ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រដ្ឋសភា ៖ មានម្នាក់ហើយបានដាក់ពាក្យជាបេក្ខជនប្រធាន គ.ជ.ប
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយចាប់ផ្តើមទទួលពាក្យពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែរហូតមកដល់ពេលនេះ មានម្នាក់ប៉ុណ្ណោះបានមកដាក់ពាក្យ នេះបើតាមការបញ្ជាក់ពីលោក ឡេង ប៉េងឡុង។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះថា រហូតមកដល់ពេលនេះមានម្នាក់ហើយ បានដាក់ពាក្យជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបញ្ជាក់យ៉ាងនេះថា “មានម្នាក់ហើយ តែមកសុំពាក្យមាន៣នាក់ ប្រហែលជាកំពុងរត់ការក៏មិនដឹង។ តាមនីតិវិធី ថ្ងៃសុក្រខានស្អែក (ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១) នេះបិទហើយ”។
សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក បានសម្រេចលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសារតែបញ្ហាសុខភាព ហើយលោកបានដាក់ពាក្យទៅកាន់រដ្ឋសភា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានលើកយកមកប្រជុំពិភាក្សា និងអនុម័ត យល់ព្រមតាមសំណើផងដែរ។
លោក ឡេង ប៉េងឡុង ធ្លាប់បានបញ្ជាក់ថា ការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានពីរដំណាក់កាល គឺអ្នកដែលត្រូវតាមលក្ខខណ្ឌច្បាប់ ទើបអនុញ្ញាតឲ្យដាក់ពាក្យឈរឈ្មោះបាន ហើយនៅក្នុងមាត្រា៥បានបញ្ជាក់ថា អ្នកដាក់ពាក្យជាបេក្ខជន គឺជាជនជាតិខ្មែរ មានអាយុប្រមាណ៤៥ ឆ្នាំឡើង និងមិនមានគ្រួសារពាក់ព័ន្ធទៅនឹងប្រធាន ឬអនុប្រធានគណបក្សនយោបាយណាមួយ និងមិនជាប់ចោទពីបទឧក្រិដ្ឋកម្មណាមួយជាដើម។
លោក ឡេង ប៉េងឡុង ពន្យល់ថា ការជ្រើសរើសបេក្ខជននេះ មានចំនួន៥ថ្ងៃ ហើយនៅពេលបានឈ្មោះបេក្ខជនរួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា (គណបក្សដែលស្នើបេក្ខជន ស៊ិក ប៊ុនហុក) ដើម្បីពិនិត្យមើលលក្ខណៈបេក្ខជន ដែលបានដាក់ពាក្យទាំងនោះ ថាតើត្រូវជ្រើសរើសយកមួយណា ហើយការសម្រុះសម្រួលជាមួយគណបក្សប្រជាជនកម្ពុជានេះត្រូវប្រើរយៈពេល៣ថ្ងៃទៀត។
លោក ឡេង ប៉េងឡុង បញ្ជាក់ទៀតថា ក្រោយពីសម្របសម្រួលបានហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងអនុម័តបេក្ខជន។ បន្ទាប់ពីគណៈអចិន្ត្រៃយ៍រដ្ឋសភាអនុម័តបេក្ខជនរួចហើយ ទើបបញ្ជូនទៅសុំការអនុម័ត និងទុកចិត្តពីសម័យប្រជុំរដ្ឋសភាពេញអង្គ។ នៅពេលទទួលបានការទុកចិត្តហើយ រដ្ឋសភា នឹងស្នើសុំឲ្យព្រះមហាក្សត្រ ធ្វើការតែងតាំងបេក្ខជនរូបនោះ ហើយស្បថចូលកាន់តំណែងតែម្ដង។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ដែរថា បេក្ខជនដែលចូលទៅធ្វើជាប្រធាន គ.ជ.ប នោះ គាត់លែងជាសមាជិកគណបក្សណាទៀតហើយ គឺគាត់លាលែងចេញពីសមាជិកគណបក្សរបស់គាត់ដែលធ្លាប់មាន៕
ដោយ ៖ កោះកែវ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


