Connect with us

ព័ត៌មានអន្ដរជាតិ

តើរថយន្ត Aurus ដែលលោក ពូទីន ជូនមេដឹកនាំកូរ៉េខាងជើង ពិសេសយ៉ាងណាទៅ?

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters, មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីចុងសប្ដាហ៍ បានទទួលកាដូជារថយន្តសេរ៊ីទំនើបមួយគ្រឿងពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទុកសម្រាប់ជិះផ្ទាល់ខ្លួន។

(រូបថត៖ Daily Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីថា នោះគឺជារថយន្តម៉ាក Aurus ផលិតនៅប្រទេសរុស្ស៊ីផ្ទាល់តែម្ដង ហើយបើតាមគេដឹង នេះជាប្រភេទរថយន្តដែលលោក គីម ចាប់ចិត្តជាយូរណាស់មកហើយ។

អ៊ីចឹងតើរថយន្ត Aurus មានលក្ខណៈពិសេសយ៉ាងណា?

Aurus Senat Limousine គឺជាយានជំនិះផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ហើយធ្វើឲ្យលោកក្លាយជាប្រធានាធិបតីរុស្ស៊ីដំបូងគេ ដែលប្រើប្រាស់រថយន្តផលិតក្នុងស្រុកកាលពីឆ្នាំ២០១៨។

(រូបថត៖ Youtube)

ដោយសារតែផលិតឡើងតាមតម្រូវការរបស់លោក ពូទីន ជាផ្នែកនៃគម្រោង “Cortege” ធ្វើឲ្យរថយន្តប្រភេទនេះ ក្លាយជានិមិត្តរូបនៃភាពប្រណីតនិងសន្តិសុខរបស់រុស្ស៊ី។

ជារឿយៗ រថយន្ត Aurus Senat ត្រូវបានគេប្រៀបធៀបទៅនឹងរថយន្ត Rolls-Royce Phantom។ Aurus មានប្រវែង ៥.៦ម៉ែត្រ និងទម្ងន់២៧០០គីឡូក្រាម ប៉ុន្តែរថយន្តពិសេសរបស់លោកពូទីន មានប្រវែងដល់៦.៧ម៉ែត្រឯណោះ។

(រូបថត៖ Yahoo)

លក្ខណៈពិសេសគឺថា រថយន្តនេះមានពាសដែកការពារគ្រាប់កាំភ្លើង កញ្ចក់តាន់ ធន់នឹងគ្រាប់បែកផ្ទុះពីខាងក្រោម សម្បកកង់រាបស្មើ បំពាក់អាវុធទំនើប និងភ្ជាប់ជាមួយធង់អុកស៊ីសែន ហើយវាក៏មានប្រព័ន្ធទំនាក់ទំនងប្រកបដោយសុវត្ថិភាពផងដែរ។

ចំពោះតម្លៃវិញ បើយោងតាមក្រុមហ៊ុនទិញដូររថយន្តរុស្ស៊ី Panavto, Aurus ប្រភេទធម្មតា មានតម្លៃចន្លោះពី ៤៤៣ ៧០០ដុល្លារ ដល់ ៤៤៧ ០០០ដុល្លារអាមេរិក រីឯរថយន្តពិសេសរបស់លោក ពូទីន ត្រូវបានគេទម្លាយថា មានតម្លៃរហូតដល់ទៅ២០លានដុល្លារឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ឲ្យកាដូជារថយន្តសេរ៊ីទំនើបដល់បុរសនុយក្លេអ៊ែរ កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម