ព័ត៌មានជាតិ
រោងចក្រផលិតផលធ្វើដំណើរ និងស្បែកមួយចំនួន កំពុងប្រឈមនឹងខ្វះកម្លាំងពលកម្ម
ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះមានរោងចក្រមួយចំនួនកំពុងតែខ្វះកម្លាំងពលកម្ម ដើម្បីបម្រើការងារនៅក្នុងផ្នែកផលិតស្បែក និងផលិតផលិតផលធ្វើដំណើរ។ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូរបស់សមាគមជាមួយលោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគមចូលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី០៦មករានៅទីស្តីការក្រសួង លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានមានប្រសាសន៍ថា មានរោងចក្រមួយចំនួនដែលជាសមាជិករបស់សមាគមនាពេលបច្ចុប្បន្ននេះ កំពុងតែខ្វះកម្លាំងពលកម្ម ដើម្បីបម្រើការងារនៅក្នុងផ្នែករោងចក្រផលិតផលធ្វើដំណើរ និងស្បែក។

លោកថា សមាគមចង់សហការបន្ថែមជាមួយក្រសួង ដើម្បីជ្រើសរើសកម្លាំងពលកម្មសម្រាប់បម្រើការងារនៅក្នុងច្រវ៉ាក់ផលិតកម្មរបស់រោងចក្រ។ ជាមួយគ្នានេះ លោកបានស្នើសុំរដ្ឋមន្ត្រីដោយអនុញ្ញាតឲ្យមានអ្នកតំណាងរបស់សមាគម មានវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំសិក្ខាសាលា និងវេទិការនានារបស់រដ្ឋាភិបាល ដើម្បីសមាគមអាចមានលទ្ធភាពធ្វើការផ្សព្វផ្សាយបន្តទៅកាន់សមាជិកទាន់ពេលវេលានិងអាចបង្កើនទំនុកចិត្តក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសមកដាក់ទុនវិនិយោគ បង្កើតរោងចក្រដើម្បីផ្តល់ការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ទន្ទឹមនឹងនេះ សមាគមមានបំណងសហការជាមួយក្រសួងឲ្យបានល្អប្រសើរជាងនេះទៀតដោយរៀបចំឲ្យមានជាកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងពេលណាមួយ។
លោកបណ្ឌិត អ៊ិត សំហេង បានគាំទ្រចំពោះការស្នើសុំរបស់សមាគម ដែលឲ្យមានជាកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួង និងក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំនានារបស់តំណាងសមាគម ដែលរៀបចំឡើងដោយក្រសួង ។ ចំពោះបញ្ហាប្រឈមកង្វះកម្លាំងពលកម្មរបស់រោងចក្រមួយចំនួនរបស់សមាគមលោករដ្ឋមន្ត្រី បានស្នើសមាគម សហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងរើសកម្លាំងពលកម្មផ្គត់ផ្គង់ដល់រោងចក្រទាំងនោះ។ សម្រាប់កម្លាំងពលកម្មជំនាញវិញ ខាងសមាគមអាចទាក់ទងផ្ទាល់តាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទរបស់ក្រសួងបានគ្រប់ពេល ដើម្បីរើសជំនាញតាមអ្វីដែលជាតម្រូវការ។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យកំណត់ពេលជាទៀងទាត់ណាមួយ ដើម្បីជួបពិភាក្សាការងារជាមួយសមាគម តែបើខាងសមាគមមានបញ្ហាប្រឈមអ្វីមួយចង់ឲ្យក្រសួងជួយដោះស្រាយអាចធ្វើការទំនាក់ទំនង ឬមកកាន់ក្រសួងដោយផ្ទាល់ក៏បាន ដើម្បីក្រសួងធ្វើការដោះស្រាយ និងសម្របសម្រួលជូន។
គួរបញ្ជាក់ថា សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០១៩ តែដោយសារតែមានការរំខានពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យសមាគមមានសកម្មភាពឡើងវិញក្នុងឆ្នាំ២០២១៕ ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


