Connect with us

ព័ត៌មានអន្ដរជាតិ

១៣ប្រទេស ថ្កោលទោសអ៊ីស្រាអែល ដែលស្ទាក់ចាប់នាវា និងឃុំខ្លួនសកម្មជន នាំជំនួយទៅកាន់ហ្គាហ្សា

បានផុស

នៅ

ទង្វើរបស់កងទ័ពអ៊ីស្រាអែល ដែលស្ទាក់ចាប់នាវា និងឃុំខ្លួនសកម្មជន នាំជំនួយទៅកាន់តំបន់ហ្គាហ្សា ពេលនេះត្រូវទទួលការស្តីបន្ទោសជាអន្តរជាតិ ដោយមានប្រទេសចំនួន១៣ បានរួមគ្នា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ខ្លាំងៗ។

(រូប៖ Reuters)

រឿងហេតុ កើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅពេល កង​កម្លាំង​យោធាអ៊ីស្រាអែល ស្ទាក់ចាប់ទូក ដែលធ្វើ​ដំណើរ​ជាមួយកង​នាវា​ដឹក​​​សម្ភារៈ​មនុស្ស​ធម៌ Global Sumud Flotilla ​ឆ្ពោះ​ទៅ​តំបន់​ហ្គាហ្សា ​ដោយ​ប្រើប្រាស់​ដ្រូន​ បច្ចេក​វិទ្យា​រំខាន​ទំនាក់​ទំនង និង​ក្រុមវាយឆ្មក់ប្រដាប់អាវុធ ដើម្បីបញ្ឈប់​កង​នាវា​មនុស្សធម៌ ​នៅ​កណ្តាលសមុទ្រមេឌីទែរ៉ាណេ​។

ឥឡូវ បើតាមការផ្សាយរបស់ Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ប្រទេសចំនួន១៣ រួមមាន ប៉ាគីស្ថាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តួកគី បង់ក្លាដែស ប្រេស៊ីល កូឡុំប៊ី ហ្ស៊កដានី លីប៊ី ម៉ាល់ឌីវ ម៉ូរីតានី អាហ្វ្រិកខាងត្បូង និងអេស្ប៉ាញ បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសអ៊ីស្រាអែល។

(រូប៖ Reuters)

ក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសទាំង១៣ និយាយថា៖ «យើងសូមថ្កោលទោស ក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើក្រុមនាវា ដែលជាគំនិតផ្តួចផ្តើមស៊ីវិលដោយសន្តិវិធី ក្នុងគោលបំណង បង្ហាញឲ្យឃើញនូវមហន្តរាយមនុស្សធម៌ ក្នុងតំបន់ហ្គាហ្សា។ ការវាយប្រហារកាលពីថ្ងៃទី៣០ ខែមេសា លើក្រុមនាវា និងការចាប់ពង្រត់សកម្មជន ដែលកំពុងធ្វើដំណើរក្នុងដែនទឹកអន្តរជាតិ ក្បែរឆ្នេរសមុទ្រនៃប្រទេសក្រិក គឺជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ និងអនុសញ្ញាសមុទ្រ ហើយការឃុំខ្លួនដោយខុសច្បាប់ លើសកម្មជនមនុស្សធម៌ ក្នុងដែនទឹកអន្តរជាតិ បង្ហាញពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ»។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីទាំងអស់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់សកម្មជន ដែលកំពុងបន្តជាប់ឃុំឃាំង ហើយជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែល ដោះលែងពួកគេជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។

(រូប៖ Reuters)

សូមជម្រាបថា គិតត្រឹមដើមខែឧសភា នេះ ចំនួនមនុស្សស្លាប់ ដោយការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក បានកើនលើស ៧២ ៦០០ នាក់ហើយ និងមានអ្នករងរបួសជាង ១៧២ ០០០ នាក់ទៀត។

យ៉ាងណា ការវិភាគឯករាជ្យ ដែលឆ្លងកាត់ការត្រួតពិនិត្យពីអ្នកជំនាញ បានបង្ហាញថា តួលេខមនុស្សស្លាប់ពិតប្រាកដ ប្រហែលមានកម្រិតខ្ពស់ជាងនេះទៀត ពោលគឺអាចលើសពី ៧៥ ០០០ នាក់ ទៅជាង ៧៨ ០០០ នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម