Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងទទួលបានវ៉ាក់សាំងជិត១លានដូសបន្ថែមទៀតពីយន្តការកូវ៉ាក់នៅចុងឆ្នាំនេះ​

បានផុស

នៅ

ប្រទេស​កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ប្រមាណ​ជិត​១​លាន​ដូ​ស​បន្ថែមទៀត​ពី​យន្តការ​កូវ៉ា​ក់នៅ​ចុង​ឆ្នាំនេះ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

ថ្លែង​ក្នុងពេល​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​Moderna ចំនួន ១៨៨.១៦០ដូ​ស​ តាមរយៈ​យន្តការ​កូ​វ៉ា​ក់​កាលពី​យប់​ថ្ងៃទី​២៩ ខែ​វិច្ឆិកា លោកស្រី Foroogh Foyouzat តំណាង​អង្គការ​យូ​នី​សេ​ហ្វប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា​ ការផ្តល់​ជំនួយ​ជា​វ៉ាក់សាំង Modernaតាមរយៈ​យន្តការ​កូ​វ៉ា​ក់​នេះ គឺ​ស្ថិត​ក្នុងចំណោម​ការ​ផ្តល់​ជា​បន្តបន្ទាប់​កន្លងមក​របស់​យន្តការ​កូ​វ៉ា​ក់មក​កាន់​កម្ពុជា ហើយ​មកទល់ពេលនេះចំនួន​វ៉ាក់សាំង​ដែល​បាន​ដឹកជញ្ជូន​មកដល់​កម្ពុជា​តាមរយៈ​យន្តការ​កូ​វ៉ា​ក់ ​គឺមាន​ចំនួន​ច្រើន​ជាង៣​លាន​ដូ​ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្តថា ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ​ឬ​អា​ស្ត្រា​ហ្សេ​នេ​កា​ជា​ជំនួយ​របស់​យន្តការ​កូ​វ៉ា​ក់ ត្រូវបាន​រំពឹងថា​ នឹង​មកដល់​បន្ថែមទៀត​ប្រមាណ​៩០​ម៉ឺន​ដូ​ស​នៅ​ចុង​ឆ្នាំនេះ ​ធ្វើឱ្យ​ចំនួន​វ៉ាក់សាំង​កើន​ឡើង​ដល់​ប្រមាណ​៦០​ភាគរយ​នៃ​ចំនួន​វ៉ាក់សាំង​ដែល​យន្តការ​នេះ​បាន​សន្យា​ផ្តល់ឱ្យ​កម្ពុជា ប្រមាណ​៦,៦​លាន​ដូ​ស​។​

លោកស្រី​បាន​ពន្យល់ថា ​យន្តការ​កូ​វ៉ា​ក់គឺជា​សម្ព័ន្ធភាព​សកល​ក្រោម​កិច្ចដឹកនាំ​របស់សម្ព័ន្ធ​សកល​សម្រាប់​វ៉ាក់សាំង និង​ថ្នាំ​បង្ការ (GAVI) សម្ព័ន្ធ​នវានុវត្តន៍​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ(CEPI) អង្គការ​សុខភាព​ពិភពលោក រួម​ជាមួយនឹង​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ(​យូ​នី​សេ​ហ្វ​)​។ ក្នុងនាម​ជា​អ្នកទិញ​វ៉ាក់សាំង​ធំជាងគេ​តែមួយគត់​នៅក្នុង​ពិភពលោក យូ​នី​សេ​ហ្វ ​គឺជា​ស្ថាប័ន​ធ្វើ​លទ្ធកម្ម និង​ផ្គត់ផ្គង់​ឈានមុខ​គេ​សម្រាប់​យន្តការ​កូ​វ៉ា​ក់​។​

លោកស្រី​បាន​បន្តទៀតថា​ ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេសមួយ​នៅក្នុង​ចំណោម​ប្រ​ទេស​នាំមុខគេ​នៅក្នុង​ពិភពលោក ចំពោះ​ការផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​ពលរដ្ឋ​ខ្លួន ដោយមាន​មនុស្សពេញវ័យ​ច្រើនជាង ៩,៧​លាន​នាក់ (៩៧% នៃ​ក្រុម​ប្រជាជន​គោលដៅ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​) បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​។​

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ កម្ពុជា​គ្រោង​នឹង​ទទួលបាន​វ៉ាក់​សាំង​ជា​បន្តបន្ទាប់​នៅ​ចុង​ឆ្នាំនេះ ​រហូតដល់​ឆ្នាំក្រោយ​ ខណៈ​មកដល់ពេលនេះ​កម្ពុ​ជា​ទទួលបាន​វ៉ាក់សាំង​ទាំង​ជំនួយ​និង​ការបញ្ជាទិញ​ប្រមាណ​៤០​លាន​២៣​ម៉ឺន​ដូ​ស​រួមទាំង​វ៉ា​ក់សាំង​Moderna ចំនួន ១៨៨.១៦០ ដូ​ស​តាមរយៈ​យន្តការ​កូ​វ៉ា​ក់​ផងដែរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម