Connect with us

ព័ត៌មានជាតិ

ថ្ងៃបើកបវេសនកាល អភិបាលខេត្តរតនគិរី លើកទឹកចិត្តសិស្សកាន់ប៊ិក សៀវភៅ ខំរៀនសូត្រ

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី បានលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សា និងរៀនសូត្រ។ លោកបានជំរុញឱ្យសិស្សានុសិស្សចាត់ទុកក្ដារខៀន ប៊ិច សៀវភៅ និងសាលារៀនជាមិត្តភ័ក្តិ និងអភិវឌ្ឍខ្លួនឯងបន្តិចម្តងៗសម្រាប់អនាគតរបស់ពួកគេ គ្រួសារ និងសង្គម។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នៅក្នុងបរិវេណ វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានវាយតម្លៃខ្ពស់ចំពោះចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់មន្ត្រីអប់រំគ្រប់ឋានានុក្រមដែលខិតខំប្រឹងប្រែងប្រកបដោយមនសិការវិជ្ជាជីវៈក្នុងការពង្រីកនិងផ្តល់សេវាអប់រំឱ្យបានខិតដល់មូលដ្ឋានថែមទាំងទទួលបាននូវគុណភាពថែមទៀត។ តួយ៉ាង ឆ្នាំមុនខេត្តរតនគិរីទទួលបានសិស្សពូកែនិទ្ទេសAចំនួន ១៦ នាក់ ស្រី០៦នាក់ ហើយឆ្នាំនេះកើនឡើង០៦នាក់បន្ថែមទៀត។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ គ្រប់ឋានានុក្រមនៃមន្ទីរអប់រំ យុវជននិងកីឡា អាជ្ញាធរដែនដីនៃរដ្ឋបាលក្រុង/ស្រុក គណៈកម្មការគ្រប់គ្រងសាលារៀន អង្គការដៃគូអភិវឌ្ឍនានា ដែលខិតខំប្រឹងប្រែងសហការសម្របសម្រួលអភិវឌ្ឍវិស័យអប់រំ។ លោកបញ្ជាក់ថា៖«ទង្វើនិងសកម្មភាពសហប្រតិបត្តិការរបស់អ្នកទាំងអស់គ្នាពិតបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល លើការកែទម្រង់ជាតិ ពិសេសកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ»។

លោកមានប្រសាសន៍ថា ទោះបីខេត្តរតនគិរី មានភូមិសាស្ត្រនៅឆ្ងាយពីរាជធានីភ្នំពេញ ហើយក៏ជាខេត្តមួយដែលពោពេញទៅដោយពហុវប្បធម៌ ប្រពៃណី ភាសា ពហុជនជាតិដើមភាគតិច មានស្ថានភាព និងលក្ខណៈស្មុគស្មាញយ៉ាងណាក៏ដោយ តែរាជរដ្ឋាភិបាលកម្ពុជាមិនដែលបោះបង់ចោលខេត្តនេះឡើយ។

ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានខិតខំច្នៃប្រឌិតគ្រប់មធ្យោបាយ យុទ្ធសាស្ត្រ ដើម្បីនាំមកនូវសន្តិភាព សុខសុវត្ថិភាព ការអភិវឌ្ឍដែលជាវត្ថុមិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជានិយាយជារួម និង ខេត្តរតនគិរី និយាយដោយឡែក បានបង្កឱកាសលើការផ្តល់សេវាអប់រំប្រកបដោយសមធម៌ គុណភាព និងបរិយាប័ន្នដល់ប្អូនៗក្មួយៗគ្រប់ក្រុមជនជាតិទាំងអស់ ដោយគ្មានការរើសអើងជាតិសាសន៍ និងប្រកាន់និន្នាការនយោបាយឡើយ។ ជាពិសេសការបន្តបង្កើតឱ្យមានសាលារៀនគ្រប់ភូមិសិក្សាឱ្យកាន់តែស្ថិតនៅក្បែរសហគមន៍ដែលក្មួយៗ រស់នៅជិតផ្ទះបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម