ព័ត៌មានអន្ដរជាតិ
ទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ប្រុងខ្លួន រងគ្រាប់មីស៊ីលបន្ថែមទៀត
ក្រោយកងទ័ពអាមេរិកច្រើននាក់ ត្រូវរបួសក្នុងការវាយប្រហារដោយមីស៊ីល លើមូលដ្ឋានទ័ពអាកាសរបស់ខ្លួននៅប្រទេសអ៊ីរ៉ាក់ កាលពីរាត្រីថ្ងៃចន្ទទី៥ខែសីហាឆ្នាំ២០២៤, សារព័ត៌មាន Axios បានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីន ដឹងមុនហើយថា ច្បាស់ជានឹងមានការវាយប្រហារបន្ថែមទៀត លើកងទ័ពរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ជាក់ជាមិនខាន ខណៈក្រុមហេសបូឡា និងអ៊ីរ៉ង់ ក៏ត្រៀមវាយប្រហារប្រទេសអ៊ីស្រាអែល ដែរ។

តាមប្រភពពីមន្ទីរបញ្ចកោណ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានពិភាក្សាអំពីការវាយប្រហារលើមូលដ្ឋានអាកាស Al-Asad ជាមួយសមភាគីអ៊ីស្រាអែល លោក Yoav Gallant ថែមទាំងរៀបចំយុទ្ធសាស្រ្តត្រៀមខ្លួន ចំពោះការសងសឹកពីសំណាក់អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់ផងដែរ ក្រោយការធ្វើឃាត ប្រមុខផ្នែកនយោបាយក្រុមហាម៉ាសលោក Ismail Haniyeh និងមេបញ្ជាការហេសបូឡា Fouad Shukr នៅទីក្រុង បេរូត។
មន្ត្រីអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះព្រោះនេះជាបញ្ហារសើប បានឲ្យដឹងថា «មន្ទីរបញ្ចកោណគិតទុកថា នឹងមានការវាយប្រហារកាន់តែច្រើនឡើងៗពីសំណាក់កងជីវពលគាំទ្រអ៊ីរ៉ង់ ប្រឆាំងនឹងកងកម្លាំងអាមេរិកនៅក្នុងតំបន់ នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយសង្កត់ធ្ងន់ថា ស្ថានការណ៍កាន់តែតានតឹង ធ្វើឲ្យចលនាប្រដាប់អាវុធទាំងនោះ លែងអត់ធ្មត់ទៀតហើយ»។

មិនត្រឹមប៉ុណ្ណឹង ចារកម្មអាមេរិកក៏លើកឡើងពីសេណារីយ៉ូពាក់ព័ន្ធនឹងរលកនៃការវាយប្រហារទាំងពីក្រុមហេសបូឡា និងពីប្រទេសអ៊ីរ៉ង់ រួមជាមួយនឹងក្រុមនានាក្នុងតំបន់ផ្សេងទៀត ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់ថា ក្រុមណានឹងបើកការវាយប្រហារមុនគេជាបន្តទៀត ហើយការវាយប្រហារនោះនឹងមានទម្រង់បែបណា ឬទ្រង់ទ្រាយធំប៉ុនណា។

សូមបញ្ជាក់ថា កាលពីខែមេសា ទីក្រុងតេហេរ៉ង់ បានបាញ់មីស៊ីល និងបញ្ជូនយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រទេសអ៊ីស្រាអែល ក្រោយការបាញ់មីស៊ីលលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស នៃប្រទេសស៊ីរី ដែលបានសម្លាប់មន្ត្រីជាន់ខ្ពស់មួយចំនួន។
ចំពោះ Al-Asad វិញ មូលដ្ឋានមួយនេះ តែងរងការបាញ់ប្រហារជាបន្តបន្ទាប់ពីសំណាក់កងជីវពល Shia អ៊ីរ៉ាក់នាពេលកន្លងមក។ វាក៏ត្រូវអ៊ីរ៉ង់បាញ់មីស៊ីលដាក់ នៅក្នុងខែមករាឆ្នាំ ២០២០ផងដែរ បន្ទាប់ពីអាមេរិក ប្រើយន្តហោះគ្មានមនុស្សបើក ធ្វើឃាតមេទ័ពកងឆ្មាំបដិវត្តឥស្លាម លោកឧត្តមសេនីយ៍ Qassem Soleimani ក្នុងទីក្រុងបាកដាដ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីស៊ីល វាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ របួសទាហានច្រើននាក់

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?