Connect with us

ព័ត៌មានជាតិ

ហង់ ជួនណារ៉ុន ពីអ្នកយាមផ្ទះ​ឲ្យ​រដ្ឋមន្រ្តី​ រហូត​ក្លាយជារដ្ឋមន្រ្តីដឹកនាំ​នៅ​ក្រសួងអប់រំ

បានផុស

នៅ

យកទ្រឹស្តីអ្នកចេះជាប់ បាន​ភ្ជាប់​ឈ្មោះ​លោក ហង់ ជួនណារ៉ុន ជា​រដ្ឋមន្រ្តី​កណ្តាប់ដៃដែក​ដែល​បាន​ធ្វើ​ការវះកាត់កែទម្រង់​ប្រព័ន្ធ​ប្រឡង​ថ្នាក់​ជាតិ ដែល​ដណ្តប់​ដោយ​រឿងអាស្រូវរាប់សិប​​ឆ្នាំ។

ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​អ្នក​យាម​ផ្ទះ​ឲ្យ​មន្រ្តី​ជាន់ខ្ពស់រដ្ឋាភិបាល​​ ជា​បញ្ញវន្ត​មួយ​រូប​ដែលទទួលការ​អប់រំពីប្រទេសនៅ​អតីតសហភាពសូវៀត ជា​មន្រ្តី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ការបរទេស រហូត​ទទួលការ​​ទុកចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល​តែងតាំងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​និង​កីឡានៅឆ្នាំ​២០១៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារភាព

លោក ហង់ ជួនណារ៉ុន កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ១៩៦២ នៅសង្កាត់លេខ៥ ក្រុងភ្នំពេញ។ លោកមានឪពុកឈ្មោះហង់ ជួន ជាសាស្ត្រាចារ្យនៅសាលាវិចិត្រសិល្បៈ នៃមហាវិទ្យាល័យរបាំ មុនឆ្នាំ១៩៧០ និងមានម្ដាយឈ្មោះ ម៉ែន សាអ៊ុន ជាស្ត្រីមេផ្ទះ។

ជីវិត​ក្នុង​សម័យ​ខ្មែរក្រហម

លោក ហង់ ជួនណារ៉ុន និង​គ្រួសារ​បាន​ជម្លៀសពី​ក្រុងភ្នំពេញទៅ​នៅ​ក្នុង​ភូមិ​ជ្រឹង ឃុំ​វាល​ម្លូ ស្រុក​តំបែរ ខេត្ត​កំពង់ចាម (ខេត្ត​ត្បូង​ឃ្មុំសព្វថ្ងៃ​)​​។ នៅ​ខែមករា ​ឆ្នាំ១៩៧៩ បន្ទាប់​ពី​ការ​ដួលរលំ​របប​ខ្មែរ​ក្រហម ក្រុម​គ្រួសារ​លោកបាន​​វិល​ត្រឡប់​​ចូល​មក​រស់នៅ​ជាយ​រាជធានី​ភ្នំពេញ ម្តុំ​គីឡូម៉ែត្រ​លេខ​ ៧។

យាមផ្ទះ​ឲ្យ​រដ្ឋមន្រ្តីក្រោយ​បែក​ឆ្នាំ​១៩៧៩

អំឡុងខែមករា ឆ្នាំ១៩៧៩ ក្រោយពីការដួលរលំរបបអាវខ្មៅ លោក ចាន់ វ៉ែន ដែលកាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួងអប់រំនា​សម័យនោះបានចុះទៅជ្រើសរើសយុវជនដើម្បី​​យាម​ផ្ទះ​ ហើយក៏បានជ្រើសរើសលោក ហង់ ជួនណារ៉ុន ដោយសារឃើញ​ពីកាយសម្បទា​មាំមួន រួមទាំងចេះក្បាច់គុនការពារខ្លួនថែម​ទៀត។

ប្រវត្តិសិក្សា

ក្នុងឆ្នាំ១៩៨០ ក្រោយ​ការ​ដួលរលំ​របបប៉ុលពត លោក ហង់ ជួនណារ៉ុន បានចូលសិក្សានៅវិទ្យាល័យកម្ពុជបុត្រ។ កាលនោះមាន​​ត្រឹម​ថ្នាក់​ទី ៨ ជា​ថ្នាក់​ខ្ពស់​ជាង​គេ ហើយ​លោក​ក៏ផ្លាស់ទៅរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ដែល​មាន​ពី​ថ្នាក់ទី​​ ៨ ដល់ទី​១០ ជា​ថ្នាក់​បញ្ចប់​​វិទ្យាល័យ​។

ក្រោយ​ប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ១៩៨១ លោក ហង់ ជួនណារ៉ុន បាន​ចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ​សិក្សា​បាន​តែមួយឆ្នាំ ក៏ទទួលបានអាហារូបករណ៍ទៅសិក្សាបន្ត​នៅប្រទេសអតីត​សហភាពសូវៀត ផ្នែកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ។ ឆ្នាំ១៩៨៨ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ហើយក៏បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ។

ជីវិតក្រោយពេល​វិលត្រឡប់មកស្រុកកំណើត​វិញ

ក្រោយត្រឡប់មកដល់ប្រទេសកំណើតវិញ លោក ហង់ ជួនណារ៉ុន បាន​ធ្វើ​ជាអ្នកបកប្រែឱ្យគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅ​ក្រសួងការបរទេស ក្នុងតួនាទី​ជាអ្នកសរសេរបកប្រែផង និងជាអ្នកបកប្រែដោយផ្ទាល់មាត់ផង។ បន្ទាប់មក លោកក៏​បាន​បម្រើការនៅក្នុងស្ថានទូតអូស្ត្រាលី និងធ្វើ​ការនៅវិទ្យាស្ថាន CDRI ក្នុងតំណែងជាអ្នកបកប្រែអង់គ្លេស និងក្លាយជាមន្ត្រីស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនយោបាយពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨។

ថ្ងៃទី១ ខែ​មករា ឆ្នាំ១៩៩៩ លោកចូលទៅ​បម្រើការនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានតួនាទីជាអ្នក​សរសេរសុន្ទរកថាជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី។

ជីវិតអាពាហ៍ពិពាហ៍

ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ប៉ែន វិមល ជាភរិយា

លោកបានរៀបការជាមួយអ្នកស្រី ប៉ែន វិមល និងមានកូនប្រុស ២ នាក់ គឺកូនប្រុសច្បងឈ្មោះហង់ វិរៈឫទ្ធិ និងកូនប្រុសទី ២ ឈ្មោះហង់ វិមលា អាយុ ២០ ឆ្នាំ។ ភរិយារបស់លោក ក៏ជាមន្ត្រីក្នុងនាយកដ្ឋានផែនការរបស់ក្រសួងបរិស្ថានផងដែរ ដោយលោកជំទាវគឺជាកូនស្រីរបស់លោក ប៉ែន ណាវុឍ អតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងសិក្សាធិការនៅអំឡុងឆ្នាំ ១៩៨៤ ដល់១៩៩៩។

ចំណេះដឹង​ភាសា

ក្រៅពីភាសាខ្មែរ​ជា​ភាសា​កំណើត លោកមាន​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស បារាំង និង​រុស្សី។ បើ​តាម​លោក​ហង់ ជួនណារ៉ុង នៅ​ពេល​លោកកំពុងសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៅ​អតីតសហភាព​សូវៀត លោកបាន​សរសេរសុន្ទរកថាដែលមានការទទួលស្គាល់ ដោយសារតែលោកមានស្នាដៃក្នុងការស្រាវជ្រាវ និងមានចំណេះដឹងផ្នែកភាសាអង់គ្លេស បារាំង និងរុស្ស៊ីច្បាស់លាស់។

និស្ស័យ​ចូលចិត្តកីឡាតេក្វាន់ដូ

ក្រៅពីមានសមត្ថភាពធ្វើកំណែទម្រង់ប្រព័ន្ធអប់រំឱ្យមានគុណភាព លោក ហង់ ជួនណារ៉ុន ចូលចិត្ត​ស្វែងយល់ពីវិស័យកីឡាតាមរយៈការឆ្លៀតពេលហ្វឹកហាត់តេក្វាន់ដូ រហូតទទួលបានខ្សែក្រវាត់ខ្មៅផងដែរ ។

លោកបានបញ្ជាក់ថា កីឡាគឺជាចំណូលចិត្តរបស់លោកតាំងពីក្មេង ហើយបើលោកមានពេលទំនេរមិនរវល់ដូចរាល់ថ្ងៃ គឺលោកនឹងបន្តហ្វឹកហាត់ឱ្យបានខ្សែក្រវាត់ខ្មៅកម្រិត​ខ្ពស់បំផុត​ ដោយសារតែលោកយល់ថា កីឡា ឬក្បាច់គុនក្រៅពីហ្វឹកហាត់អាចការពារខ្លួន ក៏ជួយឱ្យមានសុខភាពល្អ ហើយ​លោក​ក៏​បំផុសឱ្យយុវជន​ងាក​មក​ហ្វឹកហាត់ដើម្បីលើកស្ទួយកីឡា និងដើម្បីជំរុញដល់សុខភាពឲ្យបាន​រឹងមាំ។

ក្នុងការ​ហ្វឹកហាត់កីឡាតេក្វាន់ដូ លោកទទួលបាន​ខ្សែក្រវាត់ខ្មៅ ដោយខ្សែក្រវាត់ដែល​ទទួលបាននេះ មិនមែនជាខ្សែក្រវាត់កិត្តិយសនោះទេ ប៉ុន្តែជាខ្សែក្រវាត់ប្រយុទ្ធដែលលោកបានឆ្លងកាត់ការប្រកួត និងមានការបំពាក់ខ្សែក្រវាត់ដោយលោក ឆយ យ៉ុងសុក គ្រូបង្វឹកកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា ។

លោក ហង់ ជួនណារ៉ុន និយាយថា ឱ្យតែលោកឆ្លៀតបាន គឺលោកនៅតែឆ្លៀតពេលហ្វឹកហាត់ ដើម្បីរំលឹកក្បាច់​គុន​តេក្វាន់​ដូផង និងដើម្បីសុខភាពផង។ ដោយសារតែចេះក្បាច់គុនតេក្វាន់ដូនេះហើយ ទើបធ្វើឱ្យលោករឹងមាំផ្នែកសុខភាព ហើយបំពេញកិច្ចការបានយ៉ាងច្រើន តាំងពីបានក្លាយជារដ្ឋមន្ត្រីដែលមានការងារដកឃ្លាមិនចង់រួច។

ប្រើ​កណ្តាប់​ដៃដែក​កែ​ទម្រង់ការ​ប្រឡង​បាក់ឌុប

មួយ​ឆ្នាំ​បន្ទាប់​ពី​ឡើង​កាន់​ដំណែង​ លោក ហង់ ជួនណារ៉ុន បានដាក់ចេញ​ចំណាត់ការ​​រឹត​បន្តឹង​ការ​ប្រឡង​បាក់ឌុប​។ ការ​ប្រឡង​បាក់ឌុប​ក្នុង​ខែ​សីហា​ឆ្នាំ ​២០១៤ ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សូក​លុយ​ជា​ដាច់​ខាត​ក្នុង​ដំណើរការ​ប្រឡង ក៏​ដូច​ជា​ហាម​ឃាត់​​​ការ​បើក​ចម្លង​និង​លួច​ចម្លង​គ្នា​។ ក្រសួង​ក៏​បាន​អនុញ្ញាត​ឲ្យ​​មាន​ការ​សង្កេតការណ៍​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ក្នុង​ដំណើរការ​ប្រឡង​ផង​ដែរ​​។ ជា​លទ្ធផល សិស្ស​ជាង​ ៧៥ ​ភាគ​រយ ឬ​ស្មើ​នឹង​ប្រមាណ​ ៦ ​ម៉ឺន​នាក់ ប្រឡង​ធ្លាក់​បាក់ឌុប។

ស្នាដៃ

ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្រ្តីដឹកនាំនៅក្រសួងអប់រំ​នៅ​ឆ្នាំ​២០១៣ លោកហង់ ជួនណារ៉ុន មាន​មហិច្ឆតា​ធ្វើកំណែ​ទម្រង់​លើប្រព័ន្ធ​​អប់រំ​ដ៏​ពុក​ផុយ​នៅ​កម្ពុជាឲ្យ​មាន​គុណភាព​ឡើង​វិញ​។ ពង្រឹង​គុណភាព​អប់រំ រឹតបន្តឹង​ការ​ប្រឡង ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​គ្រូ​បង្រៀន សុទ្ធ​សឹង​ជា​អ្វី​ដែល​លោក​រដ្ឋ​មន្ដ្រី​រូបនេះ​សម្រេច​ចេញជា​ផ្លែផ្កា​ បើ​ទោះ​បី​ជាមានមតិសង្ស័យលើ​សមត្ថភាព​​ដឹកនាំ​របស់​ដំបូង​របស់លោក​ក៏​ដោយ​។ 

បន្ទាប់​ពី​ឡើង​កាន់​ដំណែងរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បាន​ដាក់​ចេញ​នូវផែនការ​សកម្មភាព​អប់រំ​​​អាទិភាព​ចំនួន​ ៨ ​ចំណុច​។ ទី​១៖ បង្កើន​គុណភាព​និង​ប្រសិទ្ធភាព​នៃ​សេវាអប់រំ។ ​ទី​២៖ ពង្រឹង​ការ​គ្រប់​គ្រង​បុគ្គលិក។ ​ទី​៣៖ ពង្រឹង​ការ​ប្រឡង​គ្រប់​ប្រភេទ។ ទី​៤៖ កែទម្រង់​ឧត្តម​សិក្សា​។ ទី​៥៖ អភិវឌ្ឍ​សម្រាប់​យុវជន​នូវ​ជំនាញ​បច្ចេកទេស​និង​ជំនាញ​ទន់​។ ​ទី​៦៖ អនុវត្ត​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។ ​ទី​៧៖ បង្កើត​ធនាគារ​ខួរ​ក្បាល​វិស័យ​អប់រំ​។ និង​អាទិភាព​ទី​៨៖ កែ​ទម្រង់​ការ​អប់រំ​កាយ​និង​កីឡា​។

ទស្សនៈនិង​គោលដៅនៅថ្ងៃខាងមុខ

«អ្វី​ដែលខ្ញុំ​​ស្រមៃ​ក្នុង​​ជីវិត ​​ក្លាយ​ជា​អ្នក​​សេដ្ឋកិច្ច​ដែល​មាន​ការ​ទទួល​ស្គាល់ និង​សរសេរ​​សៀវភៅ​សេដ្ឋកិច្ច​សម្រាប់ ក្មេង​ ជំនាន់​ក្រោយ​»។ មហិច្ឆតា​មួយទៀត លោក​ចង់​កែប្រែ​នូវ​ទម្លាប់​របស់​សិស្សានុសិស្សក្នុង​ប្រទេស​កម្ពុជា ពីការ​ប្រឡង​មិន​បើក​​ចម្លង មក​ធ្វើ​ដោយ​ពឹង​ផ្អែកលើ​សមត្ថភាព​ខ្លួន​ឯង។ លោក​បាន​ប្តេជ្ញា​ចិត្ត​រួច​ហើយ គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​វិស័យ​អប់រំ ដោយអនុវត្តទ្រឹស្តី​អ្នក​ចេះជាប់​​។

កំណែ​ទម្រង់​របៀប​ប្រឡង​បាក់ឌុប កាលពី​ឆ្នាំ ២០១៤ ត្រូវ​បានគេ​ស្វាគមន៍​ភាគ​ច្រើន ចំពោះ​គំនិត​ថ្មី​របស់​​រដ្ឋមន្ត្រី​រូប​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៨ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៥ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម