ព័ត៌មានអន្ដរជាតិ
ឆ្ងល់អត់ ហេតុអ្វីមីស៊ីលភាគច្រើនត្រូវបានបាញ់នៅពេលយប់ជាជាងពេលថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?
នៅក្នុងសង្គ្រាមសម័យទំនើបជាច្រើន រាប់ចាប់ពីអ៊ុយក្រែនទៅដល់តំបន់ហ្គាហ្សា ហើយថ្មីៗនេះនៅក្នុងការកើនឡើងនៃអរិភាពរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ គ្រប់គ្នាប្រហែលជាចាប់អារម្មណ៍នៅត្រង់ចំណុចមួយថា ការវាយប្រហារដោយមីស៊ីលជាញឹកញាប់កើតឡើងនៅពេលយប់។ តើនេះបណ្ដាលមកពីមូលហេតុអ្វី?

បើតាមអ្នកវិភាគយោធា ពេលវេលានៃការបាញ់មីស៊ីលមិនមែនធ្វើឡើងតាមតែអំពើចិត្តឡើយ។ ផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នានៃកត្តាកលល្បិច បច្ចេកវិទ្យា និងផ្លូវចិត្ត ដែលផ្តល់ឲ្យប្រតិបត្តិការនៅពេលយប់នូវគុណសម្បត្តិខុសៗគ្នាក្នុងអំឡុងពេលសង្គ្រាម។
🕶️ ១.កាត់បន្ថយសមត្ថភាពប្រព័ន្ធតាមដានរបស់សត្រូវ
នៅពេលយប់ ការឃ្លាំមើលដោយអ្នកសង្កេតការណ៍មិនថាជាមនុស្សក្ដី ឬប្រព័ន្ធកាមេរ៉ាក្ដីសុទ្ធតែមានកម្រិត។ ទោះប្រទេសជាច្រើនមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធតាមដាននៅពេលយប់ ក៏ការបាញ់មីស៊ីលនៅក្រោមការបិទបាំងនៃភាពងងឹតនៅតែអាចជួយកាត់បន្ថយប្រសិទ្ធភាពនៃការតាមដានទាំងនោះ និងធ្វើឲ្យផ្លូវហោះហើររបស់មីស៊ីលកាន់តែពិបាកក្នុងការចាប់សញ្ញា។
លោក Justin Bronk អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Royal United Services (RUSI) បាននិយាយថា «ភាពងងឹតផ្តល់នូវស្រទាប់បំបាំងកាយធម្មជាតិ។ វាធ្វើឲ្យអ្នកសង្កេតការណ៍មនុស្ស និងប្រព័ន្ធរ៉ាដាមួយចំនួន កាន់តែពិបាកក្នុងការកំណត់អត្តសញ្ញាណ និងឆ្លើយតបបានទាន់ពេលវេលាចំពោះការបាញ់បង្ហោះមីស៊ីល»។
📡 ២. ស្រួលគេចពីរ៉ាដា និងប្រព័ន្ធតាមដានកម្ដៅមីស៊ីល
បើយោងតាមការចុះផ្សាយរបស់ Defence One ទោះបីជាប្រព័ន្ធរ៉ាដានិងផ្កាយរណបដំណើរការ២៤ម៉ោងលើ២៤ម៉ោងក៏ដោយ សីតុណ្ហភាពត្រជាក់នាពេលយប់នៅតែអាចជួយបិទបាំងសញ្ញារលកកម្ដៅនៃមីស៊ីល។ នៅពេលត្រូវបានបាញ់បង្ហោះ មីស៊ីលបានបញ្ចេញនូវរលកកម្ដៅ ហើយរលកកម្ដៅនេះឯងដែលធ្វើឲ្យប្រព័ន្ធតាមដានអាចកំណត់អត្តសញ្ញាណបាន។ នេះបានន័យថា យប់កាន់តែត្រជាក់ នោះរលកកម្ដៅនៃមីស៊ីលនឹងត្រូវបានកាត់បន្ថយ ដែលតិចឬក៏ច្រើនក៏អាចជួយបញ្ចៀសខ្លួនពីប្រព័ន្ធតាមដានបានខ្លះដែរ។
🚫 ៣. ពន្យារពេលការឆ្លើយតបរបស់សត្រូវ និងកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល
យោងតាមអត្ថបទព័ត៌មានរបស់ Al Jazeera ការវាយប្រហារនៅពេលយប់ ក៏ជួយកាត់បន្ថយសមត្ថភាពភ្លាមៗរបស់គោលដៅក្នុងការសងសឹក។ អ្នករៀបចំផែនការ និងអ្នកដឹកនាំយោធាទំនងជាមិនសូវត្រៀមខ្លួនរួចរាល់ទេ ដែលអាចពន្យារពេលការឆ្លើយតបរបស់ពួកគេ ទោះប៉ុន្មាននាទីដ៏មានតម្លៃខ្លាំងណាស់នៅអំឡុងពេលសង្គ្រាម។
លើសពីនេះទៀត ការវាយប្រហារដោយមីស៊ីលនៅពេលយប់ អាចជួយបញ្ចៀសការភ័យស្លន់ស្លោក្នុងចំណោមប្រជាជន និងកាត់បន្ថយចំនួនស្លាប់នៃជនស៊ីវិល នៅពេលដែលសកម្មភាពសាធារណៈមានតិចតួចបំផុត។
ឧទាហរណ៍៖ ក្នុងអំឡុងពេលជម្លោះហ្គាហ្សាឆ្នាំ២០២៣ ទាំងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល និងក្រុមហាម៉ាសបានកើតឡើងជាញឹកញាប់នៅចន្លោះម៉ោង១០យប់ដល់ម៉ោង៤ភ្លឺ ដែលជាពេលវេលាដែលជនស៊ីវិលភាគច្រើននៅក្នុងផ្ទះ ឬដេកលក់។
🎯 ៤. មានឱកាសខ្ពស់ក្នុងការឈានដល់គោលដៅសំខាន់ៗ
នៅពេលយប់ កងទ័ពតែងតែបាញ់មីស៊ីលនៅទីតាំងសំខាន់ៗរបស់សត្រូវ ដូចជា មូលដ្ឋានយោធា ស្ថានីយ៍រ៉ាដា ឬកន្លែងផ្ទុកអាវុធ ជាដើម ដោយសារសត្រូវមិនសូវប្រុងប្រយ័ត្ន ឬសកម្ម ដូច្នេះពួកគេអាចមានប្រតិកម្មយឺត។ នេះបើយោងតាមការចុះផ្សាយរបស់ The Times។
ជាឧទាហរណ៍ នៅពេលដែលអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នាពេលថ្មីៗនេះ ការវាយប្រហារជាច្រើនត្រូវបានធ្វើឡើងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ខណៈដែលយោធាអ៊ីរ៉ង់មិនសូវបានត្រៀមខ្លួនក្នុងការឆ្លើយតប។
🧠 ៥. សង្គ្រាមផ្លូវចិត្ត
ការវាយប្រហារពេលយប់ ក៏មានតួនាទីជាឧបករណ៍នៃសង្គ្រាមចិត្តសាស្ត្រផងដែរ។ ការភ័យខ្លាចនៃការផ្ទុះអាវុធភ្លាមៗនៅពេលយប់ បង្កើនភាពតានតឹងទាំងក្នុងចំណោមជនស៊ីវិល និងទាហាន។
នៅក្នុងការផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន CNN លោក Cedric Leighton វរសេនីយ៍ឯកដែលចូលនិវត្តន៍របស់កងទ័ពអាកាសអាមេរិក ធ្លាប់បាននិយាយថា «ការគេងមិនលក់ និងការភ័យខ្លាចឥតឈប់ឈរ បានបំផ្លាញភាពធន់ខាងផ្លូវចិត្តរបស់សត្រូវ។ វាមិនមែនគ្រាន់តែអំពីការខូចខាតនោះទេ វាក៏ពាក់ព័ន្ធនឹងភាពនឿយហត់អស់កម្លាំង ការជ្រួលច្របល់ និងការភ័យស្លន់ស្លោផងដែរ»។
សរុបសេចក្ដីមក ការវាយប្រហារដោយមីស៊ីលនៅពេលយប់ មិនមែនជារឿងចៃដន្យទេ ពោលគឺជាលទ្ធផលនៃការធ្វើផែនការយុទ្ធសាស្ត្រដោយចេតនា។ ប្រតិបត្តិការពេលយប់ ប្រៀបបានដូចជាប្រើរនាំងបំបាំងកាយ កាត់បន្ថយហានិភ័យនៃការវាយបក និងបង្កើនផលប៉ះពាល់ផ្លូវចិត្តចំពោះសត្រូវ ខណៈព្យាយាមបញ្ចៀសផលប៉ះពាល់ ឬការស្លាប់នៃជនស៊ីវិលតាមដែលអាចធ្វើទៅបាន៕
ដោយ៖ ឈាង
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


