Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បន្តលើកឡើងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតែជាកិច្ចការអាទិភាព

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តលើកឡើងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតែជាកិច្ចការអាទិភាព ហើយនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្រ្ដគន្លឹះ ក្នុងការទប់ទល់នឹង​ការ​ឆ្លងរាលដាល ក៏ដូចជាការរៀនរស់នៅជាមួយកូវីដ-១៩ ព្រមទាំងការបើកកិច្ចដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ផងដែរ។

ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីប្រគល់-ទទួលអំណោយជាវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសហុងគ្រី ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២នេះ។ ពិធីនេះ ធ្វើឡើងនៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីភារៈធារីស្ដីទី នៃស្ថានទូតហុងគ្រីប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែលបានផ្ដល់អំណោយ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៥២៣ ១០០ ដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ហុងគ្រី គឺជាប្រទេសទី ៦ហើយ ដែលបានផ្ដល់អំណោយវ៉ាក់សាំងកូវីដ-១៩ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ដែលសម្ដេចបានអញ្ជើ​​ញទទួលដោយផ្ទាល់។ អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពមួយ ដែលឆ្លុះបញ្ចាំងអំពីកាយវិកាយមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ របស់ប្រជាជន និងរដ្ឋាភិបាលហុងគ្រី លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើសកលលោកទាំងមូល ដែលកម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ជាការពិតការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងកំពុងវិវត្តជាទៅមេរោគបំប្លែងខ្លួនថ្មីៗ ជាបន្តបន្ទាប់។ ក្នុងនោះ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន ប្រកបដោយសុទិដ្ឋិនិយម ប្រទេស កម្ពុជា បានតាមដាន និងវាយតម្លៃសភាពការណ៍ និងយកចិត្តទុកដាក់ខ្ពស់ ដោយបានពន្លឿន និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំក្នុងសហគមន៍ នៅទូទាំងប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា ក្នុងក្របខណ្ឌសកលលោក ប្រទេសកម្ពុជា ក៏បានជំរុញផងដែរ នូវយុទ្ធនាការចាក់វ៉ាក់សាំង និងសូមវាយតម្លៃខ្ពស់ ចំពោះវប្បធម៌ជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលពិតជាមានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា «កម្ពុជាជឿជាក់ថា ការចាក់វ៉ាក់សាំង គឺជាកិច្ចការអាទិភាព សម្រាប់យើងទាំងអស់គ្នា ហើយវ៉ាក់សាំងនឹងបន្តដើរតួនាទី ជាទំនិញយុទ្ធសាស្រ្ដគន្លឹះ ក្នុងការទប់ទល់នឹងការឆ្លងរាលដាល ក៏ដូចជាការរៀនរស់នៅ ជាមួយកូវីដ-១៩ និងបើកកិច្ចដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ»។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ កម្ពុជា​ គឺជាប្រទេសមួយ ដែលទទួលជោគ ជ័យ ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំង ៩២, ២៧ភាគរយ នៃប្រជាជនសរុប ១៦លាននាក់។ ការណ៍នេះ បានអនុញ្ញាតឲ្យកម្ពុជា​ បើប្រទេសឡើងវិញ និងរក្សាកិច្ចការនៃសង្គម-សេដ្ឋកិច្ច ពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងចូលក្នុងសហគមន៍ នៅបន្តមានក៏ដោយ។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងទុកថា ប្រទេសកម្ពុជា នឹងអាចស្ដារ និងជំរុញសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវជន្ទុលសេដ្ឋកិច្ចសំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកជន្ទុលថ្មី ប្រកបដោយសក្ដានុពលពីវិស័យផ្សេងៗ។ ទោះបីជាវិស័យទេសចរណ៍ នៅមិនទាន់ងើបឡើងវិញក៏ដោយ ក៏វិស័យសំខាន់ៗមួយចំនួន បាននិងកំពុងស្ដារ និងជំរុញដំណើរការជាប្រក្រតីឡើងវិញ ដែលជាលទ្ធផលកម្ពុជារំពឹងថា នឹងធានាបាននូវកំណើនវិជ្ជមាន ក្នុងកម្រិតប្រមាណ ៣ភាគរយ នៅក្នុងឆ្នាំ ២០២១ និងបន្តកើនឡើងលើស ៥ភាគរយ នៅឆ្នាំ ២០២២៕

អត្ថបទ៖ ណារី  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម