ព័ត៌មានអន្ដរជាតិ
ពិភពលោក ថ្កោលទោសអាមេរិក ដែលវេតូ សេចក្តីសម្រេចបទឈប់បាញ់នៅ ហ្គាហ្សា
កាលពីថ្ងៃអង្គារទី២០ខែកុម្ភៈ សហរដ្ឋអាមេរិកបានវេតូជាថ្មីម្តងទៀតលើពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចំពោះបទឈប់បាញ់នៅហ្គាហ្សា ជាហេតុបង្កឲ្យមានការថ្កោលយ៉ាងខ្លាំងពីអន្តរជាតិ។

ក្នុងចំណោមសមាជិកទាំង១៥របស់ក្រុមប្រឹក្សានេះ មាន១៣ប្រទេសទៅហើយដែលគាំទ្រ ប៉ុន្តែមានតែអាមេរិកប៉ុណ្ណោះដែលប្រឆាំង ខណៈអង់គ្លេស អនុបវាទ។
ដោយសំដៅទៅកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងប្រទេសដទៃទៀត ក្នុងការសម្រុះសម្រួលផ្អាកប្រយុទ្ធគ្នា ជាថ្នូនឹងការដោះលែងចំណាប់ខ្មាំងដែលស្ថិតក្នុងដៃក្រុមហាម៉ាស, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield និយាយបន្ទាប់ពីការបោះឆ្នោតថា សេចក្តីសម្រេចស្តីពីបទឈប់បាញ់ គឺមិនអាចចាក់គ្រឹះសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាពបានឡើយ ហើយនឹងធ្វើឲ្យការចរចាស្ថិតក្នុងគ្រោះថ្នាក់ថែមទៀត។

លោកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងដាក់ឯកសារព្រាងរបស់ខ្លួនផ្ទាល់តែម្តង ដែលនឹងអំពាវនាវឲ្យមានបទឈប់បាញ់ជាបណ្តោះអាសន្ន ភ្ជាប់ទៅនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់។
ដូចនេះ តើប្រទេសណាខ្លះថ្កោលទោសចំពោះការប្រឆាំងរបស់អាមេរិក?
ចិន
លោក Zhang Jun បេសកជនរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងមិនពេញចិត្តទាល់តែសោះចំពោះសហរដ្ឋអាមេរិក ដោយនិយាយថា សំឡេងវេតូរបស់សហរដ្ឋអាមេរិក គឺជាការផ្ញើសារខុស ជំរុញឲ្យស្ថានការណ៍នៅហ្គាហ្សា កាន់តែគ្រោះថ្នាក់។ ការជំទាស់ចំពោះបទឈប់បាញ់នៅហ្គាហ្សា គឺមិនខុសអ្វីពីការបើកភ្លើងខៀវដល់ការសម្លាប់មនុស្សជាបន្តនោះទេ។ មានតែការពន្លត់ភ្លើងសង្គ្រាមនៅហ្គាហ្សាប៉ុណ្ណោះ ទើបពិភពលោកអាចពន្លត់ភ្លើងសង្គ្រាមនៅក្នុងតំបន់ទាំងមូលបាន។

រុស្ស៊ី
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia និយាយថា ការវេតូរបស់អាមេរិក បានសម្គាល់ជាទំព័រដ៏ខ្មៅងងឹតមួយទៀត នៅក្នុងប្រវត្តិសាស្ត្រ UNSC។
លោកបានចោទអាមេរិកថា កំពុងអូសបន្លាយពេលឲ្យអ៊ីស្រាអែល បញ្ចប់ផែនការអមនុស្សធម៌របស់ខ្លួននៅតំបន់ហ្គាហ្សាបាន។

បារាំង
បេសកជន UN របស់ប្រទេសបារាំងលោក Nicolas de Riviere បានសម្តែងការសោកស្តាយដែលសេចក្តីសម្រេចបទឈប់បាញ់របស់ UNSC មិនអាចអនុម័តបាន ទាំងដែលស្ថានការណ៍ នៅតំបន់ហ្គាហ្សា កំពុងតែមហន្តរាយ។

អាល់ហ្សេរី
បេសកជនអាល់ហ្សេរី និយាយថា UNSC បរាជ័យម្តងទៀតហើយ និងបានព្រមានថា រឿងនេះអាចផ្តល់ផលវិបាកធ្ងន់ធ្ងរដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។
លោក Amar Bendjama និយាយថា “ថ្ងៃនេះយើងសូមផ្ញើសារទៅអ្នកថា សហគមន៍អន្តរជាតិគួរតែឆ្លើយតបទៅនឹងការអំពាវនាវឲ្យបញ្ចប់ការកាប់សម្លាប់ជនជាតិប៉ាឡេស្ទីន ដោយជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់។ អ្នកទាំងឡាយណាដែលរារាំងគោលបំណងនេះ គួរតែពិនិត្យមើលគោលការណ៍របស់ពួកគេ និងគិតសាជាថ្មី ពីព្រោះការសម្រេចចិត្តខុសថ្ងៃនេះនឹងធ្វើឲ្យប៉ះពាល់ដល់តំបន់របស់យើង និងពិភពលោករបស់យើងនៅថ្ងៃស្អែក។ ដូច្នេះ ចូរសួរខ្លួនឯងមើល៍ តើការសម្រេចចិត្តរបស់អ្នកនៅថ្ងៃនេះនឹងបង្កឲ្យមានអ្វីកើតឡើង? តើប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យអ្នកយ៉ាងដូចម្តេចទៅ?”។

កាតា
ឯកអគ្គរាជទូតកាតាប្រចាំ UN លោកស្រី Alya Ahmed Saif Al Thani និយាយថា លោកស្រីសោកស្តាយណាស់ដែល UNSC មិនអាចអនុម័តសេចក្តីសម្រេចព្រាងដោយអាល់ហ្សេរី ហើយសន្យាថា នឹងខិតខំបន្ថែមទៀត ដើម្បីរកបទឈប់បាញ់នៅហ្គាហ្សាឲ្យទាល់តែបាន។

អារ៉ាប៊ីសាអូឌីត
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ក៏សម្តែងការសោកស្តាយផងដែរ ចំពោះសំឡេងវេតូ និងសង្កត់ធ្ងន់ថា “ឥឡូវ យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ UNSC ដើម្បីបង្ហាញទំនួលខុសត្រូវរបស់ខ្លួន ក្នុងការរក្សាសន្តិភាព និងសន្តិសុខដោយភាពជឿជាក់ និងគ្មានស្តង់ដារ២”។
ន័រវែស
បេសកកម្មរបស់ន័រវែស ប្រចាំ UN និយាយថា ខ្លួនសោកស្តាយ ដែលក្រុមប្រឹក្សា មិនអាចអនុម័តសេចក្តីសម្រេចស្តីពីបទឈប់បាញ់មនុស្សធម៌ភ្លាមៗបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បន្ត វេតូ លើសេចក្តីសម្រេច បទឈប់បាញ់នៅ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


