Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម១៥ម៉ោង វៀតណាម រញ្ជួយដីរហូតដល់ទៅ២១លើក បង្កការបំផ្លិចបំផ្លាញ

បានផុស

នៅ

មិនមែនជារឿងធម្មតាឡើយដែលក្នុងរយៈពេលត្រឹម១៥ម៉ោងប៉ុណ្ណោះ ខេត្ត Quang Ngai នៃប្រទេសវៀតណាម កើតមានគ្រោះរញ្ជួយដីរហូតដល់ទៅ២១លើក បង្កការបំផ្លិចបំផ្លាញ។

(រូបថត៖ Xuan Quang)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលព័ត៌មានរញ្ជួយដីនិងព្រមានរលកយក្សស៊ូណាមិ ក្រោមវិទ្យាស្ថានវិទ្យាសាស្ត្រផែនដីវៀតណាម, ការរញ្ជួយដីបានវាយប្រហារចាប់ពីវេលាទាបភ្លឺថ្ងៃអាទិត្យដល់ព្រឹកថ្ងៃចន្ទ ខណៈកម្លាំងរញ្ជួយខ្លាំងបំផុតគឺ ៤.៩រ៉ិចទ័រ។

ការរញ្ជួយនេះមានចំណុចកណ្តាលនៅឃុំ Mang Ri ជាមួយជម្រៅ៨.១គីឡូម៉ែត្រ ដោយឥទ្ធិពលរបស់វាបណ្តាលឲ្យសាលារៀនជាច្រើនបាក់ជញ្ជាំងនិងដំបូល ព្រមទាំងបង្កការបំផ្លិចបំផ្លាញផ្សេងៗ។

(រូបថត៖ Xuan Quang)

សាលារៀននានាដូចជា Dak Chun និង Dak Lanh ត្រូវបង្ខំចិត្តជម្លៀសសិស្សចេញដើម្បីសុវត្ថិភា បន្ទាប់ពីឃើញមានស្នាមប្រេះលើជញ្ជាំងនិងក្បឿងប្រក់ដំបូលធ្លាក់មកក្រោម។

ទន្ទឹមនោះ មេឃុំ Mang Ri លោក Pham Quan Quang បញ្ជាក់ថា ផ្ទះមួយចំនួនបានខូចខាតនិងគ្រឿងសង្ហារិមត្រូវបែកបាក់ដោយសារឥទ្ធិពលរញ្ជួយដី ប៉ុន្តែមិនមានមនុស្សស្លាប់ឡើយ។

(រូបថត៖ Xuan Quang)

សូមជម្រាបជាថ្មី បើយោងតាមស្ថិតិ, ក្នុងរយៈពេល១១៧ឆ្នាំពោលគឺចាប់ពីឆ្នាំ១៩០៣ដល់ឆ្នាំ២០២០ វៀតណាមជួបការរញ្ជួយដីច្រើនលើកជាពិសេសនៅស្រុក Kon Plong នៃខេត្ត Kon Tum តែម្តង ដោយស្រុកនេះជួបរញ្ជួយដី ៣៣ដង ចាប់ពីកម្រិត២.៥រ៉ិចទ័រឡើងទៅ។

ទោះយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ២០២១ ដល់ពេលនេះ ការរញ្ជួយដីហាក់កើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺមានរហូតដល់ទៅជាង២០០ដងឯណោះ។ ការរញ្ជួយកម្រិតខ្លាំងគឺ ៤.៧រ៉ិចទ័របានកើតឡើងនៅខែសីហាឆ្នាំ២០២២ ដោយពេលនោះ ប្រជាជននៅតាមខេត្ត ក្រុងមួយចំនួនដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីស្រុក Kon Plong ក៏មានអារម្មណ៍ញ័រនិងរង្គើផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម រញ្ជួយដី៤លើកផ្ទួនៗ ញ័រដល់២ខេត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម