Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ចំនួន​៥ ដើម្បី​ជម្លៀសពលរដ្ឋ​ហ្គាហ្សា

បានផុស

នៅ

អ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថាកំពុងចរចាជាមួយប្រទេសចំនួន៥ ដូចជា ស៊ូដង់ខាងត្បូង សូម៉ាលី អេត្យូពី លីប៊ី និងឥណ្ឌូណេស៊ី ទាក់ទងនឹងការតាំងទីលំនៅថ្មីរបស់​ប្រជាជន​ប៉ាឡេស្ទីន​ពីតំបន់ហ្គាហ្សា។

ពលរដ្ឋនៅ​តំបន់​ហ្គាហ្សា (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម CNN មន្ត្រី​ជាន់ខ្ពស់​អ៊ីស្រាអែល​ម្នាក់ បាន​ឲ្យ​ដឹង​ថា ជាថ្នូរនឹងការទទួលយកផ្នែកមួយនៃប្រជាជននៅតំបន់ហ្គាហ្សាសរុបជាង ២លាននាក់ ប្រទេសទាំងនោះ​រំពឹងថានឹងមាន«សំណងហិរញ្ញវត្ថុ និងអន្តរជាតិដ៏ច្រើន​សន្ធឹក»។ យ៉ាង​ណាមិញ ប្រទេស​​មួយ​ចំនួន​ក្នុង​ចំណោម​ប្រទេស​ទាំង​៥ដែល​អ៊ីស្រាអែល​កំពុង​ចរចា​ជាមួយ ​បាន​ច្រានចោល​កិច្ច​​ពិភាក្សា​បែប​នេះ។

ប្រទេសស៊ូដង់ខាងត្បូង បាន​បដិសេធ​ថា ខ្លួន​ពុំ​បាន​ចរចា​ជាមួយ​អ៊ីស្រាអែល​អំពី​ការទទួល​យក​ពលរដ្ឋ​ប៉ាឡេស្ទីន​​ឡើយ។ ចំណែក​ឯ​សូម៉ាលីវិញ ក៏​ប្រកាស​មិនចូលរួមក្នុងកិច្ចពិភាក្សាបែបនេះដែរ ខណៈ​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា ​ខ្លួន​នឹង​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន​ចំនួន ២០០០​នាក់ប៉ុណ្ណោះ​​សម្រាប់​ការ​ព្យាបាល ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា ​ពួកគេ​នឹង​ត្រឡប់​ទៅ​វិញ​បន្ទាប់​ពី​ជា​សះស្បើយ។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មិនដែលផ្តល់ព័ត៌មាន​លម្អិតអំពីអ្វីដែលនឹងកើតឡើងចំពោះតំបន់​ហ្គាហ្សា បន្ទាប់ពីសង្គ្រាមនោះទេ ប៉ុន្តែបានអំពាវនាវ​ម្តងហើយម្តងទៀតសម្រាប់ការតាំងទីលំនៅថ្មីរបស់ពលរដ្ឋ​ប៉ាឡេស្ទីន។

មេ​ដឹកនាំ​អ៊ីស្រាអែល បានធ្វើការស្តីបន្ទោសយ៉ាងខ្លាំងទៅកាន់សហគមន៍អន្តរជាតិ ដោយនិយាយថា រាល់​ប្រទេសណា​ដែល​ព្រួយបារម្ភអំពីប៉ាឡេស្ទីនគួរតែទទួលយកជនភៀសខ្លួន​ទៅ​ ជាជាងរិះគន់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅ​​ក្នុង​តំបន់​ហ្គាហ្សា។

ការ​លើក​ឡើង​របស់​លោក ណេតាន់យ៉ាហ៊ូ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ថ្កោលទោស​យ៉ាង​ចាស់ដៃ​ពី​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ផែនការ​វាយ​ដណ្ដើម​​​យក​ហ្គាហ្សា​ទាំងមូល។ លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា ការវាយលុកនឹងដំណើរការ«យ៉ាងឆាប់រហ័ស» ហើយមានគោលបំណងរំដោះ​ហ្គាហ្សា​​ពីក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ហាម៉ាស។ លោកបានបដិសេធការចោទប្រកាន់ដែលថា អ៊ីស្រាអែលកំពុងបង្អត់អាហារ​ប្រជាជនប៉ាឡេស្ទីន ហើយ​លោក​ថែម​ទាំង​​​ចោទប្រកាន់​ទៅ​វិញ​ថា ក្រុមហាម៉ាស​នោះ​ទេ​ដែល​មានចេតនា​បង្អត់​អាហារ​ចំណាប់ខ្មាំងអ៊ីស្រាអែល។

សូម​ជម្រាប​​ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ថាមានអ្នកស្លាប់​ជា​ជនជាតិប៉ាឡេស្ទីនជាង ៦១ ០០០​នាក់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ យុទ្ធនាការ​យោធា​របស់​អ៊ីស្រាអែល​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៧ខែ​តុលា​ឆ្នាំ​២០២៣ របស់​ក្រុម​ហាម៉ាស ដែល​បាន​សម្លាប់​ជនជាតិ​អ៊ីស្រាអែល ១ ២០០នាក់ និង​ចាប់​ចំណាប់​ខ្មាំង ២៥១នាក់​៕

ដោយ៖ ឈាង

ចុចអាន៖ ណេតាន់យ៉ាហ៊ូ ផ្ដាំទៅអន្តរជាតិ​ថា បើ​អាណិតប៉ាឡេស្ទីន គួរ​បើក​ព្រំដែន​ទទួល​យកពួកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម