Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មានជាផ្នែកសំខាន់ក្នុងការនាំសារបញ្ជ្រាបចំណេះដឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដល់ពលរដ្ឋ

បានផុស

នៅ

បច្ចុប្បន្នប្រជាពលរដ្ឋ នៅខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលតម្រូវឲ្យមានការបញ្ជ្រាបបន្ថែមតាមរយៈការអប់រំ បណ្តុះបណ្តាលពីអ្នកជំនាញ ដើម្បីជៀសផុតពីហានិភ័យក្នុងការជំពាក់ធនាគារវន្តក។ ក្នុងនោះអ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការនាំសារអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់ពួកគេ។ ប៉ុន្តែអ្នកជំនាញមើលឃើញថា អ្នកសារព័ត៌មាន នៅមានចំណុចខ្វះខាតក្នុងការនាំសារជុំវិញចំណេះដឹងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះហើយទើប នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ សមាគមធនាគារ​​ និង​សមាគមមី​ក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្លិប​អ្នក​កាសែត​កម្ពុជា (ក.អ.ក) ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​អ្នក​សា​ពត៌មាន​​​លើ​មូល​ដ្ឋាន​គ្រឹះ​​នៃ​វិសយ័ធនាគារ​ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងគោល​បំណង​បង្កើន​ការ​យល់​​ដឹង​ជា​មូលដ្ឋាន​នៃ​វិស័យ​ធនា​គារ​ និង​ហិរញ្ញវត្ថុ ក៏ដូចជាការបង្កើនទំនាក់ទំនង​រវាង​ស្ថាប័នធនាគារ និង​ហិរញ្ញវត្ថុ ជាមួយ​សមាគម​​អ្នក​​សារពត៌​មាន។​  លើសពីនេះទៀត អ្នកសារពត៌មាននឹង​ទទួល​បានការយល់ដឹង​បន្ថែមទៀត ពីវាក្យស័ព្ទ​ក្នុង​វិស័យធនាគារ រួម​ទាំង​តួនាទីនៃធនាគារជាតិនៃ​កម្ពុជា ​និងសមាគមធនាគារ សមាគមមី​ក្រូហិរញ្ញវត្ថុ​ ​ និង​ព្រឹត្តិការណ៍សំខាន់ៗ​ទាក់​ទង​នឹងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់អ្នកព័ត៌មានផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណេះដឹងបន្ថែម ជុំវិញវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោក បូណា ថ្លែងបន្តថា សេដ្ឋកិច្ចគឺជាប្រធានបទដែលនាំមុខនៅក្នុងពិភពលោក ហើយប្រទេសកម្ពុជា ក៏ស្ថិតក្នុងបរិបទនេះដែរ ពិសេសនៅក្នុងសតវត្ស​ទី​២១នេះ។ លោកថា« វគ្គបណ្តុះបណ្តាលថ្ងៃនេះ មានសារសំខាន់ ហើយឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង…យើងដឹងហើយថា អ្នកសារព័ត៌មានដើរតួនាទីសំខាន់ណាស់នៅក្នុងសង្គម! ផ្នែកធនាគារ និងហិរញ្ញវត្ថុនេះ កំពុងរីកលូតលាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយបានកែប្រែជីវភាពពលរដ្ឋ»។​

លោក ប៉ែន បូណា បានជំរុញឱ្យអ្នកសារព័ត៌មានដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាល យកចិត្តទុកដាក់ លើបទបង្ហាញរបស់បណ្តាវាគ្មិនជំនាញ ដែលចែករំលែកចំណេះដឹងផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានគ្រឹះរឹងមាំលើផ្នែកនេះ។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មាននឹងទទួលបានចំណេះដឹងបន្ថែមលើវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈវគ្គបណ្តុះបណ្តាលនេះ។ លោកបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ នឹងរួមចំណែកនាំផ្លូវអ្នកសារព័ត៌មានក្នុងការបង្កើតបានមាតិកាល្អ តាមរយៈអត្ថបទ សំឡេង និងវីដេអូ ជុំវិញវិស័យធនាគារ និងហិរញ្ញវត្ថុ។ លើសពីនេះទៀត វគ្គបណ្តុះបណ្តាលនេះ នឹងផ្សាភ្ជាប់ទំនាក់ទំនងរវាងវិស័យសារព័ត៌មាន និងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការចូលរួមលើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមដែលបានចូលរួម ដើម្បីជាគុណប្រយោជន៍ក្នុងការផលិតព័ត៌មាន ដែលមានគុណភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈក្នុងការបម្រើដល់សាធារណជន។

អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក ប៊ុន យីន បានបញ្ជាក់ថា នេះគឺជាលើកទី១ ដែលសមាគមធនាគារ និងហិរញ្ញវត្ថុកម្ពុជា បើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ក្រោមការគាំទ្រពីសំណាក់ធនាគារជាតិ។ ក្រោយបញ្ចប់វគ្គនេះ លោក ប៊ុន យីន គូសបញ្ជាក់ថា អ្នកសារព័ត៌មាននឹងទទួលបានចំណេះមូលដ្ឋានគ្រឹះមួយកម្រិតបន្ថែមទៀត ទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លើសពីនេះ វាក៏ជាដើមទុនបន្ថែមដើម្បីពង្រឹងសមត្ថភាព និងគុណភាព នៃការរាយការណ៍​ព័ត៌មានពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់អ្នកសារព័ត៌មាននាពេលអនាគត។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានសម្តែងការកោតសរសើរចំពោះសមាគមធនាគារ និងហិរញ្ញវត្ថុ និងក្លឹបអ្នកកាសែតកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ លោកបន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន នឹងរួមចំណែកជួយបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ទៅដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន។

សូមបញ្ជាប់ថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២១ ខែមករា ឆ្នាំ ២០២២។ នៅចុងក្រោយនៃកម្មវិធី គឺនៅថ្ងៃទី១៨-១៩ ខែ​កុម្ភៈ ឆ្នាំ២០២២ នឹងមានរៀបចំដំណើរទស្សន​កិច្ច​របស់​សិក្ខា​កាម​​ទៅ​កាន់​ខេត្តកំពត ដើម្បីសិក្សាស្វែងយល់ពីស្ថានភាព ជីវភាព និងអ្វីដែលគ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុផ្តល់សេវា ​និង​ជួយ​ឲ្យ​សហគមន៍មានភាពល្អប្រសើរ៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម