ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី សម្រេចបានជាង ៣២៤ លានដុល្លារ ឆ្នាំ ២០២១ កើន៥២ភាគរយ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការរីកចម្រើនសេដ្ឋកិច្ចនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្រ្តាលី សម្រេចបាន ៣២៤លានដុល្លារ នៅឆ្នាំ ២០២១ កើនឡើង ៥២ភាគរយ បើធៀបនឹងឆ្នាំ ២០២០ បើទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Katrina Cooper អនុលេខាធិការទទួលបន្ទុកអាស៊ីអគ្នេយ៍ និងក្រុមដៃគូសកលនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ០២ ខែ មីនា ម្សិលមិញ។

លោក ប៉ាន សូរស័ក្តិ បានបន្ថែមថា វឌ្ឍនភាពនៃការរៀបចំបញ្ជីសមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together) ក្នុងនោះ ក៏បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿននូវកិច្ចខិតខំប្រឹងប្រែងសំដៅស្តារឡើងវិញលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីក៏បានអបអរសាទរដែលលោកស្រី Katrina Cooper បានទទួលភារកិច្ចថ្មី ជាអនុលេខាធិការទទួលបន្ទុកអាស៊ីអគ្នេយ៍ និងក្រុមដៃគូសកលនៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី និងបានថ្លែងអបអរសាទរចំពោះការបង្កើតចំណងការទូតរយៈពេល ៧០ ឆ្នាំមកនេះ រវាងកម្ពុជា និងអូស្រ្តាលី។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អូស្រ្តាលី-នូវែលស្សេឡង់ (AANZFTA) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិកផងដែរ។ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌភាពជាដៃគូមេគង្គនិងអូស្រ្តាលី (Mekong-Australia Partnership) និងការគាំទ្ររបស់អូស្រា្តលីសម្រាប់សមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា។
ជាការឆ្លើយតប លោកស្រីអនុលេខាធិការ បានអបអរសាទរចំពោះការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី និងប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ពីការគាំទ្ររបស់អូស្រ្តាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ភាគីទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


