Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន ​រៀបចំ​ការប្រឡង​ឌីប្លូម​តាម​សាលា​រៀងៗខ្លួន​

បានផុស

នៅ

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​យល់ព្រម​ឱ្យ​សមាគម​គ្រឹះស្ថាន​ឧត្ត​ម​សិក្សា​កម្ពុជា​ រៀបចំការ​ប្រឡង​បញ្ចប់​បឋមសិក្សា​ថ្នាក់​ទី៦ ​និង​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ​ថ្នាក់​ទី៩​ ឬ​ឌី​ប្លូ​ម ឆ្នាំ​សិក្សា​២០២០-២០២១ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ឯកជន​ដែលជា​សមាជិក​របស់​ស​មា​គម​។​

លោកបណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ បានឱ្យដឹង​នៅក្នុង​សេចក្តី​ជួន​ដំណឹង​ថា«​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ យល់ព្រម​តាម​សំណើ​របស់​សមាគម​គ្រឹះស្ថាន​ឧត្ត​មសិ​ក្សា​កម្ពុជា ​ដោយ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ឯកជន​ដែលជា​សមាជិក​របស់​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​រៀបចំ​ការប្រលង​បញ្ចប់​បឋមសិក្សា​ថ្នាក់​ទី​៦ និង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ថ្នាក់​ទី​៩​ឆ្នាំ​សិក្សា​២០២០-២០២១​ដោយ​គ្រឹះស្ថាន​សិក្សា​នីមួយៗ​ ជា​អ្នកទទួលខុសត្រូវ​ទៅតាម​ប្រតិទិន​ប្រឡង​រៀង​រៀងខ្លួន​»​។​

លោករដ្ឋមន្ត្រី​បាន​បន្តថា ក្រសួង​អប់រំ​យុវជន​និង​កីឡា​ នឹង​ផ្ដល់​ការទទួលស្គាល់​ចំពោះ​លទ្ធផល​នៃ​ការ​ប្រ​ឡង​នេះ ​និង​ធ្វើ​អធិការកិច្ច​ប្រសិនបើ​ចាំបាច់​។​

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ​យុវជន​និង​កីឡា​ បាន​មានប្រសាសន៍ថា​ ក្រសួង​អប់រំ យុវជននិង​កីឡា​ នៅតែ​បន្ត​លើកកម្ពស់​គុណភាព​អប់រំ និង​គុណភាព​ប្រឡង​ឌីប្លូ​ម​និង​បាក់​ឌុប​ដដែល​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការសិក្សា​ក្នុង​បរិ​បទ​កូ​វីដ​-១៩​។​

លោក រស់ សុ​វាចា បាន​មានប្រសាសន៍​បន្តថា ​ចំពោះ​ការប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នេះ​ក្រសួង​អប់រំ នឹង​ជម្រាបជូន​នាពេល​ក្រោយ​។​

យ៉ាងណាក៏ដោយ លោក រស់ សុ​វាចា បានបញ្ជាក់ថា ក្រសួង​អប់រំសូម​លើកទឹកចិត្ត​សិស្សានុសិស្ស​និង​បេក្ខជន​ប្រឡង​ទាំងអស់ ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​តាម​អន​ឡាញ ថែរក្សា​សុខភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក ​ខណ​:​ពេលដែល​កម្ពុជា​និង​ពិភពលោក​ កំពុង​ប្រឈម​នឹង​កូ​វីដ​-១៩​នៅឡើយ​។​

គួរ​បញ្ជាក់ថា ​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​នៅតែ​អូសបន្លាយ​យូរ​នោះ​ មាតាបិតា​សិស្ស​ដែលមាន​កូនចៅ​ត្រូវ​ប្រឡង​ឌី​ប្លូ​ម​ និង​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០២១នេះ​ មានការ​ព្រួយបារម្ភ​ថា ​ឆ្នាំនេះ​នឹង​អាច​រៀបចំ​ការប្រឡង​ ឬ​យ៉ាងណា​នោះទេ ​ខណៈ​កាលពី​ឆ្នាំ​២០២០​កន្លងទៅ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ​ ហ៊ុន សែន ​បានសម្រេច​ឱ្យបេក្ខជន​ប្រឡង​ឌី​ប្លូ​ម​ដែល​មិនបាន​ចូល​ប្រឡង ​និង​បេក្ខជន​ប្រឡង​ធ្លាក់​ និង​បេក្ខជន​ដែលបានដាក់​ពាក្យ​ប្រឡង​បាក់​ឌុប​ទាំងអស់ ​ឲ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិនចាំបាច់​ឆ្លង​កាត់​ការប្រឡង​ឡើយ​ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ ១៩៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម