ព័ត៌មានអន្ដរជាតិ
បង់ក្លាដែសស្នើឲ្យឥណ្ឌាធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រី Hasina
អាជ្ញាធរបង់ក្លាដែសបានស្នើប្រទេសឥណ្ឌាឲ្យធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលបានភៀសខ្លួនទៅក្រុង New Delhi ក្នុងខែសីហា ត្រឡប់មកប្រទេសខ្លួនវិញដើម្បីដំណើរការតុលាការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែធ្នូនេះ។

ប្រមុខស្តីទីនៃក្រសួងការបរទេសប្រទេសបង់ក្លាដែស លោក Touhid Hossain បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ ដោយសំដៅទៅលើការឆ្លើយឆ្លងការទូតរវាងប្រទេសទាំងពីរថា «យើងបានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលឥណ្ឌាដោយនិយាយថា រដ្ឋាភិបាលបង់ក្លាដែសចង់ឱ្យលោកស្រី Hasina ត្រលប់មកប្រទេសបង់ក្លាដែសវិញ សម្រាប់ដំណើរការតុលាការ»។ ទោះយ៉ាងណាលោក Hossain មិនបានបញ្ជាក់លម្អិតអំពីដំណើរការរបស់តុលាការទេ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរនេះ ដែលមានទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌រឹងមាំ បានរអាក់រអួលចាប់តាំងពីលោកស្រី Hasina ត្រូវបានគេទម្លាក់បន្ទាប់ពីការតវ៉ាដោយហិង្សាប្រឆាំងនឹងការគ្រប់គ្រងរបស់លោកស្រីហើយលោកស្រីបានភៀសខ្លួនឆ្លងកាត់ព្រំដែន។
សំណើរបស់ទីក្រុង Dhaka ទៅកាន់ទីក្រុង New Delhi នេះបានកើតឡើងពីរសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌាបានធ្វើទស្សនកិច្ចនៅប្រទេសបង់ក្លាដែស ដែលប្រទេសទាំងពីរបាននិយាយថា ពួកគេសង្ឃឹមថានឹងកែសម្រួលទំនាក់ទំនង។

ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស ម្ចាស់ជ័យលាភីណូបែលលោក Muhammad Yunus បានទាមទារឱ្យឥណ្ឌាបញ្ជូន Hasina ត្រឡប់មកវិញដើម្បីឱ្យប្រទេសបង់ក្លាដែសដំណើរតាមច្បាប់ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងបាតុករ និងគូប្រជែងរបស់លោកស្រីនិងឧក្រិដ្ឋកម្មដែលលោកស្រីបានប្រព្រឹត្តក្នុងអំឡុងពេលកាន់តំណែងរយៈពេល១៥ ឆ្នាំកន្លងមក។ លោកYunus ក៏មិនសប្បាយចិត្តជាមួយលោកស្រី Hasina ដែលបានរិះគន់រដ្ឋបាលរបស់គាត់ពីទីក្រុង New Delhiផងដែរ។
លោកស្រី Hasina ប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន រួមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឃាតកម្ម ក្នុងចំណោមរឿងផ្សេងទៀត។ សម្ព័ន្ធមិត្តរាប់សិបនាក់របស់លោកស្រី Hasina ត្រូវបានចាប់ខ្លួនចាប់តាំងពីរបបរបស់លោកស្រីដួលរលំនៅក្នុងខែសីហា ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការបង្ក្រាបរបស់ប៉ូលិសដែលបានសម្លាប់មនុស្សជាង ៧៥០ នាក់ ដែលភាគច្រើនជាយុវជនក្នុងអំឡុងពេលចលាចលដែលនាំទៅដល់ការដកលោកស្រីចេញ។
ជាមួយគ្នានេះតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង Dhaka បានចេញដីកាចាប់ខ្លួនលោកស្រី និងជំនួយការជិតស្និទ្ធរបស់លោកស្រី ហើយរដ្ឋាភិបាលបានស្វែងរកជំនួយពីអង្គការប៉ូលីសអន្តរជាតិ Interpol សម្រាប់ការចាប់ខ្លួននេះផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


