Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ នៅភ្នំពេញ ថយចុះជិត ១ ពាន់នាក់

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅមណ្ឌលប្រឡងរាជធានីភ្នំពេញប្រមាណជាង ២ ម៉ឺននាក់ ថយចុះជិត ១ ពាន់នាក់ បើប្រៀបធៀបទៅនឹងការប្រឡងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះថា សម្រាប់ប្រឡងបាក់ឌុបនៅឆ្នាំនេះ នៅរាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២០ ៧៧៩ នាក់មាន ២៨ មណ្ឌល ចែកជា ៨៤០ បន្ទប់។ តួលេខនេះមានការថយចុះ ៩២៧ នាក់ បើធៀបទៅនឹងឆ្នាំមុន ដែលមានបេក្ខជនចំនួន ២១ ៧០៦ នាក់។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ នឹងត្រូវរំកិលកាលបរិច្ឆេទពីថ្ងៃទី ៦ ខែធ្នូ ទៅធ្វើនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ វិញ តាមទម្រង់ដូចឆ្នាំកន្លងមក។

លោកបានបន្តថា ការលើកពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ គឺដើម្បីទុកពេលវេលាឱ្យសិស្សរៀនបានច្រើនដើម្បីត្រៀមប្រឡង។

លោកបានបន្តទៀតថា ទោះបីជាមានការពន្យាពេលក្តី ក៏ការប្រឡងបាក់ឌុបត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

លោកបានបញ្ជាក់ថា គិតត្រឹមពេលនេះមានបេក្ខជនប្រឡងបាក់ឌុបបានដាក់ពាក្យប្រឡងសរុប ១១៥ ១៣៩ នាក់ ក្នុងនោះ នារីមានចំនួន ៦០ ៦៦១ នាក់ ចែកជា ២០៤ មណ្ឌល និង ៤៦៥១ បន្ទប់។

ចំពោះការពន្យាពេលប្រឡងបាក់ឌុបនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្ដីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបតាមដំណាក់កាលសំណេរ ដំណាក់កាល កំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម