Connect with us

KPT+

៨ ចំណុចនេះបង្ហាញថា អ្នកមានភាពចាស់ទុំកម្រិតណាក្នុងជីវិតប្រចាំថ្ងៃ

បានផុស

នៅ

ជីវិតនិងភាពចាស់ទុំរបស់មនុស្ស មិនត្រូវបានវាស់វែងដោយឆ្នាំឬអាយុដែលកន្លងផុតទៅនោះទេ ប៉ុន្តែដោយបទពិសោធន៍ជីវិត និងអាកប្បកិរិយាចំពោះអ្នកដទៃ។ មនុស្សមួយចំនួនរស់នៅពាក់កណ្តាលជីវិតរបស់ពួកគេ ហើយនៅតែស្លូតត្រង់ និងឆោតល្ងង់ដូចកូនក្មេង។ មនុស្សខ្លះមានអាយុត្រឹមតែម្ភៃឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានឆ្លងកាត់ការឡើងចុះជាច្រើន ព្រមទាំងបានរៀនមេរៀនជាច្រើនពេញមួយជីវិតថែមទៀត។

ជីវិត​គឺ​សាមញ្ញ ប៉ុន្តែ​នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ជួប​ជុំ​គ្នា វា​ក្លាយ​ទៅ​ជាបញ្ហា​ស្មុគស្មាញ​ខ្លាំង​។ ការរស់នៅក្នុងសង្គម មនុស្សម្នាក់ត្រូវតែប្រុងប្រយ័ត្ន និងឆ្លាតវៃ ដើម្បីជំនះបន្លា និងឧបសគ្គនានាដែលឆ្លងមកដល់ជិតវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រប់​គ្នា​តែងចាត់​ទុក​ខ្លួន​ឯង​ជា​ចាស់​ទុំ និង​រឹង​មាំ ដូច្នេះ​សាក​មើល​ថា​ ៨ ចំណុច​ខាង​ក្រោម​នេះ ​អ្នក​យល់​បាន​កម្រិត​ណា ៖

១ បើអ្នកចង់មើលពីមុខមនុស្ស កុំមើលតែពីមុខ តែមើលជុំវិញខ្លួន

អ្នកអាចឃើញក្រុមគ្រួសារ មិត្តភ័ក្តិ និងមនុស្សដែលពួកគេប្រាស្រ័យទាក់ទងជាមួយ ហើយមើលពីរបៀបដែលពួកគេប្រព្រឹត្តនៅពេលដែលពួកគេអស់កម្លាំង ឬខឹង។ នេះការពិតរបស់មនុស្សគ្រប់គ្នាតែងមើលរំលង។

២ បោះបង់ចោលអារម្មណ៍ខ្ពស់ឬឆ្លាតជាងគេ

អ្នកប្រហែលជាឆ្លាត ប៉ុន្តែកុំបង្ហាញភាពល្អឯករបស់អ្នកពេក។ អ្នកប្រហែលជាល្អ ប៉ុន្តែកុំឲ្យមនុស្សគិតថាអ្នកល្អជាងពួកគេ។ ដោយសារតែនៅក្នុងសង្គមនេះ មនុស្សជាច្រើនមិនមែនសុទ្ធតែពេញចិត្តយើង បើគេដឹងថាពួកគេអន់ជាងអ្នក។ ទន្ទឹមនឹងនេះ ការក្រអឺតក្រទម នាំតែគ្រោះមហន្តរាយ និងនាំមកនូវផលវិបាកដល់ខ្លួនអ្នកវិញទេ។ ត្រូវចេះដប់ឲ្យប្រសព្វមួយ !​ ចេះឯងឲ្យក្រែងចេះគេ ចេះឯងប៉ុនទន្លេ ចេះគេប៉ុនសមុទ្រ!

៣ ​កុំ​និយាយ​ជ្រៅ​ពេក ហើយ​បញ្ចេញ​អស់​ពី​ចិត្ត​ពេល​ដែល​ភាគី​ទាំង​ពីរ​គ្រាន់​តែ​ស្គាល់​គ្នា​ប៉ុណ្ណោះ

ក្នុង​ជីវិត ការ​ប្រុង​ប្រយ័ត្ន​ មិន​ដែល​ជ្រុល​ពេក​ទេ ទោះ​ធ្វើ​អ្វី​ក៏​គួរ​ទុក​កន្លែង​សម្រាប់​ខ្លួន​ឯងដែរ។ ក្នុង​ទំនាក់ទំនង​ប្រចាំថ្ងៃ មនុស្ស​ខ្លះ​ទុក​ចិត្ត​ងាយ​ពេក ពេលគេធ្វើឲ្យខកចិត្តប្រែជាលែងមានអារម្មណ៍ធ្វើអ្វីបន្ត។ មនុស្សជាច្រើននិយាយអ្វីទាំងអស់នៅក្នុងចិត្តរបស់ពួកគេ ចំណុចខ្វះខាត និងរឿងអាក្រក់ ប្រាប់មនុស្សជុំវិញឬមនុស្សទើបស្គាល់ម្សិលម្ងៃ។ ទោះជាទំនាក់ទំនងជិតស្និទ្ធប៉ុណ្ណាក៏ដោយ ក៏អ្នកនៅតែត្រូវរក្សាទំនុកចិត្តខ្លះៗសម្រាប់ខ្លួនឯងដែរ។

៤ ការប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស នៅពេលដែលអ្នកសុំឲ្យអ្នកដ៏ទៃធ្វើអ្វីមួយ អ្នកត្រូវតែផ្តល់អត្ថប្រយោជន៍ខ្លះៗដល់ពួកគេជាមុនសិន ឬយ៉ាងហោចណាស់ក៏សន្យា

នេះ​ជា​ភាព​ឆ្លាត​វៃ​ជា​មូលដ្ឋាន​បំផុត​ដើម្បី​ធានាឲ្យបាន​នូវ​តុល្យភាព​នៃ​តម្លៃ​គឺ​តែងតែ​មាន​តុល្យភាព គ្មាន​អ្នក​ណា​ចាញ់ គ្មាន​អ្នក​ណា​ធ្វើ​បាប​គ្នា​ឡើយ។ នៅលើលោកនេះគ្មានឡើយរបស់ហ្រ្វីៗ ទិញនំក៏ត្រូវការប្រាក់ឲ្យអ្នកលក់ដែរ។ ត្រូវចេះក្រែងចិត្តគេ បើគេឲ្យអ្វីមួយ ទោះជាមិត្តជិតស្និតរាប់ឆ្នាំក៏ដោយ បើយើងខ្សែលើគមិនយូរទេ គ្មានអ្នកណាចង់រាបយើងឡើយ។

៥ មិនថាអ្នកស្និទ្ធស្នាលជាមួយអ្នកណាទេ កុំមើលស្រាលគេ ហើយកុំមើលងាយគេពេក

ប្រសិនបើអ្នកមិនគោរពអ្នកដទៃ អ្នកនឹងក្លាយទៅជាមនុស្សក្រអឺតក្រទម ប្រមាថអ្នកដទៃ និងបង្កើតរឿងអាម៉ាសដល់ខ្លួនឯង។ សាកស្រម៉ៃថាបើសិនមិត្តរបស់មានអាយុក្មេងជាងអ្នក​​ ស្រាប់តែមិនគោរពឲ្យតម្លៃវ៉ៃស្មើជាមួយ តើអ្នកមានអារម្មណ៍យ៉ាងណា? មិនខុសគ្នាទេ! មិនថាអ្នកស្និទ្ធស្នាលជាមួយអ្នកណាទេ កុំមើលស្រាលគេ ហើយកុំមើលងាយគេ។

៦ នៅពេលដែលអ្នកដទៃខកចិត្ត អ្នកមិនគួរនិយាយអ្វីដែលអ្នកមានមោទនភាពនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកដ៏ទៃអាក់អន់ចិត្ត

ពេល​អ្នក​ដទៃ​មាន​មោទនភាព កុំ​និយាយ​ពី​ការ​ខក​ចិត្ត​របស់​អ្នក ព្រោះ​វា​នឹង​បំផ្លាញ​សុភមង្គល​របស់​គេ។ នេះគឺជាជំនាញទំនាក់ទំនងជាមូលដ្ឋានក្នុងជីវិតប្រចាំថ្ងៃ ដែលគ្រប់គ្នាគួរតែយល់។​ មិនថាអ្នកខកចិត្ត ឬមោទនភាពនោះទេ ប្រសិនបើអ្នកពិតជាចង់ចែករំលែក ស្វែងរកនរណាម្នាក់ក្នុងស្ថានភាពស្រដៀងគ្នា ទើបធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយព្រមគ្នា។តែបើអ្នកនៅតែចចេះ ចង់ឌឺដង ចង់លើសគេ ថ្ងៃណាមួយអ្នកនឹងជួបរឿងដូចដែលអ្នកធ្វើដាក់ក្នុងថ្ងៃនេះ។ មិនសប្បាយលើគំនរទុក្ខគេ គឺជារឿងសមស្របដែលមនុស្សចាស់ទុំគួរមាន។

៧ ពេលចូលក្នុងបរិយាកាសថ្មី ឬទាក់ទងជាមួយមនុស្សថ្មី ដំបូងអ្នកត្រូវតែបន្ទាបខ្លួន និងធ្វើសកម្មភាពក្នុងកម្រិតមធ្យម សូម្បីតែពិចារណាថា តើអ្នកគួរតែធ្វើបានល្អពេកឬក៏អត់

បើមិនដូច្នេះទេ នៅពេលដែលអ្នកដទៃកំណត់ការរំពឹងទុករបស់ពួកគេខ្ពស់ពេក អ្នកនឹងខកចិត្តលើពួកគេយ៉ាងងាយ ហើយពីទីនោះ​ អ្នកអាចប្រឆាំងនឹងពួកគេនៅពេលណាក៏បាន។ បទពិសោធន៍នេះមានប្រយោជន៍ខ្លាំងណាស់ នៅក្នុងបរិយាកាសការិយាល័យ។

៨ ​កុំ​ប្រកាន់​ខ្លួន​ឯង​ពេក

ក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ អ្នកត្រូវកែតម្រូវអត្តសញ្ញាណ និងទីតាំងរបស់អ្នក។ ឧទាហរណ៍ បើអ្នកមិនស្គាល់អ្នកដ៏ទៃ កុំនិយាយពាក្យចំអក ឬនិយាយលេងសើចហួសហេតុពេក។ អ្នកគិតថាអ្នកកំប្លែង ប៉ុន្តែនៅក្នុងក្រសែភ្នែកអ្នកដ៏ទៃ វាមិនកំប្លែងទេ វាថែមទាំងអាចធ្វើឲ្យពួកគេឈឺចាប់ ធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឱ្យអ្នកបាត់បង់សូម្បីតែឱកាសល្អៗរវាងគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្ថបទអប់រំចិត្ត៖ រស់នៅស្ងប់ស្ងាត់ អ្នកជាមនុស្សរីករាយហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម