Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ណែនាំអាជ្ញាធរស្រុកលើកដែក ត្រូវការពារតាមបណ្តាទីតាំង «បិទសៀល» ពាក់ព័ន្ធបទល្មើស Scam Online ឱ្យបានល្អ

បានផុស

នៅ

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកលើកដែក ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារតាមបណ្តាទីតាំង ដែលបានបិទសៀល ពាក់ព័ន្ធនិងករណីបទល្មើស Scam Online ឱ្យបានល្អប្រសើរ ហាមមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល និងថែរក្សាវត្ថុតាង សម្ភារៈនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្រុមការងារ កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដោយមានការចូលរួមពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចុះពិនិត្យទីតាំងដែលបានបិទសៀល ពាក់ព័ន្ធនិងករណីបទល្មើស Online Scams ចំនួន ០៣ទីតាំង ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងការចុះពិនិត្យនេះដែរ លោកអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងមានការជាប់ពាក់ព័ន្ធ និងបទល្មើស Scam Online និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

សូមជម្រាបថា ការបោកប្រាស់តាមប្រព័ន្ធInternet (Scam Online) បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំង និងបានគំរាមកំហែងដល់បណ្តាប្រទេសនានាលើសកលលោកលោក មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ។ Scam Online គឺជាការក្លែងបន្លំតាមសេវាInternet ដែលប្រើប្រាស់ល្បិចបោកបញ្ឆោត បន្លំលួចយកប្រាក់ លួចយកព័ត៌មានផ្ទាល់ខ្លួន ឬធនធានសំខាន់ផ្សេងៗ របស់យើងទាំងឡាយ។ សរុបមកបញ្ហា Online Scam អាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសមួយ ទាំងលើវិស័យសេដ្ឋកិច្ច សង្គម និងកេរ្តិ៍ឈ្មោះអន្តរជាតិ៕ ដោយ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម