ព័ត៌មានជាតិ
កម្ពុជា-ឡាវ ឯកភាពគ្នាខិតខំទ្វេដង បន្តពង្រឹងពង្រីកបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍… !
ការឯកភាពគ្នាបានធ្វើឡើនៅក្នុងជំនួបពិភាក្សា វាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជាមួយលោក ថងសាវ៉ន់ តុំវិហាន ប្រធានគណៈទាក់ទងបរទេស គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូរ។
យោងតាមឯកសារលទ្ធផលនៃកិច្ចប្រជុំ ពីគណបក្សប្រជាជនកម្ពុជា ដែលទើបទទួលបាននាល្ងាចថ្ងៃទី០៨ ខែកក្កដា នេះបានឲ្យដឹងថា នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក ថងសាវ៉ាន់ កុំវិហា បានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបសន្ទនាជាមួយគ្នាតាមប្រព័ន្ធវីដេអូ ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះលោក ថងសាវ៉ា ភុំ វិហា ដែលត្រូវបានគណបក្សប្រជាជនបដិវត្តន៍ឡាវ តែងតាំងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដែលសបញ្ជាក់អំពីជំនឿទុកចិត្តពីសំណាក់បក្សប្រជាជនបដិវត្តន៍ឡាវ និងថ្នាក់ដឹកនាំឡាវ លើសមត្ថភាព បទពិសោធន៍ និងស្មារតីមោះមុត របស់លោក។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាប្រពៃណីរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ និងបានឯកភាពគ្នា ការចែករំលែកព័ត៌មានទៅវិញទៅមកជាប្រចាំ និងទាន់ពេលវេលា គឺមានសារៈសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់ជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេសទាំងពីរឱ្យប្រព្រឹត្តទៅដោយរលូន និងគ្រប់ជ្រុងជ្រោយ។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្ត ចំពោះយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរមាន ដូចជាកិច្ចប្រជុំគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ កិច្ចប្រជុំគណៈ កម្មាធិការចម្រុះព្រំដែនកម្ពុជា-ឡាវ កិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខឡាវ និងកិច្ចប្រជុំរវាងអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ និងបានឯកភាពថា យន្តការទាំងនេះ បានផ្ដល់ឱកាសឱ្យប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ប្រកបដោយផ្លែផ្កា និងផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរក៏បានឯកភាពខិតខំទ្វេដង បន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ និងសុខុមាលភាពប្រជាជន ដោយអនុវត្តរាល់កិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់ និងសេចក្តីសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំកំពូលគណបក្ស និងរដ្ឋាភិបាល ប្រទេសទាំងពីរ ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា ដើម្បីលើកកម្ពស់តួនាទីរបស់បរទេស ទាំងពីរនៅលើកិច្ចការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូលរវាងប្រធាន និងអគ្គលេខាធិការនៃគណបក្សកាន់អំណាច នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម តាមការឯកភាពគ្នារួចមកហើយ នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
ទន្ទឹមនេះ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក ដោយសង្ខេបអំពីបច្ចុប្បន្នភាពនៃសភាពការណ៍ថ្មីៗនៅក្នុងប្រទេសរៀងៗខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរ ភាពប៉ិនប្រសប់នៃការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលនាំឱ្យប្រទេសមានការរីកចម្រើនជាលំដាប់។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន ភាគីមិត្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា កម្ពុជាបានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងបានជម្រាបអំពីកិច្ចការនៅចំពោះមុខ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ដោះស្រាយ និងរៀបចំ។

លោក ថងសាវ៉ាន់ ភុំវិហាន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទេសក៍ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលបាននាំឲ្យកម្ពុជាទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានយ៉ាងមានប្រសិទ្ធភាព។

នៅចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តថា ជំនួបនេះពិតជាទទួលបាននូវលទ្ធផល ផ្លែផ្កាជាទីគាប់ចិត្ត និងបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ដ៏រឹងមាំ ភាពជាអ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ