ព័ត៌មានជាតិ
សហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរី រក្សាទំនៀមទម្លាប់ប្រវាសដៃគ្នារដូវច្រូតកាត់ស្រូវ
បច្ចុប្បន្ននេះ វិស័យកសិកម្មរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានប្រើប្រាស់គ្រឿងចក្រទំនើបៗ ដូចជា ត្រាក់ទ័រ ម៉ាស៊ីនព្យួរស្រែ ម៉ាស៊ីនច្រូតស្រូវ និងឧបករណ៍ផ្សេងទៀត ដោយកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មដោយដៃ និងវិធីសាស្ត្រប្រពៃណី។ លើសពីនេះ នៅតាមបណ្តាខេត្តមួយចំនួន ក៏លែងមានការប្រវាសដៃគ្នាច្រូតស្រូវទៀតហើយ។ ទោះជាយ៉ាងណា នៅសហគមន៍ជនជាតិដើមភាគតិច រស់នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី នៅបន្តរក្សាទំនៀមទម្លាប់ប្រវាសដៃគ្នាធ្វើស្រែក្នុងរដូវប្រមូលផល ដោយពួកគេកំពុងមមាញឹកច្រូតស្រូវចម្ការ ពោលជួយគ្នាទៅវិញទៅមករហូតបញ្ចប់រដូវប្រមូលផលស្រូវ។

លោក ចំពូ កាំភឿន ជាជនជាតិដើមភាគតិចគ្រឹង បានប្រាប់កម្ពុជាថ្មីថា លោកមានដីស្រែជាងកន្លះហិកតា ដែលបានដាំពូជស្រូវអង្គរ ជាប្រភេទពូជស្រូវចម្ការ( ស្រូវស្រាល) ដាំដុះពីខែឧសភា រហូតមកដល់តុលា មានរយៈពេល៣ខែ ទើបប្រមូលផលស្រូវ ។ លោកបន្តថា ៖«ឆ្នាំនេះមានអ្នកភូមិចំនួន ៣០ នាក់ ជាកសិករធ្វើស្រែប្រវាសដៃគ្នាមកជួយច្រូតកាត់ស្រូវ។ ដល់ពេលបោកស្រូវរួចរាល់ហើយ ក៏ទៅជួយគេវិញរហូតដល់គ្រប់ចំនួនអ្នកដែលមកជួយតែម្តង»។ បើតាមកសិកររូបនេះ ស្រូវប្រភេទពូជស្រូវអង្គរដែលប្រមូលផល ទើបតែខ្ចីពីអ្នកភូមិមកដាំបានចំនួន ៥ ការ៉ុង សម្រាប់ហូបនៅក្នុងគ្រួសារ មិនមានសម្រាប់លក់នោះទេ ។

ចំណែក អ្នកស្រី នាង ជាកសិករជនជាតិដើមភាគតិចគ្រឹង ក៏បានប្រាប់កម្ពុជាថ្មីដែរថា ឆ្នាំនេះក៏បានប្រមូលផលស្រូវចម្ការដែលមានឈ្មោះ “ស្រូវកាស៊ី” ដែលឈ្មោះនេះហៅតាមភាសាគ្រឹង ។ អ្នកស្រីបន្តថា គោលបំណងដាំស្រូវនេះគឺដើម្បីទុកហូបប្រចាំថ្ងៃ ទម្រាំស្រូវធ្ងន់ដែលជាស្រូវស្រែ ហុចផលឱ្យនៅពេលក្រោយ។

សូមជម្រាបថា គ្រួសារកសិករខ្លះនៅខេត្តរតនគិរី ដាំដុះស្រូវមានពីរប្រភេទ គឺស្រូវចម្ការ (ស្រូវស្រាល) និងស្រូវស្រែ(ស្រូវធ្ងន់)។ សម្រាប់ស្រូវចម្ការនេះ ដាំដុះក្នុងខែ ឧសភា ឬកក្កដា ហើយប្រមូលផលនៅខែ តុលា ដែលស្រូវនេះសម្រាប់ទុកហូបពេលស្រូវអស់ពីជង្រុក។ ចំណែកស្រូវស្រែដែលជាប្រភេទស្រូវធ្ងន់ ដាំក្នុងខែកក្កដា ដែលនឹងប្រមូលផលនៅខែវិច្ឆិកា ឬខែធ្នូ សម្រាប់ទុកហូបពេញ ១ឆ្នាំតែម្តង៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


