានបង្ហាញរូបសំណាកមាសដ៏ធំមួយ។

លោក Gurbanguly Berdymukhamedov បានបង្ហាញរូបចម្លាក់ឆ្កែ Alabi ដ៏ចម្លែកមួយកាលពីថ្ងៃពុធអំឡុងពិធីមួយ។

លោក Berdymukhamedov បានបង្ហាញក្តីស្រឡាញ់របស់គាត់ចំពោះពូជឆ្កែនេះហើយជារឿយៗគាត់តែងតែតែងកំណាព្យនិងសរសេរសៀវភៅអំពីសត្វឆ្កែប្រភេទនេះ។

គាត់ធ្លាប់បានពិពណ៌នាថាវាជា “និមិត្តរូបនៃសមិទ្ធិផលនិងជ័យជម្នះ”។

មេដឹកនាំដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០០៧រូបនេះថែមទាំងបានផ្តល់អំណោយកូនឆ្កែ Alabi ដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៀតផង។

យោងតាមរដ្ឋាភិបាលតួកមេនីស្ថានបានឲ្យដឹងថា រូបចម្លាក់មាសដ៏ធំនេះមានកម្ពស់៦ម៉ែត្រនិងស្រោបដោយមាសសុទ្ធ២៤ការ៉ាត់។

វាត្រូវបានគេសាងសង់នៅក្នុងតំបន់ថ្មីមួយនៃទីក្រុង Ashgabat ក្នុងរដ្ឋធានី។

តំបន់នេះត្រូវបានបង្កើតឡើងសម្រាប់ធ្វើជាទីតាំងរបស់មន្រ្តីរដ្ឋការនិងមានសាលារៀន សួន ​ហាង រោងកុន កន្លែងរៀបអាពាហ៍ពិពាហ៍និងកន្លែងលេងកីឡាក៏ដូចជាអគារផ្ទះល្វែងផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា ប្រទេសនេះចាត់ទុករូបសំណាកនេះថាជាការបង្ហាញអំពីការគោរពនិងកិត្តិយសចំពោះភាពក្លាហាននិងដួងចិត្តដ៏ស្មោះត្រង់របស់សត្វដ៏អស្ចារ្យទាំងនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម