ព័ត៌មានអន្ដរជាតិ
លោក ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យបង្កើនសម្ពាធយោធា ក្រោយហាម៉ាសបដិសេធសំណើបទឈប់បាញ់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យយោធាបង្កើនប្រតិបត្តិការប្រឆាំងនឹងហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះបដិសេធសំណើបទឈប់បាញ់ចុងក្រោយរបស់អ៊ីស្រាអែល។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២០ខែមេសា លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា អ៊ីស្រាអែលត្រូវតែបន្តយុទ្ធនាការរបស់ខ្លួន «រហូតទទួលជ័យជម្នះ» ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការរុះរើក្រុមហាម៉ាស ធានាការដោះលែងចំណាប់ខ្មាំង និងការលុបបំបាត់ការគំរាមកំហែងពីតំបន់ហ្គាហ្សា។
ការវាយលុកជាថ្មីរបស់អ៊ីស្រាអែល បាននាំឲ្យមានការស្លាប់ និងរបួសធ្ងន់ធ្ងរ ដោយជនជាតិប៉ាឡេស្ទីនជាង ៩០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ក្នុងនោះមានទាំងស្ត្រី និងកុមារដែលកំពុងស្នាក់នៅក្នុងតំបន់មនុស្សធម៌។ ចាប់តាំងពីការដួលរលំនៃបទឈប់បាញ់ពីមុនមក ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបណ្តាលឲ្យមនុស្សជាង ១ ៦០០នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេលជាងមួយខែកន្លងមកនេះ។
ជាវិធានការដាក់សម្ពាធលើក្រុមហាម៉ាស អ៊ីស្រាអែលបានបង្កើតច្រករបៀង Morag ដែលជាតំបន់សន្តិសុខនៅភាគខាងត្បូងហ្គាហ្សា ដែលបែងចែកទឹកដី និងរឹតបន្តឹងការផ្លាស់ទីលំនៅ។ ច្រករបៀងនេះដែលត្រូវបានប្រកាសដោយលោក ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី២ខែមេសា និងចាប់អនុវត្តពេញលេញចាប់ពីថ្ងៃទី១២ខែមេសា មានបំណងកាត់ផ្តាច់ទីក្រុង Rafah ចេញពីតំបន់ហ្គាហ្សា និងបង្កើនសម្ពាធលើក្រុមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំង និងបោះបង់ការគ្រប់គ្រងរបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានប្រកាសគាំទ្រជំហររបស់លោក ណេតាន់យ៉ាហ៊ូ ដោយបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលនឹងរក្សាវត្តមានរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា លីបង់ និងស៊ីរីដោយគ្មានដែនកំណត់។ ការចូលរួមផ្នែកយោធាដ៏អូសបន្លាយនេះ បានធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមប្រទេសជិតខាង និងអ្នកសង្កេតការណ៍អន្តរជាតិ ដែលចាត់ទុកវាថាជាការបំពានច្បាប់អន្តរជាតិ។
មុនការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រកាសពីការត្រៀមខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ ប្រសិនបើអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ពេញលេញ ដកកងកម្លាំងរបស់ខ្លួនចេញពីហ្គាហ្សា និងចាប់ផ្តើមការកសាងឡើងវិញនៅក្នុងតំបន់ដែលហែកហួរដោយភ្លើងសង្រ្គាម។
មេដឹកនាំក្រុមហាម៉ាស លោក Khalil Al-Hayya បានសង្កត់ធ្ងន់លើគោលជំហររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយបានច្រានចោលសំណើរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់បណ្ដោះអាសន្នរយៈពេល៤៥ថ្ងៃ និងបានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ថាបានប្រើប្រាស់កិច្ចព្រមព្រៀងដែលមានលក្ខណៈមិនពេញលេញ ដើម្បីអូសបន្លាយជម្លោះ។ លោក Al-Hayya បាននិយាយថា ក្រុមហាម៉ាសទទូចលើកិច្ចព្រមព្រៀងពេញលេញ ដោយបដិសេធមិនព្រមទម្លាក់អាវុធ ដែលជាលក្ខខណ្ឌទាមទារដោយភាគីអ៊ីស្រាអែល។

សូមបញ្ជាក់ថា ជម្លោះដែលបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស បានបណ្តាលឲ្យមនុស្ស ១ ២០០នាក់ស្លាប់នៅអ៊ីស្រាអែល និងមានការចាប់ខ្លួនចំណាប់ខ្មាំង ២៥១នាក់។ ការណ៍នេះបានបង្កឲ្យផ្ទុះសង្គ្រាមឡើងនៅក្នុងតំបន់ហ្គាហ្សា និងបណ្ដាលឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅទីនោះ។ យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា ជនជាតិប៉ាឡេស្ទីនជាង ៥១ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល៕

ដោយ៖ ឈាង
ចុចអាន៖ ក្រុមហាម៉ាស ប្រកាសត្រៀមដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្រ្គាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


