Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសចាប់ខ្លួនបាតុកររាប់រយនាក់ ជុំវិញបាតុកម្មគាំទ្រប៉ាឡេស្ទីន

បានផុស

នៅ

ប៉ូលីសអង់គ្លេសបានចាប់ខ្លួនមនុស្សជាង ៤០០ នាក់ ក្នុងបាតុកម្មបង្ហាញការគាំទ្រប៉ាឡេស្ទីន​នៅកណ្ដាល​ទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ (៤ តុលា) ខណៈបាតុករប្រឆាំងនឹង​ការហាមឃាត់ «សកម្មភាព​ប៉ាឡេស្ទីន» ក្រោយ​មាន​ការវាយប្រហារ​មួយ​កើតឡើងនៅកន្លែងប្រារព្ធសាសនាជនជាតិជ្វីពក្នុងទីក្រុង មែនឆេស្ទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ បាតុកម្មដែលរៀបចំឡើងនៅទីលាន Trafalgar បាន​ប្រឆាំងនឹង​ការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការហាមឃាត់សកម្មភាពប៉ាឡេស្ទីន ដែលជាបណ្ដាញ​រៀបចំបាតុកម្មគាំទ្រប៉ាឡេស្ទីន ក្រោម​ច្បាប់ស្ដីពីការប្រឆាំងនឹងអំពើភេរវកម្ម។ ក្នុងនោះ សកម្មជនរៀបចំបាតុកម្មបាន​ច្រាលចោលការទាមទាររបស់ប៉ូលីស និងរដ្ឋាភិបាល​ឱ្យ​លុបចោលការប្រមូលផ្ដុំគ្នា បន្ទាប់ពីការវាយប្រហារនៅវិហារជ្វីបកាលពីថ្ងៃព្រហស្បតិ៍ បាន​សម្លាប់​មនុស្សយ៉ាងហោចណាស់ ២ នាក់។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក​ Keir Starmer បានជំរុញឱ្យមានការអត់ធ្មត់កាលពីព្រឹកថ្ងៃសៅរ៍ ដោយសរសេរនៅលើបណ្ដាញសង្គម​ X ថា៖ «នេះគឺជាពេលវេលានៃការកាន់ទុក្ខ។ វាមិនមែនជាពេលវេលាដើម្បីបង្កើនភាពតានតឹង និងបង្កឱ្យមានការឈឺចាប់បន្ថែមទៀតទេ»។

ប៉ូលីសបាននិយាយថា មនុស្ស ៤៤២ នាក់ត្រូវបានចាប់ខ្លួនសម្រាប់ការប្រកាសការគាំទ្រ «សកម្មភាពប៉ាឡេស្ទីន» ពោលគឺប្រហែលពាក់កណ្ដាល​នៃចំនួនមនុស្សដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងបាតុកម្មស្រដៀងគ្នាកាលពីខែមុន។

សកម្មជនម្នាក់ គឺលោកស្រី​ Angie Zelter បាននិយាយថា៖ «យើងមានសិទ្ធិតវ៉ា – សកម្មភាពប៉ាឡេស្ទីនមិនមានហឹង្សាទេ ហើយមិនគួរត្រូវបានហាមឃាត់ទេ»។

គេមើលឃើញថា សន្ទុះនៃការគាំទ្រប៉ាឡេស្ទីនមាន​ការកើនឡើងជុំវិញពិភព​លោក ប្រឆាំងនឹង​ «ការប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលសម្លាប់មនុស្សប្រមាណ ៦៦ ២២៥ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន​ រាប់តាំងពីសង្រ្គាម​ផ្ទុះឡើងកាលពី ៣ ឆ្នាំមុន ជុំវិញការវាយប្រហាររបស់ក្រុមហាម៉ាស៍លើអ៊ីស្រាអែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម