Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ប្រញាប់​ប្រញាល់​​ទៅ​អ៊ុយក្រែន​វិញ​​ទាំង​ដែល​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាង​ត្បូង​មិន​ទាន់​ចប់

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​លុប​ផ្នែក​ខ្លះ​នៃ​ដំណើរទស្សនកិច្ច​របស់លោក​នៅ​ក្នុង​ប្រទេសអាហ្វ្រិកខាងត្បូង ហើយ​ត្រឡប់​ទៅ​អ៊ុយក្រែន​វិញ​យ៉ាង​ប្រញាប់ បន្ទាប់ពី​រុស្ស៊ី​បាញ់​ស្រោច​មីស៊ីល និង​ប្រើ​យន្តហោះគ្មានមនុស្សបើក​​វាយ​ប្រហារ​រដ្ឋធានី​​កៀវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែ​មេសា​ឆ្នាំ​២០២៥​នេះ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​​វាយ​ប្រហារ​នេះ​ ​បណ្តាល​​ឲ្យ​​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ៩​នាក់ និង​របួស​ជាង ៧​០នាក់ ក្នុង​នោះ​រួម​មាន​ទាំង​កុមារ​ផង​ដែរ។ មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា មីស៊ីល​ប្រហែល ៧០​គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១៥០​គ្រឿង ត្រូវបានបាញ់​ស្រោច​លើ​ទឹក​ដី​អ៊ុយក្រែន បង្ក​ឲ្យ​មានការខូចខាតយ៉ាង​ដំណំ​នៅ​ក្នុង​តំបន់ជាច្រើន។

អំឡុង​ដំណើរ​ទស្សនកិច្ច​នៅអាហ្វ្រិកខាងត្បូង លោក ហ្សេលេនស្គី បានជួបជាមួយ​សមភាគី​​លោក Cyril Ramaphosa ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ ភាពធ្ងន់ធ្ងរនៃការវាយប្រហារបានជំរុញ​ឲ្យ​​លោក ហ្សេលេនស្គី ត្រូវ​ត្រឡប់ទៅអ៊ុយក្រែនវិញភ្លាមៗ​ទាំង​ដែល​ទស្សនកិច្ច​មិន​ទាន់​បញ្ចប់​រួចរាល់​តាម​ការ​គ្រោង​ទុក។

លោក​​បាន​ប្រកាសនៅលើ​បណ្ដាញ​សង្គម X ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត​​ធ្វើ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​​របស់​រុស្ស៊ី ហើយ​​ថា នៅ​ទីនោះ​កំពុង​​មាន «ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ»។

សូម​បញ្ជាក់​ថា តាមការចុះផ្សាយរបស់ BBC ការ​វាយ​ប្រហារ​របស់​រុស្ស៊ី បង្កជាអគ្គិភ័យនៅទីតាំងចំនួន៦កន្លែង និងកម្ទេចអគារ​នានា ធ្វើឲ្យបំណែកថ្មបាក់សង្កត់លើមនុស្ស ខណៈអភិបាលក្រុងកៀវលោក Vitali Klitschko បញ្ជាក់ថា មានកុមារចំនួន៦នាក់ ស្ថិតក្នុងចំណោមមនុស្សរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ស្របពេលជាមួយគ្នានោះ ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា ទីក្រុង Sumy, Kharkiv និង Zhytomyr ក៏ត្រូវវាយប្រហារដែរ គ្រាន់តែរដ្ឋធានី កៀវ រងគ្រោះខ្លាំងជាងគេ៕

(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ រុស្ស៊ី បាញ់ស្រោចលើរដ្ឋធានី កៀវ សម្លាប់មនុស្ស៩នាក់ ក្រោយ ត្រាំ ស្តីបន្ទោស ហ្សេលេនស្គី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម