ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អាមេរិកនឹងមិនឲ្យហាម៉ាសលូកដៃក្នុងកិច្ចការគ្រប់គ្រងហ្គាហ្សាទេ ក្រោយចប់សង្គ្រាម
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមហាម៉ាសនឹងត្រូវបានអនុញ្ញាតឲ្យមានវត្តមាននៅក្នុងជួររដ្ឋាភិបាលគ្រប់គ្រងតំបន់ហ្គាហ្សាឡើយ ក្រោយសង្គ្រាមបានបញ្ចប់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសេតវិមានកាលពីថ្ងៃទី២២ខែមេសាថាតើអាមេរិកនឹងហាមឃាត់ហាម៉ាសពីការទទួលបានតួនាទីគ្រប់គ្រងហ្គាហ្សាក្រោយចប់សង្គ្រាមដែរឬក៏អត់ លោក ត្រាំ បានឆ្លើយថា៖ «យើងនឹងមិនអនុញ្ញាតឲ្យហាម៉ាសធ្វើវាឡើយ។ យើងនឹងមើលឃើញអ្វីដែលកើតឡើងជាមួយហ្គាហ្សា ប៉ុន្តែយើងបានធ្វើឲ្យមានការរីកចម្រើនជាច្រើននៅមជ្ឈិមបូព៌ា»។
បន្ថែមពីនេះ លោក ត្រាំ បានរំលឹកម្ដងទៀតថា៖ «កាលបរិច្ឆេទដ៏ពិសេសនោះ-ថ្ងៃទី៧ខែតុលា មិនគួរកើតឡើងទេ។ វានឹងមិនកើតឡើងទេ បើខ្ញុំជាប្រធានាធិបតី ប៉ុន្តែយើងនឹងបញ្ឈប់ស្ថានភាពនោះទាំងស្រុង»។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំង។ ជាការសងសឹក អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា ក្នុងគោលបំណងរុះរើហេដ្ឋារចនាសម្ព័ន្ធនយោបាយ និងយោធារបស់ក្រុមហាម៉ាស និងធានាការដោះលែងចំណាប់ខ្មាំង។ ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជាង ៥១ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងអរិភាព ហើយប្រហែល ១១៧ ០០០នាក់ផ្សេងទៀតបានរងរបួស។
កាលពីថ្ងៃទី១៨ខែមីនា យោធាអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាឡើងវិញ ដោយបើកការវាយប្រហារយ៉ាងខ្លាំងក្លា ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានធ្វើកាលខែមករាអស់សុពលភាព។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ប្រតិបត្តិការយោធា ធ្វើឡើងដោយសារតែការបដិសេធរបស់ហាម៉ាស ចំពោះសំណើដែលដាក់ចេញដោយអ្នកសម្របសម្រួល និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff។
យ៉ាងណាមិញ មេដឹកនាំហាម៉ាស លោក Khalil Al-Hayya បានសង្កត់ធ្ងន់លើគោលជំហររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយបានច្រានចោលសំណើរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់បណ្ដោះអាសន្នរយៈពេល៤៥ថ្ងៃ និងបានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ថាបានប្រើប្រាស់កិច្ចព្រមព្រៀងដែលមានលក្ខណៈមិនពេញលេញ ដើម្បីអូសបន្លាយជម្លោះ។ លោក Al-Hayya បាននិយាយថា ក្រុមហាម៉ាសទទូចលើកិច្ចព្រមព្រៀងពេញលេញ ដោយបដិសេធមិនព្រមទម្លាក់អាវុធ ដែលជាលក្ខខណ្ឌទាមទារដោយភាគីអ៊ីស្រាអែល៕
ដោយ៖ ឈាង
ចុចអាន៖ លោក ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យបង្កើនសម្ពាធយោធា ក្រោយហាម៉ាសបដិសេធសំណើបទឈប់បាញ់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ