ព័ត៌មានជាតិ
មូលហេតុជុំវិញការឡើងថ្លៃ សំបុត្ររថយន្តក្រុងដឹកអ្នកដំណើរ ក្នុងឱកាសពិធីបុណ្យទានម្ដងៗ
ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ បានបញ្ជាក់មូលហេតុជុំវិញការឡើងថ្លៃ សំបុត្ររថយន្តក្រុងដឹកអ្នកដំណើរក្នុងឱកាសពិធីបុណ្យទានម្ដងៗ។ បើតាមប្រធានសមាគមដដែល គឺតម្លៃប្រេងសាំងស្មើនឹង ៦០ភាគរយនៃថ្លៃដើមទៅហើយ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា។
លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ៨ ខែមេសានេះថា វិស័យដឹកជញ្ជូនអ្នកដំណើរ បានដំណើរការជាបណ្ដើរៗឡើងហើយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បើកដំណើរការឡើងវិញលើគ្រប់វិស័យមក។ ដោយឡែក នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់ គឺមានប្រជាពលរដ្ឋមួយចំនួនបានមកកក់សំបុត្រ នៅតាមក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរនានា ដើម្បីត្រៀមដើរលេងកម្សាន្ដនៅតាមបណ្ដាខេត្តនានា និងទៅលេងស្រុកកំណើតរបស់ពួកគាត់។
លោកបណ្ឌិត ឆឹម ចំណាន បានឲ្យដឹងថា ដោយសារបញ្ហាប្រេងសាំងឡើងថ្លៃនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ តម្លៃសំបុត្រសម្រាប់ធ្វើដំណើរទៅកាន់ខេត្តសៀមរាប អាចមួយសំបុត្រតម្លៃ ៦ម៉ឺនរៀល។ លោកថា «ឥឡូវនេះ បើយើងប្រៀបធៀបពីប្រេងវិញនៅឆ្នាំ ២០១៨ ២០១៩ ហើយប្រេងរាល់ថ្ងៃនេះ វាខុសគ្នាឆ្ងាយមែនទែន ដូច្នេះការលក់សំបុត្ររាល់ថ្ងៃនេះប្រហែល ៦ម៉ឺនរៀល បានទៅរួច ៥ម៉ឺន ទៅ ៦ម៉ឺនរៀលហ្នឹងបានរត់រួច…ទៅសៀមរាប? បាទ»។
ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ បានលើកឡើងដែរថា បញ្ហាឡើងថ្លៃសំបុត្រសម្រាប់ធ្វើដំណើរតាមរថយន្តក្រុង នៅក្នុងឱកាសពិធីបុណ្យទាននានា គឺបញ្ហាដ៏រសើបមួយ។ លោកបន្តថា បើស្ដាប់មួយភ្លែតទៅ ការឡើងថ្លៃសំបុត្ររថយន្តក្រុងក្នុងឱកាសបុណ្យទាននេះ ហាក់បីដូចជាអាក្រក់ស្ដាប់បន្តិច ក៏ប៉ុន្តែគេមិនបានសិក្សាឲ្យលម្អិតនោះទេ ថាតើមកពីកត្តាអ្វីខ្លះ?
លោកបណ្ឌិត ឆឹម ចំណាន បានឲ្យដឹងថា ការឡើងថ្លៃសំបុត្រសម្រាប់ធ្វើដំណើរតាមរថយន្តក្រុងនេះ គឺកើតឡើងដោយកត្តាមួយចំនួន ហើយកត្តាទាំងនោះសមាគមរបស់លោក ធ្លាប់ពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ជុំវិញបញ្ហាថ្លៃដើមជាមធ្យម សម្រាប់វិស័យដឹកជញ្ជូននៅកម្ពុជា។
លោកបន្តទៀតថា «ក្រុមហ៊ុនមិនច្រើនប៉ុន្មានទេក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនរថយន្តដែលគាត់អត់បានទៅចុះបញ្ជីនោះ គាត់ដាក់ផ្លាកក្រុមហ៊ុនដែរ គាត់អាចរកស៊ីបានដែរ ដឹកអ្នកដំណើរបានដែរដល់រាប់រយ រាប់រយគ្រឿងឯណេះ ច្រើនជាងក្រុមហ៊ុនដែលគេចុះបញ្ជីទៀត ដូច្នេះថ្លៃដើមគាត់ទាប ហើយគាត់លក់ក្នុងតម្លៃទាប ដូច្នេះអ្នកដែលចុះបញ្ជីត្រឹមត្រូវ ក្រុមហ៊ុនដែលគេចុះបញ្ជីត្រឹមត្រូវនោះ ថ្លៃគាត់ខ្ពស់ណាស់ ចំណាយខ្ពស់ ដូច្នេះការរកស៊ីទទួលទានរាល់ថ្ងៃនេះ គឺមិនអាចទទួលយកបាន»។
លោកបណ្ឌិត ឆឹម ចំណាន បានលើកជាឧទាហរណ៍ថា «ចេញពីភ្នំពេញទៅសៀមរាប តាមពិតថ្លៃដើមពិតប្រាកដ នៃវិស័យដឹកជញ្ជូនអ្នកដំណើរ មួយWay មានន័យថាតែទៅទេ វារហូតទៅដល់ ៧៥ម៉ឺន ទៅ៨០ម៉ឺនរៀលក្នុងមួយរថយន្ត គ្រាន់តែថ្លៃដើម…រថយន្ត ៤៥កៅអីៗ ហើយថ្លៃដើមរហូតដល់ ៧៥ម៉ឺន ទៅ ៨០ម៉ឺនរៀល ចុះបើសិនជាយើងលក់សំបុត្ររាល់ថ្ងៃ ដូចជារថយន្តដែលមិនចុះបញ្ជី គាត់លក់តែ ២ម៉ឺន ៥ពាន់ ២ម៉ឺន តើយើងរត់រួចអត់ រត់អត់រួចទេតម្លៃប៉ុណ្ណឹង ហើយខ្ញុំបានធ្វើលិខិតនេះ ទៅក្រសួងជាច្រើនដងហើយៗ ថ្លៃដែលយើងអាចលក់សំបុត្របាន ហើយគិតជាមធ្យម ១២ខែ ចឹងខែLow ខែHight ក្នុងរថយន្តមួយគ្រឿង អាច Minimum គួរតែ Around ពី ១០ ទៅ ១៥នាក់ទេ គិតជាមធ្យម ហើយសួរថា យក ១៥ហ្នឹង គុណនឹង ២ម៉ឺន ៥ពាន់ តើវារួចថ្លៃដើមអត់ វាអត់ទេ រហូតដល់ ១០ដុល្លារជាងឯណោះ ៤ម៉ឺន ៥ម៉ឺនរៀល បានរត់រួច»។
ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ បានបញ្ជាក់បន្ថែមថា ដោយសារតម្លៃប្រេងសាំងឡើងថ្លៃ នាពេលខាងមុខ តម្លៃសំបុត្ររថយន្តក្រុងអាចនឹងមានការឡើងថ្លៃថែមទៀត។ ជាមួយគ្នានេះលោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ ក៏បានគូសបញ្ជាក់ដែរថា តម្លៃប្រេងសាំងគឺស្មើនឹង ៦០ភាគរយនៃថ្លៃដើមទៅហើយ។ ដូច្នេះ ប្រសិនបើតម្លៃប្រេងសាំងនៅតែឡើងថ្លៃទៀតនោះ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ អាចនឹងជួបបញ្ហាខាតបង់ ឬក៏អាចឈានទៅបិទទ្វារតែម្ដង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


