Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និយាយយ៉ាងណាខ្លះរឿងកិច្ចប្រជុំសន្តិភាពដែលស្នើឡើងដោយ អ៊ុយក្រែន

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់សារព័ត៌មាន RT កាលពីថ្ងៃពុធថា កិច្ចប្រជុំសន្តិភាពអន្តរជាតិស្ដីពីការស្វែងរកផ្លូវដោះស្រាយស្ថានការណ៍ជម្លោះនៅអ៊ុយក្រែនដែលស្នើឡើងដោយលោកប្រធានាធិបតី Volodymyr Zelensky និងរៀបចំឡើងដោយប្រទេសស្វីសនាពេលខាងមុខនេះគឺ “ពិតជាឥតប្រយោជន៍” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peskov បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ RT ទៀតថា “តាមទស្សនៈរបស់យើង កិច្ចប្រជុំកំពូលនេះគឺគ្មានទស្សនៈវិស័យអ្វីច្បាស់លាស់នោះឡើយ ដោយសារតែមិនមានវត្តមានរបស់រុស្ស៊ីចូលរួមពិភាក្សាយ៉ាងយកចិត្តទុកដាក់លើភ្លើងសង្គ្រាមនៅអ៊ុយក្រែន ដូច្នេះរឿងបែបនេះគឺគ្មានន័យ និងមិនសមហេតុផលទាល់តែសោះ” ។

ផែនការសន្តិភាពដែលលោក Zelensky ដាក់ចេញក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន និងលេចរូបរាងឡើងតាំងតែពីឆ្នាំ ២០២២ មកនោះ គឺអំពាវនាវឲ្យរុស្ស៊ីដកកងកម្លាំងទាំងស្រុងចេញពីគ្រប់ទីកន្លែងនៃទឹកដីដែលអ៊ុយក្រែនចាត់ទុកជារបស់ខ្លួន ហើយឲ្យទីក្រុងមូស្គូផ្តល់សំណង និងនាំរុស្ស៊ីទៅកាន់តុលាការឧក្រិដ្ឋកម្មសង្គ្រាមផងដែរ ។ ទោះយ៉ាងណា វិមានក្រឹមឡាំងបានទាត់ចោលសំណើទាំងនេះ ហើយចាត់ទុកថា គ្មានភាពប្រាដកប្រជា និងគ្រាន់តែជាសញ្ញានៃឆន្ទៈរបស់ទីក្រុងកៀវក្នុងការស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះប៉ុណ្ណោះ ។

ទោះយ៉ាងនេះក្ដី រុស្ស៊ីបានអះអាងហើយថា រដ្ឋាភិបាលទីក្រុងមូស្គូនៅតែបើកចំហចំពោះការពិភាក្សាណាមួយជាមួយអ៊ុយក្រែន ប៉ុន្តែនឹងមិនទទួលយកកិច្ចព្រមព្រៀងដែលទីក្រុងកៀវដាក់ចេញមកនេះនោះទេ ព្រោះមិនបម្រើដល់ផលប្រយោជន៍រុស្ស៊ី ។ ក្នុងនោះលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចំអកដល់កិច្ចប្រជុំសន្តិភាពអន្តរជាតិមួយនេះថា មិនសមហេតុផល ដោយសារតែមិនបានអញ្ជើញរុស្ស៊ីឲ្យចូលរួម ខណៈទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណោះស្រាយការទូតមួយនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា លោក Zelensky ក៏បានអំពាវនាវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតចិន Xi Jinping ចូលរួមក្នុងកិច្ចប្រជុំសន្តិភាពអន្តរជាតិនាពេលខាងមុខ ជាពិសេសប្រធានាធិបតីរូបនេះទទូចសុំឲ្យថ្នាក់ដឹកនាំទាំងពីរបង្ហាញផ្លូវសន្តិភាពពិតប្រាកដដល់អ៊ុយក្រែន ។

លោក Zelensky បានព្យាយាមឈ្មុសឈ្មុលប្រើប្រាស់កិច្ចប្រជុំដែលនឹងរៀបចំឡើងនៅប្រទេសស្វីសនាខែក្រោយដើម្បីសម្រេចផែនការសន្តិភាពរបស់លោក ជាពិសេសគឺការដង្ហើយហៅទៅកាន់មេដឹកនាំជាង ៨០ ប្រទេសនៅលើពិភពលោកដែលនៅតែឈរប្រកៀកស្មាជាមួយអ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលសម្រាប់កិច្ចប្រជុំកំពូលមួយនេះ ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីសុខសន្តិភាពនៅអ៊ុយក្រែននឹងរៀបចំឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លើតំបន់ភ្នំ Burgenstock ក្នុងទីក្រុង Nidwalden នៃប្រទេសស្វីស ហើយព្រឹត្តិការណ៍នេះទៀតសោតមានគោលបំណងកសាងរូបមន្តសន្តិភាពសម្រាប់លោក Zelensky រួមជាមួយសំណើផ្សេងទៀតដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិ ខណៈប្រទេសជាង ១៦០ ត្រូវបានអញ្ជើញឲ្យចូលរួម អត់តែរុស្ស៊ីប៉ុណ្ណោះដែលមិនទទួលបានសំបុត្រអញ្ជើញ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Zelensky អំពាវនាវដល់ អាមេរិក និងចិន ជួយរកសុខសន្តិភាពឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម