ព័ត៌មានជាតិ
ភ្លៀងនៅខេត្តព្រះសីហនុ គឺជាភ្លៀងដ៏អាក្រក់ ដែលកម្ពុជាពុំធ្លាប់ជួបប្រទះ ក្នុងពេល៣០ឆ្នាំមកនេះ
មន្ត្រីជាន់ខ្ពស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ មានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានខេត្តខ្លះ មានភ្លៀងធ្លាក់ច្រើន និងខ្លះខេត្តមានមធ្យម និងខេត្តមានភ្លៀងធ្លាក់ច្រើនមែនទែន។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៦ ខែសីហានេះថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងទទួលឥទ្ធិពលពី ជ្រលងសម្ពាធទាប និងប្រព័ន្ធសម្ភាធទាប ហើយខ្យល់មូសុងនិរតី ក៏មានលក្ខណៈល្អដែរ ដែលនាំឲ្យមានភ្លៀងធ្លាក់ រាយប៉ាយទូទាំងប្រទេស។
លោក ចាន់ យុត្ថា បានកត់សម្គាល់ថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង នៅក្នុងខេត្តព្រះសីហនុ។ លោកថា ភ្លៀងនៅខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ គឺជាភ្លៀងដ៏អាក្រក់ ដែលកម្ពុជាពុំធ្លាប់ជួបប្រទះទេ ក្នុងរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ ដែលមានបរិមាណទឹកភ្លៀង រហូតដល់២៧៩មីល្លីម៉ែត្រ។

អ្នកនាំពាក្យ ក្រសួងធនធានទឹក បានថ្លែងយ៉ាងដូច្នេះថា «យើងមើលខេត្តព្រះសីហនុ គឺជាភ្លៀងដ៏អាក្រក់បំផុត ដែលយើងមិនដែលជួបប្រទះទេ ក្នុងរយៈពេលប្រមាណ យើងគិតថា៣០ឆ្នាំចុងក្រោយនេះ គឺជាលើកទី១ហើយ..។ ហើយ២០១៩ យើងជួបម្ដងដែរ ខែ៨ដូចគ្នា តែពេលនោះ វាភ្លៀងរយៈពេល១០ម៉ោងឯណោះ ហើយក្នុងកម្រិតតែ២៧២មីល្លីម៉ែត្រទេ លើកនេះយើងភ្លៀង៥ម៉ោង តែខ្លាំងតែ៣ម៉ោងទេ បាន ន័យថា ពីម៉ោង៥ ដល់ម៉ោង៨យប់ហ្នឹង ហើយរួចពីហ្នឹងចាប់ផ្ដើមភ្លៀង១ម៉ោងដំបូង ភ្លៀងក្នុងកម្រិតមធ្យម ហើយមួយម៉ោងចុងក្រោយ គឺក្នុងកម្រិតមធ្យមដែរ»។
មន្ត្រីជាន់ខ្ពស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងទៀតថា ភ្លៀងនៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០២១នោះ គឺមានរយៈពេល៥ម៉ោង ហើយភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ម៉ោង ដែលមានបរិមាណចំនួន ២៧៩មីល្លីម៉ែត្រ ដែលច្រើនជាងបរិមាណទឹកភ្លៀង នៅឆ្នាំ២០១៩ ដែលមានចំនួន ២៧២មីល្លីម៉ែត្រតែប៉ុណ្ណោះ។ ក្នុងនោះ ភ្លៀងនៅឆ្នាំ២០១៩ មានរយៈពេល ដល់ទៅ១០ម៉ោង ហើយភ្លៀងនៅខេត្តព្រះសីហនុ កាលពីអង្គារកន្លងទៅនេះ មានរយៈពេលតែ៥ម៉ោងប៉ុណ្ណោះ។

លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី២៦ ខែសីហានេះ ប្រទេសកម្ពុជា នៅតែបន្តទទួលឥទ្ធិ ពលពីប្រព័ន្ធសម្ភាធទាប និងជ្រលងសម្ពាធទាប ព្រមទាំងខ្យល់មូសុងនិរតី ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ រាយប៉ាយនៅក្នុងក្របខណ្ឌទូទាំងប្រទេសបន្តទៀត។
សូមជម្រាបថា កាលពីនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង៥ និង០០នាទីល្ងាច ដល់ម៉ោង៨ និង០០នាទីយប់មានភ្លៀងធ្លាក់ខ្លាំង ដោយកម្រិតទឹកភ្លៀងកើនឡើង ពីចន្លោះ១២០មីល្លីម៉ែត្រ ទៅដល់២៧៩មីល្លីម៉ែត្រ បណ្តាលឲ្យទឹកជន់លិច នៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០ និង០០នាទីយប់ ទឹកភ្លៀងបានស្រកវិញ នៅតាមអូរប្រឡាយសំខាន់ៗ នៅក្នុងក្រុងព្រះសីហនុ។ នេះបើតាមការឲ្យដឹង ពីរដ្ឋបាលខេត្តព្រះសីហនុ។
បើយោងតាមការព្យាករណ៍ នឹងមានករណីភ្លៀងធ្លាក់ ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ។ ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំង ដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះ បើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើ រតាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


