Connect with us

ព័ត៌មានជាតិ

ភ្ញៀវអន្តរជាតិត្រូវធ្វើតេស្ត២ដងមុននឹងចូលរួមវេទិកាទេសចរណ៍អាស៊ាននៅក្រុងព្រះសីហនុ

បានផុស

នៅ

អាជ្ញាធរកម្ពុជា បានតម្រូវឱ្យភ្ញៀវអន្តរជាតិ ត្រូវធ្វើតេស្ត ចំនួន២ដងមុននឹងចូលរួមវេទិកាទេសចរណ៍អាស៊ានលើកទី៤០ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបការងារកាលពីថ្ងៃទី១២ ខែមករាថា អង្គប្រជុំ បានពិភាក្សាលើការធ្វើតេស្តរកមេរោគកូវីដ១៩ ដល់ប្រតិភូអាស៊ាន និងអ្នកចូលរួមជាតិ-អន្តរជាតិទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននេះ ដោយនៅមុនពេលធ្វើដំណើរមកប្រទេសកម្ពុជា អ្នកចូលរួមទាំងអស់ត្រូវមានប័ណ្ណ ឬឯកសារបញ្ជាក់ថា បានទទួលការចាក់វ៉ាក់សាំង និងត្រូវធ្វើតេស្ត PCR រយៈពេល៧២ម៉ោងមុនធ្វើដំណើរមកដល់កម្ពុជា។ លោករដ្ឋមន្ត្រី បានបន្តថា នៅពេលពួកគេមកដល់ប្រទេសកម្ពុជា ត្រូវទទួលការធ្វើតេស្តដោយមន្ត្រីសុខាភិបាលកម្ពុជានៅអាកាសយានដ្ឋាន។ ម្យ៉ាងទៀត នៅមុនពេលចូលក្នុងសណ្ឋាគារសុខាខេត្តព្រះសីហនុ ដែលជាទីតាំងប្រារព្ធព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននោះ ក៏ត្រូវទទួលការធ្វើតេស្តបន្ថែមទៀតផងដែរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ត្រង់ចំណុចនេះ អង្គប្រជុំបានឯកភាពថា ប្រសិនបើមានអ្នកវិជ្ជមានកូវីដ១៩  ក្រុមមន្ត្រីចំពោះកិច្ច នឹងបញ្ជូនឱ្យពួកគេទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រវាន់ ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ។ ប៉ុន្តែប្រសិនធ្វើតេស្តនៅអាកាសយានដ្ឋានអន្តរជាតិកងកេង គឺត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅផ្នែកដាច់ដោយឡែកមួយនៅសណ្ឋាគារសុខាខេត្តព្រះសីហនុ។ អ្នកដែលធ្វើតេស្តអវិជ្ជមាន នឹងទទួលបានប័ណ្ណបញ្ជាក់សម្រាប់ពាក់ជាប់តាមខ្លួន មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំងរៀបចំកម្មវិធី។

បើតាមលោករដ្ឋមន្ត្រីថោង ខុន អង្គប្រជុំក៏បានឯកភាពគ្នាជំរុញការចាក់វ៉ាក់សាំងដូសទី៤ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារកម្ពុជាដែលមានកាតព្វកិច្ចរៀបចំវេទិកាទេសចរណ៍អាស៊ានសម្រាប់អ្នកដែលដល់ពេលចាក់ដូសទី៤ ដើម្បីពង្រឹងការធានាសុវត្ថិភាពគ្រប់គ្នាក្នុងពេលចូលរួមក្នុងព្រឹត្តិការណ៍ និងក្រោយព្រឹត្តិ​ការណ៍។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះ ប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន២០ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន៣២២នាក់ មកពីប្រទេសចំនួន២៧។

វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ លោកថោង ខុន បានឱ្យដឹងទៀតថា ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

លោក ថោង ខុន បានបញ្ជាក់ជូនអង្គប្រជុំថា ៖ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ»។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពី «ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន»។ លោករដ្ឋមន្ត្រីបានលើកឡើងថា ការងារត្រៀមរៀបចំទាំងនេះគឺដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងអាចឆ្លើយតបបានគ្រប់ស្ថានការណ៍ ជៀសវាងមានបញ្ហាខ្វះចន្លោះរហូតដល់បាត់ម្ចាស់ការណ៍ដោយប្រការណាមួយ។ មួយវិញទៀត ក៏ដើម្បីជួយឱ្យថ្នាក់ដឹកនាំ គណៈប្រតិភូ និងអ្នកចូលរួមមានសុវត្ថិភាព ដែលអាចជំរុញឱ្យមានការផ្សព្វផ្សាយអំពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ ដែលជាការបោះជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម