Connect with us

ព័ត៌មានជាតិ

លោក រស់ វីរ៉េត មេឃុំអារក្សត្នោត ៖ បើយើងធ្វើមេឃុំ បើគិតតែប្រយោ​ជន៍ឯកជន មិនបាច់ធ្វើទេ

បានផុស

នៅ

លោក រស់ វីរ៉េត មេឃុំអារក្សត្នោត នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ បានលើកឡើងថា បើធ្វើជាមេឃុំ ហើយគិតតែប្រយោជន៍ផ្ទាល់ខ្លួននោះ មិនចាំបាច់ធ្វើនោះទេ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ចាម” នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈនេះ។

មេឃុំអារក្សត្នោតលោក រស់ វីរ៉េត មានប្រសាសន៍ឲ្យដឹងថា ចំពោះការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងឃុំរបស់លោក មិនគិតថ្ងៃសៅរិ៍-អាទិត្យ ឬពេលយប់ព្រលប់អ្វីឡើយ ឲ្យតែប្រជាពលរដ្ឋមកជួប នឹងត្រូវចុះហត្ថលេខាជូនពួកគាត់ភ្លាម។

លោកបន្តថា «ពាក់ព័ន្ធនឹងអ្នកកាន់ត្រា ក៏ត្រូវបើកទូរស័ព្ទជាប់ដែរ បើថាត្រូវប្រជាពលរដ្ឋមករកហើយ គឺតេភ្លាមត្រូវតែមក ចឹងយើងអត់ឲ្យប្រជាពលរដ្ឋយើងខកខានទេ ចឹងការងារផ្ដល់សេវានេះ គឺមិនមានថ្ងៃអាទិត្យ ថ្ងៃសៅរិ៍ទេ ចឹងបញ្ហាប្រឈមវាតែងតែមានហើយ លើការផ្ដល់សេវា ជួនកាលមកមិនជួប មេឃុំមិនជួបក្រុមប្រឹក្សាឃុំ មិនជួបជំទប់ មិនជួបស្មៀនទៅ ជួលកាលថ្ងៃអាទិត្យ គាត់មកអញ្ចឹង ក៏បានឈប់មួយថ្ងៃអីដែរ ចឹងក៏យើងសុំទោសគាត់ ប៉ុន្តែគ្រាន់តែថា ការងារប្រឈមហ្នឹងវាមានតិច ដែលយើងខិតខំបម្រើជូនគាត់នៅពេលនេះ ចឹងយើងនឹងខិតខំឲ្យបានល្អ»។

ដោយសារតែការខិតខំប្រឹងប្រែង បម្រើសេវាសាធារណៈល្អ ក៏ដូចជាសាងអំពើល្អជាមួយប្រជាពលរដ្ឋនោះ ទើបលោក រស់ វីរ៉េត ត្រូវបានជ្រើសរើសជាបេក្ខភាពមេឃុំ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នាខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ បន្តទៀត។ លោក រស់ វីរ៉េត បានថ្លែងថា បើធ្វើជាមេឃុំ គិតតែប្រយោជន៍ឯកជននោះ មិនចាំបាច់ធ្វើទេ។

លោកបន្ថែមថា «ចឹងហើយ បានជាគាត់មានទំនុកចិត្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ក៏ដូចជាគាំទ្ររូបខ្ញុំផ្ទាល់អញ្ចឹង ឲ្យបានឈរឈ្មោះធ្វើជាមេឃុំបន្តទៀត ចឹងទេ បើយើងធ្វើមេឃុំ បើគិតតែប្រយោ​ជន៍ឯកជន មិនបាច់ធ្វើទេ និយាយរួមទាំងអស់ហ្នឹង ទាំងឯកឧត្ដម លោកជំទាវ គណៈអធិបតីទាំងអស់ហ្នឹង បើធ្វើការបម្រើប្រជាពលរដ្ឋ ហើយគិតការងារឯកជនពេក គឺមិនអាចបានទេ»។

មេឃុំអារក្សត្នោត នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា នៅពេលព្រឹកឡើងភ្លាម គឺលោកត្រូវទៅបំពេញការងារ នៅសាលាឃុំភ្លាម ហើយចំពោះការងាររកស៊ីនៅក្នុងផ្ទះផេ្សងៗ គឺភរិយារបស់លោក ជាអ្នករ៉ាប់រង៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម