Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ចុះផ្ទាល់ទៅសមរភូមិជួរមុខ ចំពេលលេចឮព័ត៌មាន​បណ្ដេញមេទ័ពកំពូលរបស់ប្រទេស

បានផុស

នៅ

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានចុះផ្ទាល់ទៅសួរសុខទុក្ខដល់កងទ័ពអ៊ុយក្រែននៅសមរភូមិជួរមុខភាគអាគ្នេយ៍ ហើយលោកថែមទាំងប្រគល់មេដាយដល់ទាហានទាំងនោះផងដែរ ស្របពេលដែលមានក្ដីរំពឹងយ៉ាងមុតមាំថា មេទ័ពដ៏មានប្រជាប្រិយភាពអាចនឹងត្រូវបណ្ដេញចេញក្នុងពេលឆាប់ៗនេះ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដែលលោកអញ្ជើញមកកាន់តំបន់ Zaporizhzhia គឺដើម្បីបង្ហាញការគាំទ្រ និងផ្ដល់កិត្តិយសទៅដល់ទាហានអ៊ុយក្រែន ដោយសារតែអ្នកស្នេហាជាតិរបស់យើងកំពុងប្រឈមនឹងបេសកកម្មដ៏លំបាក និងមានសារៈសំខាន់ដើម្បីវាយបកលើសត្រូវ ក៏ដូចជាការពារជាតិមាតុភូមិ” ។

ការិយាល័យប្រធានាធិបតីក៏បាននិយាយផងដែរថា លោក Zelensky បានចុះទៅមើលទាហាននៅខ្សែត្រៀមជួរមុខជិតភូមិ Robotyne ដែលក្លាយជាសមរភូមិប្រយុទ្ធជាមួយរុស្ស៊ីអស់រយៈពេលយ៉ាងយូរ ប៉ុន្តែភូមិភាគអាគ្នេយ៍មួយនេះត្រូវបានរំដោះមកវិញកាលពីចុងខែសីហា ឆ្នាំ ២០២៣ នៅក្នុងប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ។

ស្របពេលជាមួយគ្នានេះ ដំណើរចុះ​ទៅ​កាន់​សមរភូមិ​ជួរមុខនៅពេលនេះក៏កើតមានឡើង ស្របពេលដែល​មាន​ភាព​មិន​ប្រាកដប្រជា​អំពី​ជោគវាសនា​របស់លោក​មេទ័ព Valeriy Zaluzhnyi ខណៈប្រភពចំនួនពីរបាននិយាយដូចគ្នាថា រដ្ឋាភិបាលអ៊ុយក្រែនបានជូនដំណឹងដល់សេតវិមានរួចរាល់ហើយ ពាក់ព័ន្ធនឹងគម្រោងបណ្តេញមេបញ្ជាការយោធាកំពូលរបស់ប្រទេស ដែលមើលការខុសត្រូវលើសឹកសង្គ្រាមប្រឆាំងនឹងកងកម្លាំងរបស់រុស្ស៊ី ។

លោក Valeriy Zaluzhnyi

ទន្ទឹមនោះ ការចិញ្ចឹមចិត្តបណ្ដេញលោក Zaluzhnyi ដែលត្រូវបានគេដឹងថា ប៉ះទង្គិចពាក្យសម្ដីជាមួយលោក Zelensky ជុំវិញបញ្ហាកើតឡើងជាច្រើន បន្ទាប់ពីបាក់ទ័ពក្នុងការវាយដណ្ដើមយកទឹកដីភាគច្រើនដែលក្ដោបក្ដាប់ដោយរុស្ស៊ី ក្នុងប្រតិបត្តិការវាយបកកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ។

គួរបញ្ជាក់ថា លោក Zaluzhnyi ដែលត្រូវបានគេស្គាល់ជា “ឧត្តមសេនីយ៍ដែក” មានប្រជាប្រិយភាពយ៉ាងក្រាស់ក្រែល ខណៈបើមានការបណ្ដេញមេទ័ពកំពូលរូបនេះចេញពីតំណែងមែននោះ អាចនឹងប៉ះពាល់ទៅដល់សីលធម៌ក្នុងចំណោមកងទ័ពអ៊ុយក្រែនដែលកំពុងកាន់កាំភ្លើងតតាំងដើម្បីកាន់កាប់ទីតាំងនៅតាមបណ្ដោយជួរមុខជាង ១,០០០ គីឡូម៉ែត្រប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដ៏ច្រើនសន្ធឹកសន្ធាប់ដែលប្រដាប់ដោយឃ្លាំងស្ដុកអាវុធដ៏ធំ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈលោក Zelensky កំពុងដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អ៊ីស្រាអែល លើកទង់ជ័យជម្នះលើក្រុមហាម៉ាសក្នុងទីក្រុងមួយនៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម