ព័ត៌មានអន្ដរជាតិ
លោក ស៊ី ប្រាប់លោក ពូទីន ថា ទំនាក់ទំនង ចិន-រុស្ស៊ី រួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក
ទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងមូស្គូបានរួមចំណែកដល់ “សន្តិភាព និងស្ថិរភាពពិភពលោក” យ៉ាងច្រើនក្រៃលែង ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រាប់ទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងចុះផ្សាយដោយទីភ្នាក់ងារ Xinhua នៅថ្ងៃទី១៦ ខែឧសភានេះ ។

ថ្លែងក្នុងកិច្ចពិភាក្សារួមគ្នានៅទីក្រុងប៉េកាំង លោក ស៊ី បានប្រាប់លោក ពូទីន ថា “ស្ថិរភាព និងការអភិវឌ្ឍន៍នៃទំនាក់ទំនង ចិន-រុស្ស៊ី មិនត្រឹមតែបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ និងពិភពលោក” ។
លោក ស៊ី បានបញ្ជាក់ទៀតថា “ទំនាក់ទំនង ចិន-រុស្ស៊ី កាន់តែរឹងមាំពីមួយកម្រិតទៅមួយកម្រិត ទោះបីជាស្ថានភាពពិភពលោកមានការឡើងចុះក៏ដោយ ។ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានហែឆ្លងព្យុះភ្លៀង និងបានឈរប្រកៀកស្មាគ្នានៃការផ្លាស់ប្តូរទិដ្ឋភាពអន្តរជាតិ ដោយបង្កើតគំរូនៃការគោរពគ្នាទៅវិញទៅមក មានភាពស្មោះត្រង់ ភាពសុខដុមរមនា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងមហាអំណាច និងប្រទេសជិតខាង” ។
ប្រធានាធិបតីចិនរូបនេះសង្កត់ធ្ងន់ថា “ចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរុស្ស៊ីជាអ្នកជិតខាងល្អ មិត្តល្អ និងជាដៃគូល្អដែលជឿទុកចិត្តគ្នាទៅវិញទៅមកដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ និងរួមគ្នាបន្តការអភិវឌ្ឍន៍ ក៏ដូចជាលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងពិភពលោក” ។

ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អំឡុងពេលដែលលោក ពូទីន ធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ពោលប៉ុន្មានថ្ងៃមុនប្រកាសលើកកម្លាំងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ចូលវាយនៅអ៊ុយក្រែន ខណៈលោក ស៊ី វិញក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីផងដែរកាលពីខែមីនា ខណៈដែលជំនួបចាប់ដៃលើកចុងក្រោយគឺធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣ នៅពេលដែលលោក ពូទីន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិននៅទីក្រុងប៉េកាំង ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃមកកាន់ប្រទេសចិនរបស់លោក ពូទីន នាពេលនេះគឺជាការហោះហើរចេញក្រៅប្រទេសជាលើកដំបូងរបស់បុរសខ្លាឃ្មុំទឹកកកវ័យ ៧២ ឆ្នាំរូបនេះ ចាប់តាំងពីស្បថចូលកាន់តំណែងក្នុងអាណត្តិថ្មីបន្តកាច់ចង្កូតនាវារុស្ស៊ីរយៈពេល ៦ ឆ្នាំទៀត ប៉ុន្តែបើសរុបជារួម នេះជាលើកទី ១៩ ហើយដែលលោក ពូទីន អញ្ជើញមកកាន់ប្រទេសចិន ចាប់តាំងពីឡើងកាន់ការជាប្រធានាធិបតីរុស្ស៊ីកាលពីឆ្នាំ ២០០០ មក ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើលោក ពូទីន ធ្លាប់អញ្ជើញទៅ ចិន ប៉ុន្មានលើកហើយ ពេលណាដែល ពិភពលោកចងចាំមិនភ្លេច?
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


