Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលគ្រោងនឹងពង្រីកប្រព័ន្ធ​ឌីជីថលទំនើបនៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស

បានផុស

នៅ

ក្រសួងសុខាភិបាលគ្រោងនឹងពង្រីកប្រព័ន្ធឌីជីថលទំនើបនៅតាមមន្ទីរពេទ្យរដ្ឋនានានៅទូទាំងប្រទេស ដើម្បីផ្តល់សេវាជូនដល់ពលរដ្ឋកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសចុះពិនិត្យអគារកម្ពស់៤ជាន់នៅមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី១​ខែកញ្ញា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមាប្រសាសន៍ថា ការអនុវត្តនូវប្រព័ន្ធឌីជីថលនេះ វាពិតជាមានសារសំខាន់ណាស់សម្រាប់មន្ទីរពេទ្យនីមួយៗ ដោយប្រព័ន្ធនេះអាចជួយគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានសុក្រិត និងច្បាស់
លាស់តាំងពីតូចរហូតដល់ធំ រួមទាំងអាស័យដ្ឋានដើម្បីងាយស្រួលក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។

លោករដ្ឋមន្ត្រីបានបន្តថា ថ្ងៃក្រោយពេលដែលអ្នកជំងឺត្រូវបន្តពិនិត្យសុខភាពឬព្យាបាលជំងឺមិនចាំបាច់កាន់ឯកសារមិនលំបាកប្រាប់ប្រវត្តិជំងឺទៅវេជ្ជបណ្ឌិត និងចំណាយពេលយូរក្នុងការទទូលសេវាព្យាបាលឡើយ គឺមានប័ណ្ណសុខភាពនេះជាការស្រេច។

លើសពីនេះ ការប្រើប្រព័ន្ធនេះទោះបីជាអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងដែលមានភ្ជាប់ប្រព័ន្ធនេះដូចគ្នា ក៏មានភាពងាយស្រួលផងដែរ ព្រោះគ្រាន់តែយកបណ្ណសុខភាពអ្នកជំងឺបញ្ចូលទៅក្នុងកុំព្យួទ័រនឹងដឹងពីប្រវត្តិអ្នកជំងឺមានជំងឺអ្វីធ្លាប់បានប្រើប្រាស់ថ្នាំអ្វីងាយស្រួលដល់គ្រូពេទ្យចេញថ្នាំព្យាបាលឱ្យត្រូវនឹងប្រភេទជំងឺតែម្តង។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងទៀតថា ជាក់ស្តែងដូចជាមន្ទីរពេទ្យកុមារជាតិបានអនុវត្តប្រព័ន្ធឌីជីថលនេះរួចហើយ ដែលផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនាំកូនចៅមកទទួលសេវានៅមន្ទីរពេទ្យមានភាពងាយស្រួលឆាប់រហ័សដោយប្រើប្រាស់បណ្ណសុខភាពដែលមានផ្ទុកទិន្នន័យ និងអសយដ្ឋានរបស់អ្នកជំងឺបានច្បាស់លាស់។

លោករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្ននេះការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ មាននៅតែមន្ទីរពេទ្យរដ្ឋធំនៅរាជធានីភ្នំពេញ
ខេត្តសៀមរាប និងកំពុងរៀបចំនៅតាមបណ្តាខេត្តផ្សេងៗទៀតដូចជាខេត្តកំពតជាដើម។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ទៅថ្ងៃអនាគត យើងនឹងធ្វើប្រព័ន្ធឌិជីថលនេះឱ្យគ្របដណ្តប់នៅទូទាំងប្រទេសតែម្តង និងមានការផ្សារភ្ជាប់ជាមួយក្រសួងមហាផ្ទៃសម្រាប់សេវាសំបុត្រកំណើតកូនដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលថែមទៀត»។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ទោះបីជាមានប្រព័ន្ធឌីជីថលហើយមន្ទីរពេទ្យក៏ត្រូវមានកន្លែងសម្រាកល្អមានគ្រូពេទ្យជំនាញ​ និងមានវិជ្ជាជីវៈនិងប៉ិនប្រសព្វគ្រប់គ្រាន់ព្រមទាំងមានគុណធម៌ដែរទើបធ្វើឱ្យការថែទាំអ្នកជំងឺកាន់តែមានប្រសិទ្ធភាពនិងគុណភាគខ្ពស់»។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដូចជាអគារថ្មីកម្ពស់៤ជាន់របស់មន្ទីរពេទ្យកុមារជាតិដែលទើបសាងសង់រួចថ្មីៗនេះ មានកន្លែងល្អសម្រាប់ប្រជាពើរដ្ឋនាំកូនមកចាក់ថ្នាំបង្ការ១១វ៉ាក់ បង្ការជំងឺកូវីដ១៩ និងសម្រាលកូនជាដើម។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងផងដែរថា អគារមន្ទីរពេទ្យថ្មីកម្ពស់៤ជាន់ ចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់នៅឆ្នាំ២០២២នេះ ដែលពេលនេះកំពុងដាក់ពិនិត្យព្យាបាលអ្នកជំងឺបណ្ដើរៗហើយ ដែលគ្រោងដាក់សម្ពោធនៅពេលឆាប់ខាងមុខនេះ។

លោកសាស្ត្រាចារ្យ បានបន្តថា អគារថ្មីនេះ អាចដាក់អ្នកជំងឺបានជិត១០០គ្រែ ចំណាយថវិកាសរុបជិត៣លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម