ព័ត៌មានអន្ដរជាតិ
អនាគតប្រធានាធិបតី តៃវ៉ាន់ ចាប់ផ្ដើមចាត់ចែងតួនាទីមន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលថ្មី
បន្ទាប់ពីឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីពាក់កណ្ដាលខែមករាមក ពេលនេះអនាគតប្រធានាធិបតីរបស់តៃវ៉ាន់លោក Lai Ching-te ចាប់ផ្ដើមចាត់ចែង ក៏ដូចជាតែងតាំងមន្ត្រីសំខាន់ៗក្នុងមុខតំណែងចំនួន ៨ សម្រាប់ជួររដ្ឋាភិបាលថ្មីរបស់លោក មុនពេលចូលកាន់តំណែងនាខែក្រោយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Focus Taiwan កាលពិថ្ងៃទី២៥ ខែមេសាកន្លងទៅ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីជាប់ឆ្នោតវ័យ ៦៥ ឆ្នាំរូបនេះបានប្រកាសតែងតាំងលោក Joseph Wu ដែលជារដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន ឲ្យកាន់ការជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ខណៈតំណែងមួយនេះលោកក៏ធ្លាប់ក្ដោបក្ដាប់ម្ដងរួចទៅហើយផងដែរ អំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតីលោកស្រី Tsai Ing-wen ។
ចំណែកលោក Wellington Koo ដែលបច្ចុប្បន្នកំពុងកាន់ចង្កូតនាវាក្រុមប្រឹក្សាសន្តិសុខជាតិ នឹងឡើងតំណែងមួយកាំទៀតជារដ្ឋមន្ត្រីការពារជាតិ ខណៈលោកបានបម្រើការជាប្រធានក្រុមប្រឹក្សាមួយនេះ ចាប់តាំងពីការចាប់ផ្តើមអាណត្តិទីពីររបស់លោកស្រី Tsai មកម្ល៉េះ ។
ក្នុងតំណែងកំពូលមួយនេះ លោក Wellington Koo បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកជាមួយលោក Joseph Wu កាលពីខែកុម្ភៈឆ្នាំមុន ហើយបានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងក្រសួងការពារជាតិសហរដ្ឋអាមេរិក ខណៈឯលោក Lin Chia-lung វិញនឹងបន្តតំណែងជាមន្ត្រីការទូតកំពូលរបស់តៃវ៉ាន់ដដែល ។

ដោយឡែកមួយរូបទៀតគឺលោក Chiu Chui-cheng នឹងក្លាយជាប្រធានក្រុមប្រឹក្សាកិច្ចការដីគោក ដែលក្ដោបក្ដាប់វិធានការលើប្រទេសចិន ។ លោកបានបម្រើការជាអនុប្រធានក្រុមប្រឹក្សាមួយនេះអស់រយៈពេលជិត ៧ ឆ្នាំ រហូតដល់ឆ្នាំ ២០២៣ ក្រោមគោលនយោបាយរបស់លោកស្រី Tsai ដែលថា “តៃវ៉ាន់នឹងមិនបង្កហេតុ ហើយមិនចុះចាញ់នឹងសម្ពាធណាមួយពីរដ្ឋាភិបាលទីក្រុងប៉េកាំងឡើយ” ។
គួរបញ្ជាក់ថា លោក Lai Ching-te បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ហើយលោកនឹងស្បថចូលកាន់តំណែងជំនួសប្រធានាធិបតីផុតអាណត្តិ Tsai Ing-wen នាថ្ងៃទី២០ ខែឧសភា ខណៈមេដឹកនាំមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ (DPP) រូបនេះត្រូវចិនចាត់ទុកជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ដោយសារតែគោលនយោបាយយកអាមេរិកជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានជម្លោះ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


