Connect with us

ព័ត៌មានជាតិ

កម្ពុជាជំរុញ OHCHR ចុះបេសកកម្មសង្កេតការណ៍បន្ទាន់ករណីថៃប្រើប្រព័ន្ធសំឡេងកម្រិតខ្លាំងធ្វើទុក្ខបុកម្នេញ

បានផុស

នៅ

កម្ពុជា តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ជំរុញឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជា​ជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចុះបេសកកម្មសង្កេតការណ៍ដោយផ្ទាល់នៅតំបន់បណ្តោយព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់បំផុត បន្ទាប់ពីថៃប្រើប្រាស់ប្រព័ន្ធសំឡេងកម្រិតខ្លាំងធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋស្លូតត្រង់។ នេះបើយោងតាមលិខិតរបស់ គ.ស.ម.ក. ដែលបានផ្ញើជូនលោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ថ្ងៃទី ១៧ ខែតុលា ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ បន្ទាប់ពីភាគីថៃបន្តប្រើប្រាស់សំឡេងរំខានជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិត បំភ័យ និងការយាយីផ្លូវចិត្ត នៅតាមព្រំដែនកម្ពុជា-ថៃ ។ ក្នុងន័យនេះ គ.ស.ម.ក. ជំរុញឱ្យ (OHCHR) ចាត់វិធានការឱ្យទាន់ពេលវេលា និងដោយម៉ឺងម៉ាត់ រួមទាំងការចុះបេសកកម្មសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត នៅតំបន់បណ្តោយព្រំដែនកម្ពុជា- ថៃ ដែលជាកន្លែងត្រូវបានរាយការណ៍ថាមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ គ.ស.ម.ក. គូសបញ្ជាក់ថា៖« កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស អន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ នឹងបង្កើតជាគំរូអាក្រក់ចំពោះ និទណ្ឌភាព ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយផងដែរ»។

ការជំរុញនេះ បន្ទាប់ពីកាសែតថៃ Khaosod English ចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ថា មានក្បួនរថយន្តមួយ ដែលបំពាក់ដោយឧបករណ៍បំពងសំឡេងឮខ្លាំងៗ បានប្រមូលផ្តុំគ្នានៅ Ban Nong Chan ដើម្បីចាក់សំឡេង ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥។ ជាក់ស្តែង នៅយប់ថ្ងៃទី ១៧ តុលា ថៃបានចាក់សំឡេងខ្លាំងៗរំខានដល់ដំណេក និងធ្វើបាបផ្លូវចិត្តពលរដ្ឋកម្ពុជា។ ប្រព័ន្ធសំឡេងទាំងនោះ ត្រូវបានរាយការណ៍ថា មានកម្រិតសំឡេងខ្លាំង ដែលលើសពីដែនកំណត់សម្រាប់សុវត្ថិភាពរបស់មនុស្ស។ ការសិក្សាបែបវិទ្យាសាស្ត្របញ្ជាក់ថា សំឡេងលើសពី ១៤០ដេស៊ីបែល អាចធ្វើឱ្យខូចក្រដាសត្រចៀក ខណៈដែលកម្រិតឡើងដល់ ២០០ដេស៊ីបែល នឹងបណ្តាលឱ្យមានរបួសខាងក្នុងធ្ងន់ធ្ងរ។ ដូច្នេះ រាល់ការប្រព្រឹត្តសកម្មភាពបែបនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរដោយចេតនាលើសុខភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

គ.ស.ម.ក. សង្កត់ធ្ងន់ថា«កម្រិតសំឡេងខ្លាំងបែបនេះ បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅភូមិជោគជ័យ ជា ពិសេសស្ត្រី កុមារ មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព។ សកម្មភាពអរិភាព និងបង្កហេតុទាំងនេះគឺជាឧទាហរណ៍មួយនៃវិធីសាស្ត្របែប “ច្បាប់ព្រៃ” ដែលមិនគោរពតាមបទដ្ឋានច្បាប់អន្តរជាតិជាធរមាន»។ លើសពីការបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពបុគ្គល ភាគីថៃធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យចុះខ្សោយនូវប្រសិទ្ធភាព និងភាពជឿជាក់បាននៃយន្តការសិទ្ធិមនុស្សអន្តរជាតិ ដែល បានបង្កើតឡើងដើម្បីការពារប្រជាជនស្លូតត្រង់ និងងាយរងគ្រោះ។

រូបភាព៖ក្រសួងព័ត៌មាន

គ.ស.ម.ក. បានកត់សម្គាល់ថា សូម្បីតែឥស្សរជនរបស់ថៃ រួមមានសមាជិកព្រឹទ្ធសភាមន្ត្រីអនុវត្តច្បាប់ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងមេដឹកនាំគណបក្សនយោបាយ សុទ្ធតែបានទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន គឺជាទម្រង់នៃការបំភិតបំភ័យផ្លូវចិត្ត គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរ ជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្រោមអនុសញ្ញាប្រឆាំងនឹងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។

បើទោះបីជាមានការបង្កហេតុជាបន្តបន្ទាប់ក៏ដោយ ក៏ប្រទេសកម្ពុជាបានប្រកាន់យកវិធានការមិនឆ្លើយតប ការគោរពចំពោះយន្តការអន្តរជាតិ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះនីតិរដ្ឋ ព្រោះការកើនឡើង នៃភាពតានតឹងនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ប្រជាជននៃប្រទសទាំងពីរ ជាពិសេសសិទ្ធិរស់រានមាន ជីវិត និងសន្តិសុខបុគ្គល។ គ.ស.ម.ក. នៅតែប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងលោក Volker Türk ព្រមទាំងសហការី ក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិមនុស្សរបស់ប្រជាជនស្លូតត្រង់ទាំងអស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម