Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូក្រុមហ៊ុន Axiata Group Berhad និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាអំពីអនាគតវិស័យ ICT និងឌីជីថលនៅកម្ពុជា

បានផុស

នៅ

នាយក​ប្រតិបត្តិ​ស្តីទី​រួម​ក្រុមហ៊ុន Axiata Group Berhad លោក​បណ្ឌិត Hans Wijayasuria និង​ប្រធាន​ក្រុមហ៊ុន Smart Axiata លោក Tan Sri Dr Halim Shafie បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ កាលពី​ថ្ងៃទី ៨ ខែមិថុនា ដើម្បី​បញ្ជាក់​ការប្តេជ្ញាចិត្ត​ជាថ្មី​ម្តងទៀត​របស់​ក្រុមហ៊ុន Smart Axiata ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ និង​ឌីជីថល​របស់​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​នាយក​ប្រតិបត្តិ​ស្តីទី​ក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​សារៈសំខាន់ និង​សក្តានុពល​នៃ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន (ICT) ក្នុងការ​ពន្លឿន និង​ពង្រីក​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​។ ភាគី​ទាំងអស់​បានកត់សម្គាល់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល ការបង្កើន​ជំនាញ​ឌីជីថល និង​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ឌីជីថល និង​ទូរគមនាគមន៍​គឺជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​ចក្ខុវិស័យ​ឌីជីថល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​តំណាង​ក្រុមហ៊ុន Axiata Group Berhad ក៏បាន​ពិភាក្សា​លើ​របៀប​ដែល​ក្រុមហ៊ុន​ពង្រីក​វិសាលភាព​ឌីជីថល​ទៅក្នុង​សហគមន៍​នានា​ទូទាំងប្រទេស​ចំនួន ១១ ក្នុង​តំបន់​អាស៊ាន និង​អាស៊ី​ខាងត្បូង ស្របតាម​គោលបំណង​របស់ខ្លួន​ក្នុង​ការជំរុញ​សក្ដានុពល​ក្នុង​តំបន់​អាស៊ី ខណៈ​បង្ហាញ​បំណងប្រាថ្នា​ដើម្បី​ប្រើប្រាស់​អនុភាព​របស់ខ្លួន​ក្នុង​តំបន់ និង​សហការ​ជាមួយ​ក្រសួង​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​គំនិត ក៏ដូចជា​សហប្រតិបត្តិ​ការ​រវាង​ភាគី​ទាំងពីរ​នាពេល​អនាគត​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ប្រចាំ​តំបន់ បាន​បម្រើសេវា​ដល់​អតិ​ថិ​ជន​ដែល​កំពុង​ប្រើប្រាស់​ទូរ​សព្ទ​ចល័ត​ចំនួន ១៦៣.១ លាន​នាក់ និង​បានផ្តល់​ឱកាស​ការងារ​ប្រមាណ ៧០០ ០០០ កន្លែង​នៅក្នុង​តំបន់​ផងដែរ​។

​លើសពីនេះ ក្នុងនាម​ជា​បុត្រ​សម្ព័ន្ធ​មួយ​ក្នុង​តំបន់​របស់​ក្រុមហ៊ុន Axiata ការរួមចំណែក​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Smart Axiata ដល់​សេដ្ឋកិច្ចកម្ពុជា មាន​ចំនួន ៤១៦ លាន​ដុល្លារ​អាមេរិក​ដល់​សេដ្ឋកិច្ចជាតិ ដែល​តំណាងឱ្យ ១,៦ ​ភាគរយ​នៃ​ផលិតផល​ជាតិ​សរុប (GNP) របស់​កម្ពុជា ដែល​ទឹកប្រាក់​ជាង ១០០ លាន​ដុល្លារ បាន​បង់​ចូល​កាតព្វកិច្ច​ពន្ធអាករ ហើយ​ទឹកប្រាក់​ ៨០ ​លាន​ដុល្លារ​បន្ថែមទៀត​ត្រូវបាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។ ឆ្លៀត​ក្នុងឱកាស​នេះ តំណាង​ក្រុមហ៊ុន Smart Axiata និង​ក្រុមហ៊ុន Axiata Group បាន​រំលឹក​ឡើងវិញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការបន្ត​បង្កើត​ឥទ្ធិពល​វិជ្ជមាន​ក្នុង​សហគមន៍​តាមរយៈ​ការវិនិយោគ​ផ្ទាល់ និង​កម្មវិធី​សង្គម​។

​ក្រុមហ៊ុន Smart Axiata ចំណាយ​ជាង ១ ភាគរយ​នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់ខ្លួន​លើ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន នៅក្នុង​វិស័យ​អប់រំ បរិស្ថាន និង​នវានុវត្តន៍​បច្ចេកវិទ្យា​។ តាមរយៈ មូលនិធិ​ការកសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (​មូលនិធិ ស​.​អ​.) ក្រុមហ៊ុន Smart Axiata ផ្តួចផ្តើម និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន ហើយ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​នាំយក​កម្មវិធី​ដែល​បង្កើត​ប្រព័ន្ធ​អេកូ​ឌីជីថល​ដែលមាន​ភាព​ធន់ ខណៈ​ជួយ​បំប៉ន​ជំនាញ ​និង​ចំណេះដឹង​សំខាន់ៗ​ដល់​ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ឌីជីថល​រីកចម្រើន​។

​តាមរយៈ មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ (​មូលនិធិ ក​.​ស​.​ទ​.) ក្រុមហ៊ុន​ក៏បាន​បង់​វិភាគទាន​២​ភាគរយ​នៃ​ប្រាក់ចំណូល​របស់ខ្លួន​ពី​សេវា​ចល័ត​ដល់​គម្រោង​នានា​ជាច្រើន​រៀងរាល់ឆ្នាំ ដែល​ជួយ​ជំរុញ​ការពង្រីក​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​អិ​ុ​ន​ធឺ​ណិ​ត​ចល័ត និង​គុណភាព​នៃ​បណ្តាញ ។

​ក្រុមហ៊ុន Smart Axiata គឺជា​អ្នកគាំទ្រ​ដំណើរការ​ប្រព័ន្ធ​អេកូ​ឌីជីថល និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចក្ខុវិស័យ​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ក្នុងការ​បង្កើត​ឌីជីថល​កម្ពុជា ដោយ​ក្រុមហ៊ុន Smart គាំទ្រ​យ៉ាងសកម្ម និង​បណ្ដុះបណ្ដាល​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី និងសហគ្រិន​បច្ចេកវិទ្យារ​បស់​កម្ពុជា ហើយ​បន្ត​ពង្រីក និង​ការអភិវឌ្ឍន៍​អ្នកដឹកនាំ​ឌីជីថល​ដែល​នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​កំណើន​ឌីជីថល​របស់​ប្រទេស​កម្ពុជា នៅក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ នាពេលខាងមុខ​។

​ជា​កិច្ច​ចុងក្រោយ​តំណាង​ក្រុមហ៊ុន Axiata Group និង​តំណាង​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង ដែល​បន្ត​ការគាំទ្រ និង​កិច្ចសហការ​ក្នុង​គោលបំណង​រួមគ្នា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​ឆ្ពោះទៅមុខ ខណៈ​លុបបំបាត់​គម្លាត​ឌីជីថល និង​បន្ត​ផ្តល់​ស្ថិរភាព​នៃ​បណ្ដាញ​ទំនាក់ទំនង​សម្រាប់​ប្រជាជន​កម្ពុជា​។

​សូមបញ្ជាក់ថា ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​ ៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​ ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​ ២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​ ៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ីវិល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas​។

​ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​ ១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។ ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម