ព័ត៌មានជាតិ
ពលរដ្ឋរស់នៅតំបន់ជាយក្រុងនឹងទទួលបានទឹកស្អាតគ្រប់គ្រាន់ ក្រោយរោងចក្រប្រព្រឹត្តកម្មផលិតទឹកស្អាតទី៤
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយរាជធានីភ្នំពេញនឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំ២០២២ ឬ២០២៣ ខាងមុខ ខណៈដែលរោងចក្រប្រព្រឹត្តកម្មផលិតទឹកស្អាតទី៤ ជំហានទី១នៅសង្កាត់បាក់ខែង គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ នាព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា នាខណ្ឌពោធិសែនជ័យ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាតម្រូវការទឹកស្អាតជូនប្រជាពលរដ្ឋ ដែលរស់នៅនៅតំបន់ជាយក្រុង ដែលការងារនេះត្រូវអនុវត្តន៍ជាជំហានៗ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងជំរុញការបង្កើតស្ថានីយទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញតំរូវការរបស់ប្រជាពលរដ្ឋ។

លោកប៉ា សុជាតិវង្ស បន្តឲ្យដឹងថា ការបង្កើតស្ថានីយផលិតទឹកស្អាតនីមួយៗទាមទារឲ្យមានផែនការត្រឹមត្រូវ មានជំហានអនុវត្ត ការចំណាយពេលវេលានិងថវិការច្រើនក្នុងការសាងសង់ ។ រាជរដ្ឋាភិបាលកំពុងកសាងស្ថានីយផលិតទឹកស្អាតនៅបាក់ខែងដែលគ្រោងនឹងរួចរាល់នៅឆ្នាំ២០២៣ ដូច្នេះវាអាចឆ្លើយតបជាមួយនឹងតំរូវការ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ កំបូល និងខណ្ឌព្រែកព្នៅជាដើម។

ការបង្ហាញផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុងនេះ គឺឆ្លើយ តបទៅនឹងសំណើរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យដែលបានលើកឡើងពីបញ្ហាខ្វះខាតទឹក ស្អាតប្រើប្រាស់នៅក្នុងសង្កាត់មួយចំនួន ហើយត្រូវទិញទឹកពីភ្នាក់ងារឯកជនក្នុងតម្លៃថ្លៃរហូតដល់៣០០០ រៀលក្នុងមួយម៉ែត្រគូប។

លោកកៅ សាលៀប ប្រជាពលរដ្ឋរស់នៅភូមិចំការឪឡឹក ក្នុងសង្កាត់ត្រពាំងក្រសាំងបានឲ្យដឹងថា ប្រជាពលរដ្ឋនៅរដូវ ប្រាំងនេះអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ច្រើន ដោយសារតែពុំទាន់មានបំពងភ្ជាប់ចូលទៅក្នុងលំនៅឋាន ហើយការទិញទឹកពីឯកជនមានតម្លៃថ្លៃ ដោយក្នុងមួយឡានតម្លៃ៤ម៉ឺនរៀល ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ហេង សុផាន់ណារ៉ាត តំណាងរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ បានមានប្រសាសន៍ឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋថា តំបន់ត្រពាំងធ្នង់ សង្កាត់សំរោង បំពង់ទឹករបស់រដ្ឋបានទៅដល់ហើយ ដែលបងបងប្អូនប្រជាពលរដ្ឋអាចតភ្ជាប់បាន ខណៈដែលតំបន់ដាច់ស្រយាលមិនមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់និងដីឡូត៍ ប្រជាពលរដ្ឋអាចទៅទំនាក់ទំនងទៅ ផ្នែកផែនការរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ដើម្បីឲ្យក្រុមការងារពិនិត្យផ្ទាល់ អាចនឹងដាក់ទឹកឲ្យប្រើប្រាស់បាន។
លោកបន្តថា ចំពោះប្រជាពលរដ្ឋនៅម្តុំភូមិចំការឪឡឹក២ គឺមានបំពង់ទឹកស្អាតទៅដល់ផងដែរ នៅតែតំបន់ដីឡូត៍ និងតំបន់មិនទាន់រៀបរយ ជាពិសេសតាមផ្លូវរថភ្លើងតែងម្តង ប្រសិនជាប្រជាពលរដ្ឋមិនប៉ះនៅតំបន់នេះទេ រដ្ឋាករទឹកនឹងដាក់ជូន ប៉ុន្តែជាដំណោះស្រាយចំពោះមុខ រដ្ឋាករទឹកនឹងដាក់នាឡិការួមមួយ ដើម្បីបងប្អូនប្រើប្រាស់បណ្តោះអាសន្នរហូតទៅដល់រោងចក្របាក់ខែងសាងសង់រួចរាល់។

លោកបន្តថា ចំពោះប្រជាពលរដ្ឋដែលរស់នៅម្តុំសង្កាត់ត្រពាំងក្រសាំងវិញ សម្ពាធទឹកទៅមិនដល់នោះទេ ដោយសារបញ្ហាផលិតកម្មផលិតមិនទាន់តំរូវការ ដោយរង់ចាំការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងរួចរាល់។
លោកបន្តថា យើងបានកំពុងតែសាងសង់រោងចក្របាក់ខែងជំហានទី១ ជំហានទី២ ដែលទាំង២នេះបរិមាណទឹកយើង កើននៅក្នុងឆ្នាំ២០២២ ប្រមាណជា៤០ភាគរយ ២០២៣នឹងបញ្ចប់ បរិមាណទឹកផលិត៣៨០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ពេលនោះយើងអាចផ្គត់ផ្គង់គ្រប់គ្រាន់ហើយ។

លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ការលើកឡើងពីសំណូមពរ និងតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត ការធ្វើលូ ធ្វើផ្លូវនេះ អាជ្ញាធរនិងមន្ត្រីជំនាញ នឹងដោះស្រាយជូនជាបន្តបន្ទាប់ ដើម្បីបំពេញទៅនឹងសេចក្តីត្រូវការរបស់រស់នៅ របស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា តាមការព្យាករណ៍របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា ការប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ នឹងមានតម្រូវការរហូតដល់ប្រមាណជាង ៩០ពាន់ម៉ែត្រ គូប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៥ និងជាង១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


