Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ចែករំលែកបទពិសោធន៍ដល់ប្រធានាធិបតីអ៊ុយក្រែនថា «គ្មានសង្រ្គាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាម នោះទេ»

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកបទពិសោធន៍ដល់ប្រធានាធិបតីអ៊ុយក្រែន អំពីអ្វីដែលកម្ពុជាបានឆ្លងកាត់ និងការស្វែងយល់របស់សម្ដេចផ្ទាល់ បានបង្ហាញថា គ្មានសង្រ្គាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាម នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចែករំលែកបទពិសោធន៍បែបនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៤ (ម៉ោងនៅកម្ពុជា) បានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីប្រទេសអ៊ុយក្រែន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកានេះ បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមលោកប្រធានាធិបតីអ៊ុយក្រែន បានសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្ដីសម្រេចចិត្ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ និងជំហរជាក់លាក់របស់កម្ពុជា ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន។

សម្ដេចតេជោ ហ៊ុន សែន មានសេចក្ដីសោមនស្សរីករាយ ដែលបានជួបតាមប្រព័ន្ធទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន និងបានសម្ដែងការសោកស្ដាយចំពោះសោកនាដកម្ម ដែលបាននិងកំពុងកើតឡើងនៅអ៊ុយក្រែន។ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងក្ដីបារម្ភចំពោះការវាយប្រហារថ្មីៗ ទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ដែលបណ្ដាលឲ្យមានការបាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនី និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្ដាលឲ្យមានវិបត្តិថាមពល និងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងការស្វែងយល់របស់សម្ដេចផ្ទាល់ បានបង្ហាញថា គ្មានសង្រ្គាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាម នោះទេ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាផ្ដល់សារៈសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធី និងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងខិតខំរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដើម្បីអ៊ុយក្រែនទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍ។

ក្នុងនោះដែរ យោងតាមការបង្ហោះលើបណ្ដាញ Twitter ផ្លូវការរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសរសេរថា លោកបានសម្ដែងការអរគុណដល់សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ សម្រាប់ការគាំទ្រដល់អធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន ក៏ដូចជាការគាំទ្រនៅអង្គការសហប្រជាជាតិ (UN) ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម