Connect with us

ព័ត៌មានជាតិ

បាត់ដំបង ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩

បានផុស

នៅ

បាត់ដំបង ៖ ​លោក​ងួន ​រតនៈ​ អភិបាលខេត្ត​បាត់ដំបង​និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្តបាត់ដំបង​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទាំង​១០​ក្នុង​ក្រុង​បាត់ដំបង​ដែល​បាន​ចាប់​ផ្តើម​ចាក់​ចាប់ពី​ព្រឹក​ថ្ងៃទី​១២​ ខែកក្កដា ​នេះ​តទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​ក៏​មាន​ការចូលរួម​អម​ដំណើរ​ដោយ​ក្រុមការងារ​ដែល​មាន​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​អង្គភាព​រដ្ឋាករទឹក​ខេត្ត​និង​រដ្ឋបាល​ក្រុង​បាត់ដំបង​ដែរ​។

នៅក្នុង​ដំណើ​រ​ចុះ​ពិនិត្យ​នេះ​ លោក​អភិបាល​មានប្រសាសន៍ថា ការ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជំហាន​ទី​១​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២​ខែកក្កដា​នេះ​ដោយបាន​ទទួល​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ព្រមទាំង​ក្រសួងសុខាភិបាល​បាន​បែងចែក​កូ​ត្តា សម្រាប់​ខេត្តបាត់ដំបង​ដោយ​ផ្តើម​យក​ទីប្រជុំជន​ក្នុង​ក្រុង​បាត់ដំបង​មុន​។​ចំពោះ​ពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​ទាំង​១០​នៃ​ក្រុង​បាត់ដំបង​ដែល​តម្រូវ​ឲ្យ​មក​ទទួល​ការចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ទប់ស្កាត់​មេរោគ​កូ​វីដ​.១៩​ជំហាន​ទី​១​នេះ​មាន​ចំនួន​១០០០០០​នាក់​(​ដប់​ម៉ឺន​នាក់​)​។

ចំពោះ​ការបម្រើ​សេ​វាចាក់​វ៉ាក់សាំង​នេះ​ ប្រធាន​មន្ទីរ​សុខាភិបាល​និង​ក្រុមការងារ​បានធ្វើការ​បែងចែក​ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន​៨​កន្លែង​លើ​១០​សង្កាត់​សម្រាប់​ទទួល​ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដែល​បានចាប់ផ្តើម​ចាប់ពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០២១​តទៅ​។​កន្លែង​ទទួល​ផ្តល់​វ៉ាក់សាំង​ទាំង​៨​ទីតាំង​រួមមាន វិទ្យាល័យ​ក្តុល​ដូនទាវ​, អនុវិទ្យាល័យ​វត្ត​ដំរី​ស​, អនុវិទ្យាល័យ​សោ​ហឺ​, អតីត​សាលា​គរុកោសល្យ​និង​វិក្រឹត្យការ​ខេត្តបាត់ដំបង​, មជ្ឈមណ្ឌល​សុភមង្គល​ក្រុង​បាត់ដំបង​អគារ​C, មណ្ឌល​សុខភាព​ចំការ​សំរោង​, បរិវេណ​ផ្សារ​បុរី​រំចេក​(​ភូមិ​រំចេក​៤)​និង​បរិវេណ​ផ្សារ​ភូ​.​ពុ​យ​។

លោក​អភិបាលខេត្ត​បន្តថា សម្រាប់​ជំ​ហាន​ទី​២​តាមរយៈ​ផែនការ​របស់​ថ្នាក់ជាតិ​និង​បន្ត​ការចាក់​វ៉ា​ក់​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​ស្រុក​ទៀត​មានដូចជា ស្រុក​ថ្មគោល​, ស្រុក​មោង​ឫស្សី​, ស្រុក​ឯក​ភ្នំ​, ស្រុកបាណន់​និង​ស្រុក​សំពៅ​លូន​។

ក្នុង​ឱកាស​នោះ​លោក​អភិបាល​ខេត្ត​ បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​វ៉ាក់សាំង​ថា ចំពោះ​ការចាក់​ថ្នាំ​(​វ៉ាក់សាំង​)​គឺជា​វិធាន​ការបង្ការ​ទប់ស្កាត់​កូ​វីដ​១៩​មួយ​ផ្នែក ​ហើយ​ការទប់ស្កាត់​មួយផ្នែក​ទៀត​គឺ​ការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​និង​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​៣​កុំ​៣​ការពារ​និង​២​ចូលរួម​ដោយ​ត្រូវតែ​រក្សា​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជាប្រចាំ​ផងដែរ​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម