Connect with us

ព័ត៌មានជាតិ

ស្នងការរាជធានី ​ដាក់បញ្ជា​ដល់​អធិការ​ខណ្ឌ​​ និង​មេ​ប៉ុស្តិ៍ ​ត្រូវ​ពន្លឿ​ន​ការធ្វើ​ឯកសារ​សេស​សល់​ជូន​ពលរដ្ឋ​ឱ្យបាន​លឿន​

បានផុស

នៅ

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានដាក់​បទបញ្ជា​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ត្រួត​ពិនិត្យ​ឡើង​វិញ និង​ស្រាវជ្រាវចំពោះ​ឯកសារ​នៅ​សេសសល់ ​ដែល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ឱ្យបាន​លឿន ​ខណៈ​កន្លងមក ​សមត្ថកិច្ច​ជាប់រវល់​លើ​ការងារ​បិទ​ខ្ទប់ ការងារ​អនុវត្ត​បម្រាម​គោចរ និង​ការងារ​ប្រចាំការ​តាម​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង​។​

លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែ​នាំ​ដល់​អធិការ​ខណ្ឌ​ទាំង​១៤ និង​មេ​ប៉ុស្តិ៍​រដ្ឋបាល​ទាំង១០៥ ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវតែ​ត្រួត​ពិនិត្យឡើងវិញ និង​ស្រាវជ្រាវ​មើលថា​ តើ​មាន​ឯកសារ​អ្វីខ្លះ​ដែល​នៅ​សេសសល់​ និង​ត្រូវធ្វើ​ជូន​ប្រជាពលរដ្ឋ ដោយ​បន្តធ្វើ​កិច្ចការ​នេះ​ឡើងវិញ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​បង្កើន​ទំនុកចិត្ត​ពី​ប្រពល​រដ្ឋ​មូល​ដ្ឋានមកលើ​សមត្ថកិច្ច​។​

លោកស្នងការ​ក្រុង​បាន​បន្តថា​ «​សូម​ណែនាំ​បន្ថែម​ដល់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ទាក់ទង​ទៅ​លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ និង​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១០៥ ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវតែ​ត្រួត​ពិនិត្យឡើងវិញ និង​ស្រាវជ្រាវ​មើលថា​ តើ​មាន​ឯកសារ​អ្វីខ្លះ​ដែល​នៅ​សេសសល់ និង​ត្រូវធ្វើ​ជូន​ប្រជាពលរដ្ឋ ដោយ​បន្តធ្វើ​កិច្ចការ​នេះ​ឡើងវិញ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត បន្ទាប់ពី​មួយរយ​:​ពេល​កន្លងមកនេះ​កម្លាំង​ស្ទើរតែ​ទាំងអស់​ជាប់រវល់​លើ​ការងារ​បិទ​ខ្ទប់ការងារ​អនុវត្ត​បម្រាម​គោចរ និង​ការងារ​ប្រចាំការ​តាម​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការ​បាន​បន្ត​ទៀតថា ការជាប់រវល់​លើ​ការងារ​បិទ​ខ្ទប់ ការងារ​អនុវត្ត​បម្រាម​គោចរ និង​ការងារ​ប្រចាំការ​តាម​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង​នេះ​ ដែលជា​ហេតុ​ធ្វើ​ឲ្យឯកសារ ដែល​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនត្រូវបាន​ពន្យា​ពេល​ក្នុងការ​ដោះស្រាយ​។​

ថ្មីៗ​នេះ លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​មន្ត្រី​មួយចំនួន​តូច​ ដែល​អនុវត្ត​មិនទាន់​បានល្អ​ជូន​ប្រជាពលរដ្ឋ​ពិសេស​លើ​ការងារ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ និង​សៀវ​ភៅ​គ្រួសារ ត្រូវតែ​កែប្រែ​ទម្លាប់​នេះមក​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង​ទទួលបាន​នូវ​ភាព​ទុកចិត្ត និង​ជឿជាក់​ពី​សំ​ណាក់​ប្រជាពលរដ្ឋ​។​

ជាមួយគ្នា​នោះ ​ក្នុងករណីអធិការ​ខណ្ឌ និង​មេ​ប៉ុស្តិ៍ ណា​មានការ​យឺតយ៉ាវក្នុងការ​ដោះស្រាយ​ឯក​សារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រជាពលរដ្ឋ​មេត្តា​ផ្ដល់ព័ត៌មាន​ទៅកាន់​លេខ ០៦៩ ៥១៦៩៩៩ ដើម្បីឱ្យ​ក្រុមការងារ​ដោះស្រាយ​ជូន​ឱ្យបាន​ទាន់ពេលវេលា​៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម