Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​អ៊ីស្រាអែល គំរាម​សងសឹក​ក្រុម​ហាម៉ាស ក្រោយ​ប្រគល់​សាកសព​ចំណាប់ខ្មាំង​ខុស​មនុស្ស

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា ក្រុមហាម៉ាស នឹង​ត្រូវ​រ៉ាប់រង​​ចំពោះ​ទង្វើ​របស់​ខ្លួន​ បន្ទាប់ពី​មិន​បានប្រគល់សាកសពរបស់ Shiri Bibas ដែលជាម្តាយ​ចំណាប់ខ្មាំង​វ័យ​ក្មេង​ជាង​គេ​​ដែល​ត្រូវ​បាន​សម្លាប់ និង​ចាប់​ខ្លួន​​ទៅ​តំបន់​ហ្គាហ្សា ក្រោយ​​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣។

រូបថត​សាកសព​នៃ​ចំណាប់ខ្មាំង​ទាំង​៤នាក់ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកសព​ដែល​ក្រុម​ហាម៉ាស​ បាន​ប្រគល់​ឲ្យ​អ៊ីស្រាអែល​​មិន​មែន​ជា​របស់​​សាកសព​អ្នក​ស្រី Shiri ទេ ប៉ុន្តែ​ជា​របស់​​សាកសព​ស្ត្រី​ហ្គាហ្សា​ម្នាក់​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​​មាន​​ការ​ផ្ទុះ​កំហឹង​ពេញ​ប្រទេស​អ៊ីស្រាអែល។

លោក ណេតាន់យ៉ាហ៊ូ បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ទី​២១​ខែ​កុម្ភៈ​នេះថា៖ «យើងនឹងធ្វើសកម្មភាពដោយការប្តេជ្ញាចិត្តក្នុងការនាំយក Shiri មកផ្ទះវិញ រួមជាមួយនឹងចំណាប់ខ្មាំងរបស់យើងទាំងអស់ មិន​ថា​​រស់ ឬ​ស្លាប់ ហើយធានាថាក្រុម​ហាម៉ាស​ត្រូវ​រ៉ាប់រង​ទាំង​ស្រុង​សម្រាប់ការរំលោភបំពានយ៉ាងឃោរឃៅ និងថោកទាប​នៃកិច្ចព្រមព្រៀងនេះ»។

លោកក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល​អ៊ីស្រាអែល ក្នុងការធានា​រក្សា​អដ្ឋិធាតុនៃចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ ដែលត្រូវ​បាន​ចាប់​ខ្លួន​ដោយក្រុមសកម្មប្រយុទ្ធ​ប៉ាឡេស្ទីន។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)

យោង​តាម​យោធា​អ៊ីស្រាអែល នៅ​ក្នុង​ការ​ដោះដូរ​ចុងក្រោយ​នេះ ហាម៉ាស​បាន​ប្រគល់​សាកសព​ចំណាប់​ខ្មាំង​ចំនួន ៤​នាក់ មាន​ដូចជា អ្នក​កាសែត​​ឈ្មោះ Oded Lifshitz, ទារក​ឈ្មោះ Kfir Bibas និង​​បង​ប្រុស​របស់​​គេ​អាយុ ៤​ឆ្នាំ​ឈ្មោះ Ariel ខណៈ​សាកសព​មួយ​ទៀត​ត្រូវ​គេ​រំពឹង​ថា​ជា​អ្នក​ស្រី Shiri ដែល​ជា​ម្ដាយ​របស់​ក្មេង​ទាំង​ពីរ តែ​ផ្ទុយ​ទៅ​វិញ​​វា​បែរ​ជា​សាកសព​មនុស្ស​ផ្សេង​ទៅ​វិញ។ យោធា​អ៊ីស្រាអែល បាន​ឲ្យ​ដឹង​ទៀត​ថា ឥឡូវ​សាកសព​នោះ​​មិន​ទាន់​អាច​​សម្គាល់​អត្តសញ្ញាណ​ទេ។

យ៉ាង​ណា​មិញ មិន​មាន​ប្រតិកម្ម​ភ្លាមៗ​ពី​ក្រុម​ហាម៉ាស​​ឡើយ៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែល ​ប្រាប់​ថា សាកសព​ម្នាក់​ដែល​ហាម៉ាស​ប្រគល់ឲ្យ មិនមែន​ជា​ចំណាប់ខ្មាំង​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម