ព័ត៌មានជាតិ
ស្វែងយល់ពីសំណង់សាធារណ អាយុកាលរាប់ពាន់ឆ្នាំមុនរបស់បុព្វបុរសខ្មែរសម័យបុរាណ
សាស្រ្តាចារ្យ ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចងក្រងឯកសារពីសំណង់សាធារណកាលពីសម័យបុរាណ។
ឯកសារស្រាវជ្រាវបានលើកពីសំណង់សាធារណការសម័យបុរាណមានដូចជា បន្ទាយ បារាយ ព្រែកជីកជាដើម ដែលជាតឹងតាងបង្ហាញពីវឌ្ឍនភាពនៃការសាងសង់សំណង់ផ្សេងៗ ដែលបម្រើប្រយោជន៍សាធារណកាលពីរាប់ពាន់ឆ្នាំមុន។
បន្ទាយ
ពាក្យ “បន្ទាយ” មានន័យថាជា “កំពែង” គឺរបងព័ទ្ធជុំវិញទីធ្លាអ្វីមួយអាចជាប្រាសាទ, ព្រះរាជវាំង, រាជធានី, ក្រុងផ្សេងៗ ឬភូមិលំនៅជាដើម។ បន្ទាយឬកំពែងខ្លះធ្វើពីឈើ, ខ្លះធ្វើពីដី, ខ្លះធ្វើពីឥដ្ឋ, ខ្លះធ្វើពីថ្មបាយក្រៀម និងខ្លះទៀតធ្វើពីថ្មភក់ក៏មាន។
ន័យដើមរបស់ពាក្យ “បន្ទាយ” គឺសំដៅថា របង ឬកំពែង តែការហៅជាទូទៅក្លាយជាសំដៅរួមទាំងអ្វីៗដែលនៅក្នុងរបងឬកំពែងទាំងមូលនោះតែម្តង។ ឧទាហរណ៍ បន្ទាយព្រៃនគរ បន្ទាយក្តី, បន្ទាយស្រី, បន្ទាយឆ្មារ, បន្ទាយលង្វែកជាដើម។ មិនត្រឹមហៅចំពោះតែកំពែងព័ទ្ធពីក្រៅប៉ុណ្ណោះទេ គឺហៅសំដៅលើសំណង់អ្វីៗទាំងអស់ ដែលនៅក្នុងនោះផង។

ប្រាសាទបន្ទាយព្រៃនគរមានកំពែងព័ទ្ធជុំវិញ
ថ្នល់
ថ្នល់ជាផ្លូវសម្រាប់ធ្វើដំណើរដែលគេលើកដីខ្ពស់មានទំហំធំ ហើយមានប្រវែងវែង។ ចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័នបង្ហាញអំពីថ្នល់គឺមានមនុស្សធ្វើដំណើរដោយថ្មើរជើង និងជិះសត្វដំរីផង ដែលបញ្ជាក់ថាជាថ្នល់វែងឆ្ងាយ។ ចំណែកឯផ្លូវវិញ គឺជាគន្លងសម្រាប់ធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ តែពុំមានលើកដីខ្ពស់ដូចថ្នល់ឡើយ។
ស្ពាន
ស្ពានសម្រាប់ឆ្លងកាត់ស្ទឹង, ព្រែក, ឬអូរនានា ច្រើនសាងអំពីឈើឬថ្មបាយក្រៀម ឬមួយថ្មភក់ជាដើម ហើយច្រើនស្ថិតនៅតាមថ្នល់បុរាណ។ នៅចន្លោះជើងស្ពានតែងមានប្រលោះសម្រាប់ឲ្យទឹកហូរឆ្លងកាត់ ហើយអ្នកស្រុកខ្លះហៅប្រលោះនោះថា “រន្ធត្រដេវ”។

ស្ពានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណវែងជាងគេស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប
លូ
ជាប្រហោងដែលគេយកថ្មមករៀបឲ្យមានផ្លូវរន្ធត្រដេវ សម្រាប់ទឹកហូរឆ្លងពីម្ខាងថ្នល់ទៅម្ខាងទៀត តែពុំរៀបឲ្យចេញជាជើងសសរនិងប្រលោះច្រើន ព្រមទាំងមានបង្កាន់ដៃនៅផ្នែកខាងលើខ្ពស់ជាងថ្នល់ដូចស្ពានឡើយ។
ព្រែកជីក
ជាផ្លូវទឹកដែលកើតមកពីមនុស្សជីកបំបែក ឬបង្វែរចេញមកពីទន្លេ ឬស្ទឹងផ្សេងៗ ក្នុងបំណងដើម្បីយកទឹកប្រើប្រាស់ ឬមួយធ្វើជាប្រព័ន្ធផ្លូវដឹកជញ្ជូនជាដើម។
ព្រែកជីកបុរាណដែលធំៗ គឺមានព្រែកជីកសម័យមុនអង្គរចុះពីក្រុងអង្គរបុរីខេត្តតាកែវ ត្រង់ទៅអូរកែវ ដែលជាក្រុងនៅជិតមាត់សមុទ្រ និងមួយទៀតគឺព្រែកស្រមោច ដែលជាព្រែកជីកបុរាណចេញពីជិតជើងភ្នំគូលែនរត់ត្រង់ទៅទន្លេសាបកាត់តំបន់កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ រីឯ “ព្រែកភ្ជាប់” គឺជាព្រែកដែលគេជីកតភ្ជាប់ពីផ្លូវទឹកមួយទៅផ្លូវទឹកមួយទៀតដែលនៅជិតគ្នា។

ព្រែកស្រមោច ជាព្រែកជីកបុរាណពីតំបន់ជើងភ្នំគូលែនទៅទន្លេសាបកាត់តាមកំពង់ឃ្លាំងខេត្តសៀមរាប
បារាយ
ជាអាងរក្សាទឹកដែលមានផ្ទៃធំហើយកើតពីមនុស្សលើក។ នៅសម័យបុរាណ គេហៅបារាយថា “តដាក” ដូចជា ឥន្ទ្រតដាក គឺសព្វថ្ងៃហៅបារាយលលៃ, យសោធរតដាក សព្វថ្ងៃហៅថ្នល់បារាយជាដើម។
ចំពោះយសោធរតដាកបច្ចុប្បន្នគោកអស់ ហើយមានភូមិអ្នកស្រុករស់នៅគេហៅឈ្មោះភូមិនោះថា “ប្រដាក” ដែលជាពាក្យក្លាយមកពីពាក្យបុរាណថា “តដាក” ពោលគឺបារាយនោះឯង ដ្បិតភូមិនោះតាំងនៅកណ្តាលបារាយយសោធរ។
រីឯ “ជ័យតដាក”(បារាយនាគព័ន្ធ) សព្វថ្ងៃហៅថា “វាលរាជដាក” ព្រោះទីនោះគោកក្លាយទៅជាវាល។ នៅតំបន់ខ្លះគេហៅបារាយថា “រហាល” ឬតូចជាងនោះ អ្នកខ្លះហៅថា ល្បើក, ថោក, ត្រពាំង ឬស្រះជាដើម។

ថ្នល់បារាយ
ជាខ្នងទំបន់បារាយដែលគេលើកដីខ្ពស់សម្រាប់ទប់ទឹកផង និងប្រើជាថ្នល់សម្រាប់ធ្វើដំណើរផង។ ការហៅថ្នល់បារាយជួនកាលគេសំដៅទាំងអ្វីៗនៅក្នុងបរិវេណបារាយនោះទាំងមូលតែម្តង ដូចជាករណីយសោធរតដាកជាដើម។
ទន្លេអុំ
ជាស្រះទឹកធំដែលច្រើនតែស្ថិតនៅចំពីមុខប្រាសាទ។
ថ្មគោល
ជាថ្មរាងបួនជ្រុងទ្រវែង ជួនលាតជូនមានចម្លាក់ក្បូរក្បាច់ ឬរូបទេពផ្សេងៗខាងព្រហ្មញ្ញសាសនា ឬមួយខាងពុទ្ធសាសនាជាដើម។ ថ្មគោលលាតពុំមានចម្លាក់អ្វីជាសំខាន់នោះ គេច្រើនដាំជាប់នឹងដី ដើម្បីកំណត់សម្គាល់ព្រំដីឬព្រំតំបន់អ្វីផ្សេងៗ។
រីឯថ្មគោលដែលមានក្បាច់រចនា ឬរូបតួអង្គទេពនិករផ្សេងៗនោះ គេច្រើនកម្កល់នៅលើជើងទម្រដើម្បីកំណត់ព្រំមណ្ឌលសក្ការៈ ឬគេតម្កល់នៅត្រង់ចំណុចផ្ចិតទីណាមួយ ហើយគោរពបូជាចំពោះថ្មគោលនោះទៀតផង។
មានថ្មគោលម្យ៉ាងទៀតដែលនៅផ្នែកខាងលើគេរចនាឲ្យមានរាងរៅផ្សេងៗ ហើយច្រើនដាក់ជាពីរជួរអមផ្លូវចូលទៅកាន់ប្រាសាទក៏មានដែរ ដែលអ្នកខ្លះហៅថា “គោលសីមា”។ ថ្មគោលពីបុរាណខ្លះសម័យក្រោយមកក្លាយជាអ្នកតាដូចដែល យើងតែងឮគេហៅឈ្មោះថា “អ្នកតាថ្មគោល” ជាដើម។

ថ្មគោលព្រះពាន់តាំងនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
ក្រោល
ជាសំណង់សាងឡើងអំពីថ្មបាយក្រៀម មានរាងជាកំពែងព័ទ្ធជុំវិញទីធ្លារាងមូលមួយពោលគឺមានរាងដូចជាក្រោល។ សំណង់បែបនេះឃើញមានខ្លះនៅក្នុងតំបន់អង្គរ ដែលអ្នកស្រុកហៅថា “ក្រោលរមាស” ហើយគេយល់ថាប្រើសម្រាប់ជាកន្លែងផ្សាំងសត្វដំរីទៀតផង។

ក្រោលរមាសនៅតំបន់អង្គរខេត្តសៀមរាប
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


