Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើង

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ទូទាំងខេត្តរតនគិរី ដែលប្រារព្ធធ្វើឡើង ក្នុងបរិវេណមន្ទីរវប្បធម៌ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក លោកអភិបាលនៃគណៈអភិបាលខេត្តរតនគិរី អភិបាលរងខេត្ត អភិបាលក្រុង ក្រុមគ្រូពេទ្យ តំណាងស.ស.យ.កខេត្ត តំណាងស.យ.ស.ស ខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ការរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងនាពេលនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីភាពជោគជ័យ នៃការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រក្នុងការបង្កើតភាពស៊ាំក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុលោមតាម ”អភិក្រមផ្ការីក” របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានអំពាវនាវ ដល់អាណាព្យាបាលទាំងអស់ ដែលមានកូនអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមិនទាន់មកចាក់វ៉ាក់សាំង សូមបន្ដនាំពួកគេមកទទួលយកការចាក់វ៉ាក់សាំងជំងឹកូវីដ-១៩បន្ដទៀត ហើយចំពោះប្រជាពលរដ្ឋ ឬអាណាព្យាបាលកុមារ ដែលមានកូនអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ សូមអញ្ជើញនាំពួកគេមកទទួលយកវ៉ាក់សាំងការពារជំងឺនេះ ចាប់ពីថ្ងៃទី១៨ ខែកញ្ញានេះតទៅ នៅតាមទីតាំងទាំងអស់ នៅស្រុកក្រុងទាំង០៩ ក្នុងខេត្តរតនគិរី ដើម្បីឱ្យពួកគាត់ឆាប់បានចូលរៀនវិញនាពេលខាងមុខនេះ។

លោកក៏បានបន្ថែមទៀតថា ក្រោយបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង ចំពោះបងប្អូនប្រជាពលរដ្ឋណាដែលខកខានមិនទាន់បានទទួលការចាក់ រដ្ឋបាលខេត្តរតនគិរីបានរៀបចំទីតាំងចំនួន២ ដែលបងប្អូនប្រជាពលរដ្ឋអាចបន្ដទៅចាក់បាន គឺនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងមន្ទីរពេទ្យបង្អែកស្រុកបរកែវ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តរតនគិរី ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត បានចូលរួមក្នុងការធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ 

លោកស្រីបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ដ្រីរាជការទាំងអស់ ក្រោយចាក់វ៉ាក់សាំងរួច សូមកុំភ្លេចខ្លួន និងត្រូវបន្ដអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឱ្យបានកាន់តែប្រសើរ។

លោកស្រីបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកតែងតែគិតគូរ និងបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ជាបន្ដបន្ទាប់ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់ៗគ្នា ក៏ដូចជាជនបរទេស មានដូចជាមន្ត្រីទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលរស់នៅក្នុងប្រទេសកម្ពុជា ហើយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ សម្ដេចក៏បានគ្រោងនឹងបើកយុទ្ធនាការ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋទូទៅផងដែរ៕

អត្ថបទ៖ វុទ្ធ ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម