ព័ត៌មានជាតិ
បណ្ឌិត ហង់ជួន ណារ៉ុន៖កម្ពុជាមានមោទនភាព ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ តាមរយៈការគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៥ ក្រោមប្រធានបទ “ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ! ការអប់រំកសាងពលរដ្ឋប្រកបដោយមនសិការ និងមានបំណិន ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោក” រួមជាមួយ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ អង្គទូត មន្ត្រីរាជការ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស សរុបចំនួនប្រមាណជាង១៦០០ នាក់។

ថ្លែងក្នុងឱកាសនេះ លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា តាមរយៈការប្រារព្ធទិវាអន្តរជាតិនេះ នូវការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយពិភពនៃភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍន៍ និងអនាគតនៃភាសាបារាំង។
ទន្ទឹមនឹងនេះ ភាសាបារាំងក៏ជាឧបករណ៍សម្រាប់ទទួល និងផ្សព្វផ្សាយចំណេះដឹង ការទំនាក់ទំនងរបស់មនុស្សជាតិ ការបើកឱកាសសម្រាប់សកលលោក រួមទាំងការផ្តល់ឱកាសដើម្បីផ្លាស់ប្តូរការគិត ការផ្សព្វផ្សាយ និងការកសាងអនាគតរួមគ្នាប្រកបដោយសាមគ្គីភាព សេរីភាព និងការគោរពគ្នាទៅវិញទៅមក។ លោកបានរំលេចផងដែរថា៖« កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ តាមរយៈការគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនេះជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវបានរៀបចំឡើងជាលើកទី១ក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម»។

ជាមួយគ្នានេះ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាការបង្ហាញពីថាមពល ភាពច្នៃប្រឌិត ព្រមទាំងវប្បធម៌ដ៏សម្បូរបែប ផ្សារភ្ជាប់នឹងភាសាបារាំងតាមរយៈអក្សរសិល្ប៍ តន្ត្រី និងសិល្បៈយ៉ាងល្អឥតខ្ចោះ។ លោកថា៖«ការសិក្សាភាសាបារាំង គឺជាជម្រើសដ៏ប្រសើរមួយ ជាភាសាអនាគតសម្រាប់យុវជនក្នុងការសិក្សាស្វែងយល់ឯកសារនានាជាភាសាបារាំង និងជាឱកាសសម្រាប់ពួកគេក្នុងការបន្តការសិក្សានៅតាមបណ្ដាប្រទេសហ្វ្រង់កូហ្វូនី ក្នុងនោះនិស្សិតរាប់ពាន់នាក់បានបន្តការសិក្សាជំនាញឯកទេសផ្សេងៗ នៅប្រទេសបារាំងរួមមាន ផ្នែកវេជ្ជសាស្ត្រ ស្ថាបត្យកម្ម ច្បាប់ វិស្វកម្ម ភាសា ជាដើម»។
ជាការពិតណាស់ ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនាឱកាសនេះ គឺជាការបង្ហាញនូវឧត្តមភាពរបស់ប្រទេសកម្ពុជា ដែលនឹងត្រូវក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខ។ ជាថ្មីម្តងទៀត លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់បន្ថែមថា ហ្វ្រង់កូហ្វូនីផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងជាប្រវត្តិសាស្រ្តរួមគ្នានៃប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យបានរឹងមាំបន្តទៅទៀត។

គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា ដោយសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជា ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមជាមួយគ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំង តាមរយៈការសម្ដែងទស្សនីយភាពនានា រួមមាន៖ របាំប្រជាប្រិយ ចម្រៀងសម័យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា