ព័ត៌មានជាតិ
ស្វែងយល់វត្ថុធាតុ សម្រាប់សាងសង់សំណង់ផ្សេងៗរបស់បុព្វបុរសខ្មែរកាលពីរាប់ពាន់ឆ្នាំមុន
សំណង់បុរាណមានច្រើនបែបទាំងរូបរាង ទំហំ និងទីតាំង។ ឯកសារស្រាវជ្រាវរបស់សាស្តាចារ្យ ពា្រប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកយកពីវត្ថុធាតុដើម្បីសាងសង់សំណង់ប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់បុព្វបុរសខ្មែរសម័យបុរាណមានដូចជា ឥដ្ឋ ថ្ម ដី វត្ថុធាតុដែលឆាប់ពុកផុយដូចជា ឈើ ឫស្សី វល្លិ និងវត្ថុធាតុប្រើប្រាស់ប្រចាំថ្ងៃដទៃទៀត។
ដី, ដីឥដ្ឋ, ខ្សាច់
មានសំណង់ខ្លះដូចជាកំពែងប្រាសាទ, កំពែងភូមិលំនៅ, កំពែងក្រុង ឬបន្ទាយ, ថ្នល់ និងទំនប់ ឬខ្នងបារាយជាដើម គឺគេលើកដីពូនឲ្យខ្ពស់និងបង្ហាប់ឲ្យណែន ហើយជួនកាលមានថែមឥដ្ឋ ឬថ្មខ្លះៗក៏មាន។ រីឯគ្រឹះសំណង់ធំៗ មានប្រាសាទ ឬខឿនអ្វីផ្សេងៗ គេច្រើនក្រាលខ្សាច់ និងជួនកាលមានលាយកម្ទេចថ្ម ហើយគេបុកបង្ហាប់ទៀតផង។

វត្ថុធាតុងាយពុកផុយ
មានសម្ភារៈខ្លះដែលជារុក្ខជាតិដូចជាឫស្សី, ផ្តៅ, វល្លិ និងស្លឹកផ្សេងៗជាដើមត្រូវបានប្រើប្រាស់ធ្វើជាគ្រឿងសំណង់ដូចសម័យសព្វថ្ងៃដែរ គ្រាន់តែមិនអាចនៅគង់វង្សបានយូរ។ ចម្លាក់នៅប្រាសាទបាយ័ន្តមានបង្ហាញពីក្រុមជាងកំពុងធ្វើការងារផ្សេងៗ មានដាប់ ចាំង សែង លី ជាដើម ហើយក្នុងនោះក៏មានបង្ហាញពីស្បូវដែលក្រងរួចប្រើសម្រាប់ប្រក់ខ្លះដែរ។
ឈើ
ប្រភេទឈើខ្លះមានសាច់ឬខ្លឹមជាប់មាំបានល្អ គេយកមកប្រើជាគ្រឿងផ្គុំផ្សេងៗលើសំណង់បុរាណធ្វើជាធ្នឹម, ផ្ចោង, ផ្លាន, ដៃរណែង, ពិតាន, សន្លឹកទ្វារជាដើម។
តាមអ្នកស្រុកខ្លះនិយាយថា ឈើដែលគេយកមកប្រើជាគ្រឿងសំណង់ជាប់បានយូរមានឈើឪឡោក, ជើងចាបភ្នំ, តាត្រាវ, គគីរជាដើម។ មកដល់សព្វថ្ងៃ យើងអាចឃើញមានសំណល់ឈើខ្លះៗដែរ ដែលគេប្រើលាយជាមួយនឹងថ្មធ្វើជាធ្នឹម, ធ្វើជាពិតាន។ ឯផ្នែកខ្លះទៀតពុំមានសាច់ឈើនៅគង់វង្សដល់សព្វថ្ងៃទេ តែយើងដឹងថាគេប្រើឈើលាយជាមួយថ្មដែរ ដោយសារឃើញរន្ធដំណាប់ថ្ម, ជាគន្លាក់, ចង្អូរ ឬពន្លូញថ្មជាដើម ដែលគេយកឈើមកភ្ជាប់ដើម្បីធ្វើជាគ្រឿងទ្រដំបូល។

ប្រាសាទបន្ទាយទ័ពនៅមានបន្សល់ពិដានឈើជាប់រហូតមកដល់សព្វថ្ងៃ
ដីដុត
សម្ភារៈសំណង់ខ្លះដូចជាឥដ្ឋ, ក្បឿង, ព្រំដំបូល, រងស្បូវ, នាងច្រាលជាដើម គឺគេធ្វើឡើងពីដីឥដ្ឋយកទៅដុតក្នុងឡឲ្យឆ្អិន ឡើងពណ៌ក្រហមព្រឿងៗ។ ឥន្ឋនោះមានទំហំតូចធំច្រើនយ៉ាង និងប្រើទៅតាមផ្នែកផ្សេងៗនៃសំណង់។ យ៉ាងណាក៏ដោយ ក៏ឥដ្ឋបុរាណនោះមានទំហំធំៗជាងឥដ្ឋសម័យបច្ចុប្បន្ន។
នៅសម័យមុនអង្គរ គេច្រើនប្រើឥដ្ឋសម្រាប់សាងប្រាសាទនានា។ ចំណែកឯក្បឿងធ្វើពីដីដុតដែលមានរាងផ្សេងៗ និងប្រើទៅតាមផ្នែកនានានៃដំបូល គឺមានច្រើននៅសម័យអង្គរ ហើយច្រើនឃើញមានក្បឿងស្រទបចេក, ព្រំដំបូល, រងស្បូវ, នាងច្រាលជាដើម។ ក្បឿងនេះខ្លះគេដុតឲ្យឆ្អិនរឹងមាំល្មមៗ ខ្លះជាប់មាំខ្លាំង និងខ្លះទៀតនៅផ្ទៃខាងក្រៅមានស្រទាប់រលោងទៀតផង។
បាយអ
ជាល្បាយផ្សំពីខ្សាច់, កំបោរ និងទឹកឬធាតុអ្វីផ្សេងៗទៀត ប្រើសម្រាប់បូកលើប្រាសាទ ឬសំណង់អ្វីផ្សេងៗ។ ប្រាសាទដែលសាងអំពីឥដ្ឋខ្លះ គេយកបាយអទៅបូកពីលើទាំងខឿន, ជញ្ជាំង, កំពូល និងចម្លាក់ផ្សេងៗ។
ថ្មភក់
ជាថ្មភ្នំមានគ្រាប់ខ្សាច់ល្អិតៗម៉ត់ ហើយមានពណ៌ប្រផេះ, ពណ៌ក្រហម (ឬផ្កាឈូក) និងពណ៌លឿងជាដើម។ ចំពោះប្រាសាទសាងអំពីឥដ្ឋឬថ្មបាយក្រៀម គេប្រើថ្មភក់ធ្វើជាស៊ុមទ្វារ, ស៊ុមបង្អួច, សសរពេជ្រ, ផ្តែរ, ទ្រនាប់ជណ្តើរ, កាំជណ្តើរ, ព្រះទែន, និងប្រតិមាជាដើម។
ចំពោះប្រាសាទសាងអំពីថ្មផ្សេងៗលាយគ្នា គេច្រើនប្រើថ្មភក់ស្រោបពីខាងក្រៅ និងធ្វើជាគ្រឿងផ្គុំផ្សេងៗដែរ។ មកដល់សព្វថ្ងៃ ឃើញមានសេសសល់កន្លែងគេដាប់យកថ្មភក់កាលពីសម័យបុរាណខ្លះៗដែរ ដូចជានៅតំបន់តាប្រាយ៉ា ក្នុងទឹកដីសៀមសព្វថ្ងៃ និងនៅអូរថ្មដាប់ក្បែរជើងភ្នំគូលែនជាដើម។

ថ្មភក់ដែលគេដាប់យកកាលពីសម័យបុរាណ នៅអូរថ្មដាប់ជិតជើងភ្នំគូលែន ខេត្តសៀមរាប
ថ្មបាយក្រៀម
ជាថ្មនៅក្នុងដីមានសាច់គ្រាតគ្រើមពណ៌ដូចច្រេះដែក ឬពណ៌ជាំក្រមៅ ខ្លះមានប្រហោងតូចៗកញ្ឆេះកញ្ជោះ ខ្លះមានគ្រាប់ល្អិតៗក្តាំងជាប់គ្នា។ គេប្រើថ្មបាយក្រៀមធ្វើជាកំពែង, ខឿន, ជណ្តើរ, ជញ្ជាំង ឬប្រាសាទទាំងមូលតែម្តងក៏មាន។
យើងឃើញមានស្លាកស្នាមនៅកន្លែងខ្លះ ដែលគេគាស់យកថ្មបាយក្រៀមពីក្នុងដីកាលពីសម័យបុរាណដូចជានៅ “ក្រឡឹកក្រឡុក” ស្ថិតនៅខាងជើងតំបន់អង្គរជាដើម។
ថ្មថ្លើមអណ្ដើក
ជាថ្មមានសាច់ម៉ត់រលោងពណ៌ក្រម៉ៅ ហើយជួនកាលមានជាស្រទាប់ៗផងដែលអ្នកខ្លះហៅថា “ថ្មក្តារឈ្នួន”។ ប្រាសាទនៅមុនសម័យអង្គរ គេច្រើនប្រើថ្មថ្លើមអណ្ដើកធ្វើជាស៊ុមទ្វារ, ទ្រនាប់ជណ្តើរ និង ព្រះទែនជាដើម។
ថ្មពពុះ
ជាថ្មពណ៌ប្រផេះមានរន្ធតូចៗពាសពេញ ដែលហៅតាមបារាំងថាថ្មបាសាល់។ នៅសម័យមុនអង្គរ មានប្រាសាទខ្លះគេប្រើថ្មពពុះធ្វើប្រាសាទទាំងមូលតែម្តង ដូចជាអាស្រមមហាឫស្សីនៅខេត្តតាកែវ និងគុកព្រះធាតុនៅភ្នំហាន់ជ័យខេត្តកំពង់ចាមជាដើម។

ប្រាសាទអាស្រមមហាឥសី (ភ្នំដា អង្គរបុរី)
ថ្មផ្សេងៗ
ក្រៅអំពីថ្មប៉ុន្មានប្រភេទខាងលើដែលគេយកមកធ្វើជាគ្រឿងសាងសង់ប្រាសាទ គឺមានថ្មប្រភេទខ្លះទៀតដែលនៅជាប់នឹងភ្នំ គេដាប់ឲ្យចេញជារាងខឿនប្រាសាទ ទើបយកថ្មភក់ទៅស្រោបពីក្រៅមួយជាន់ទៀត ដូចជានៅប្រាសាទភ្នំបាខែងជាដើម។
ដែក
សម្ភារៈធ្វើពីដែកដែលគេយកមកប្រើប្រាស់ជាគ្រឿងសំណង់ផ្សេងៗគឺពុំមានអ្វីធំដុំប៉ុន្មានទេ ឃើញមានតែដែករាងដូចកន្ទុយត្រី ឬរាងជាអង្កត់ភ្ជាប់កំណាត់ដែកខ្លីនៅចុងសងខាងប្រើសម្រាប់តថ្មខ្លះៗឲ្យជាប់គ្នា។
វត្ថុធាតុផ្សេងៗខាងលើនេះ ជួនកាលគេប្រើលាយចម្រុះចូលគ្នាក៏មាន ឬខ្លះប្រើថ្មបាយក្រៀមលាយជាមួយឥដ្ឋតែប៉ុណ្ណោះ។ ឯខ្លះប្រើថ្មភក់លាយជាមួយឥដ្ឋ និងខ្លះទៀតប្រើថ្មបាយក្រៀមលាយថ្មភក់ក៏មាន។ ពិសេសប្រាសាទធំៗមានខឿនច្រើនថ្នាក់ ដែលមើលទៅឃើញហាក់ដូចជាប្រើសុទ្ធតែថ្មភក់ តាមពិតនៅផ្នែកខាងក្នុងប្រាសាទខ្លះគេពូនដីលាយខ្សាច់ ឬកម្ទេចថ្ម ហើយយកថ្មបាយក្រៀមមករៀបឲ្យចេញជាខឿនព័ទ្ធពីក្រៅ ទើបប្រើថ្មភក់ស្រោបពីក្រៅបង្អស់ និងរចនាចេញជាប្រាសាទាំងមូលឡើង។

ប្រាសាទបាគង ស.វ.ទី៩ មានខឿនរៀបពីថ្មបាយក្រៀមនៅខាងក្នុងហើយស្រោបថ្មភក់ពីខាងក្រៅ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


