Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ព្រមាននិងផ្តាំផ្ញើពាក្យប៉ុន្មានម៉ាត់ទៅ ពូទីន ដែលនៅតែគឃ្លើនវាយប្រហារទីក្រុង កៀវ

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក​ មិនសប្បាយចិត្តទេ ពេលឃើញរុស្ស៊ីនៅតែគឃ្លើនបន្តវាយប្រហារទ្រង់ទ្រាយធំលើរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន ដោយពេលនេះលោក ដូណាល់ ត្រាំ បានព្រមានថែមទាំងផ្តាំផ្ញើពាក្យប៉ុន្មានម៉ាត់ទៅមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ថា «រឿងអ្វីក៏អាចកើតឡើងដែរ បើទីក្រុងមូស្គូមិនព្រមឈប់វាយប្រហារអ៊ុយក្រែននិងឯកភាពនាំសន្តិភាពយូរអង្វែងមកឲ្យតំបន់»។ នេះបើតាមការចុះផ្សាយរបស់ The Mirror នៅថ្ងៃសុក្រទី២៥ខែមេសាឆ្នាំ២០២៥។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមេសាឆ្នាំ២០២៥ រុស្ស៊ី បានបើកការវាយប្រហារលើរដ្ឋធានីកៀវ  បណ្តាលឲ្យមនុស្សចំនួន១២នាក់ស្លាប់ និងជាង៧០នាក់ទៀតរងរបួស ខណៈការបាញ់ស្រោចនោះ ក៏បង្កជាអគ្គិភ័យនៅទីតាំងចំនួន៦កន្លែង និងកម្ទេចអគារ​នានា ធ្វើឲ្យបំណែកថ្មបាក់សង្កត់លើមនុស្សផងដែរ។

ជុំវិញរឿងនេះ លោកត្រាំ បានប្រាប់អ្នកសារព័ត៌មានក្នុងការិយាល័យពងក្រពើថា លោកមិនពេញចិត្តទាល់តែសោះដែលរុស្ស៊ីបាញ់មីស៊ីលលើទីក្រុងកៀវទាំងយប់។ រឿងអ្វីក៏អាចកើតឡើងបានដែរ បើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មិនព្រមនាំយកសន្តិភាពមកឲ្យតំបន់នោះបាន។

ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងកៀវ (រូបថត៖ Reuters)

ដោយឡែកក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social ឯណោះវិញ, លោកត្រាំ សរសេរថា វាមិនមែនជាថ្ងៃល្អឡើយ! ពូទីនត្រូវតែឈប់បាញ់ឥឡូវនេះ ហើយងាកមកចុះកិច្ចព្រមព្រៀងសន្តិភាពវិញ។

ពាក់ព័ន្ធការវាយប្រហារនេះដែរ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឯណោះបាន​លុប​ផ្នែក​ខ្លះ​នៃ​ដំណើរទស្សនកិច្ច​របស់លោក​នៅ​ក្នុង​ប្រទេសអាហ្វ្រិកខាងត្បូង ហើយ​ត្រឡប់​ទៅ​អ៊ុយក្រែន​វិញ​យ៉ាង​ប្រញាប់។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

អំឡុង​ដំណើរ​ទស្សនកិច្ច​នៅអាហ្វ្រិកខាងត្បូង លោក ហ្សេលេនស្គី បានជួបជាមួយ​សមភាគី​​លោក Cyril Ramaphosa ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។

ទោះជាយ៉ាងណាក៏ដោយ ភាពធ្ងន់ធ្ងរនៃការវាយប្រហារបានជំរុញ​ឲ្យ​ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ ត្រូវ​ត្រឡប់ទៅអ៊ុយក្រែនវិញភ្លាមៗ​ទាំង​ដែល​ទស្សនកិច្ច​មិន​ទាន់​បញ្ចប់​រួចរាល់​តាម​ការ​គ្រោង​ទុក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី ប្រញាប់​ប្រញាល់​​ទៅ​អ៊ុយក្រែន​វិញ​​ទាំង​ដែល​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាង​ត្បូង​មិន​ទាន់​ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម